អភិបាលរងខេត្តត្បូងឃ្មុំ បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្មី ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
( ត្បូងឃ្មុំ ): មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលខេត្ត បន្តបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងចែកមួកសុវត្តិភាពចំនួន ៥០ ក្នុងគោលបំណងបញ្រ្ជាបចំណេះដឹងដល់សិស្សានុសិស្ស ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាឱ្យមានតំបន់សុវត្ថិភាព នៅជុំវិញបរិវេណសាលារៀន ។
ពិធីផ្សព្វផ្សាយអប់រំនេះធើ្វឡើងនាថ្ងៃ ២២ ខែកញ្ញា ឆ្នាំ ២០២៣ នៅបរិវេណវិទ្យាល័យ ជា ស៊ីម កណ្ដោលជ្រុំ ស្ថិតនៅឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក កេង ប៊ុនណា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។
លោក កេង ប៊ុនណា បានមានប្រសាសន៍ថា យុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអប់រំណែនាំ ដល់សិស្សានុសិស្ស និងអ្នកបើកបរយានយន្តគ្រប់ប្រភេទ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់ រាល់ពេលបើកបរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ។
លោក កេង ប៊ុនណា បន្តថា សិស្សានុសិស្ស ដែលចូលរួមបានឆ្លើយសំណួរយកមួកសុវត្តិភាព នៅក្នុងយុទ្ធនាការនេះ ស្ដីពីកាយល់ដឹងច្បាស់ អំពីច្បាប់ចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃនៅទូទាំងប្រទេស និងការពារកុំឲ្យគ្រោះថ្នាក់ផងដែរ ។
លោកអភិបាលរងខេត្ត បញ្ជាក់ទៀតថា ហើយតាមរយៈចំណេះដឹងបន្ថែមពីយុទ្ធនាការនេះដែរ ប្អូនៗសិស្សានុសិស្សនឹងបន្ថែមការការពារ និងប្រុងប្រយ័ត្ន នៅពេលបើកបរ និងបន្តផ្សព្វផ្សាយដល់អ្នកដទៃទៀត ឲ្យបានយល់ដឹងផងដែរ ។
លោកអភិបាលរងបន្ថែមថា ការពាក់មួកសុវត្ថិភាពមួយ គឺអាចជួយអាយុជីវិតយើងបានម្នាក់ ដូច្នេះសូមកុំបើកបរ ដោយមិនពាក់មួកសុវត្ថិភាពឲ្យសោះ ហើយកន្លងមកអាជ្ញាធរខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ តែងតែចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជូនដល់សហគមន៍ សាលារៀនទូទាំងខេត្តត្បូងឃ្មុំជាច្រើនដងរួចមកហើយ ដូច្នេះពេលនេះយើង នៅតែបន្តទៀត ជាមួយការផ្សព្វផ្សាយច្បាប់ និងចែកមួកសុវត្ថិភាព ។
ក្នុងយុទ្ធនាការនេះផងដែរ បានប្រើប្រាស់សម្ភារៈ និងឯកសារមួយចំនួន ៖ មួកសុវត្ថិភាព៥០មួក, សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក១៨០ក្បាល,សៀវភៅម៉ូតូ អ្វីដែលបើកបរទោចក្រយានយន្តត្រូវដឹង៦០០ក្បាល,ឯកសារជំនួយស្មារតីស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់ផ្សព្វផ្សាយ ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ៦០០សន្លឹក , ផ្ទាំងថ្មើរជើង២០ផ្ទាំង ,ផ្ទាំងសញ្ញាចរាចរណ៍សំខាន់ៗ២០ផ្ទាំង,ស្ទីឃ័រចំណាំផ្លាតចំនួន៦ដុំ,ខិតបណ្ណសុវត្ថិភាពក្នុងការបើកបរយានយន្តចំនួន ៦ ដុំ ៕