ឯកឧត្តម​ អ៊ុន​ ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​

( កំពង់ចាម ):

ឯកឧត្តម​ អ៊ុន​ ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​ ។
ដែលពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី​ ២៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៣​ នៅសាលាខេត្តកំពង់ចាម ។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍សំណេះសំណាលថ្លែងថា វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម នឹងរៀបចំបណ្តុះបណ្តាលយុវជនយើងនៅលើជំនាញចំនួន ៧ និងផ្តល់ការសិក្សាដល់ យុវជនចំនួន ៤២០ នាក់ ។​
ឯកឧត្តម អភិបាលខេត្ត បានថ្លែងបន្តទៀតថា​ នយោបាយបញ្ចកោណ នៃអណត្តិទី ៧ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បានដាក់ចេញនូវកម្មវិធីបណ្តុះប ណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស សំដៅធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានជីវភាពល្អប្រសើរឡើង ដោយរក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងចាកផុតពីបន្ទាត់នៃភាពក្រីក្រ​ ។
ឯកឧត្តមបញ្ជាក់ទៀតថា ដូច្នេះ តាមរយៈ​កម្មវិធី​នេះ​ខេត្តកំពង់ចាម ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្ត ដោយមិនបង់ថ្លៃសិក្សា ព្រមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភ ប្រចាំខែ ២៨ ម៉ឺនរៀល​ ហើយក្រោយពីបញ្ចប់ការសិក្សា យុវជនយើងនឹងទទួលបានចំណេះ និងជំនាញមួយពិតប្រាកដ ដើម្បីប្រកបរបបចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូលក្នុងគ្រួសារ បញ្ចៀសបាន​នូវ​ការធ្វើចំណាកស្រុក​ដោយ​ខុសច្បាប់​ផងដែរ​ ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង