ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសកាត់ឫសីម៉ាព្រះវិហា និងមិទ្ធផលនានា នៅវត្តក្រពុំឈូក ហៅវត្តអន្លង់លិញ តម្លៃជិត ១ លានដុល្លា ស្ថិតនៅឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

( ត្បូងឃ្មុំ ):ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តក្រពុំឈូក ហៅវត្តអន្លង់លិញ ស្ថិតនៅឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ។

ពិធីនេះមានការអញ្ជើញ/និមិន្តចូលរួមដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រះថេរានុត្ថេរៈជាច្រើនព្រះអង្គ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តត្បូងឃ្មុំ មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ១,២០០នាក់ ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងបានធ្វើរបាយការណ៍នៃការកសាងវត្តក្រពុំឈូកថា វត្តនេះបានចាប់ផ្តើមកសាងឡើងតាំងពីឆ្នាំ ១៨៣០ ពោលគឺមានអាយុកាលប្រមាណ១៩៤ឆ្នាំហើយ ។
ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ក្នុងអំឡុងឆ្នាំ១៩៧០-១៩៧៥ (ក្នុងរបបសាធារណរដ្ឋខ្មែរ) ទីបរិវេណវត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញដោយការទម្លាក់គ្រាប់បេ ៥២ ។ ក្នុងនោះ ព្រះវិហារដែលត្រូវបានរៀបចំបញ្ចុះសីមានាពេលនេះមានទំហំ ៥៤ ម៉ែត្រ គុណនឹង ៦៥ម៉ែត្រ និងមានកម្ពស់ ៣៣ម៉ែត្រ, រោងព្រះយមរាជ, ប្រាសាទព្រះនាងក្រពុំឈូក, ដងទង់, និងសមិទ្ធផលនានា ដោយបានចំណាយទឹកប្រាក់សរុបចំនួន៩៧៤.៧៦៨.២៥ដុល្លារអាមេរិក ។ ថវិកាសាងសង់ទាំងនេះ កើតចេញពីសទ្ធាដ៏ជ្រះថ្លារបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី, អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ប៊ុន សាមលេន និងមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ គីម ទូច, មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ម៉ាង សៅ និងក្រុមគ្រួសារ, លោក ត្រាយ ប៉េងសេង និងលោកស្រី រួមនឹងសប្បុរសជនដែលជាពុទ្ធសាសនិក ព្រមទាំងពុទ្ធបរិស័ទ ចំណុះជើងវត្តទាំងជិត ទាំងឆ្ងាយ។ បច្ចុប្បន្នព្រះគ្រូចៅអធិការព្រះនាម អប្បិច្ឆោរ កាំងហួរ ។
ថ្លែងក្នុងអង្គពិធីឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនប្រជាពលរដ្ឋ ។
ឯកឧត្តម បានបន្តថា សមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីជំនឿដ៏មុតមាំរបស់ពុទ្ធ សាសនិកយើង និងការប្ដេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំប្រឹងប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។
ជាមួយគ្នានោះ ឯកឧត្តម បានបន្ថែមថា ទីវត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់គោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសិក្សារៀនសូត្រ ព្រះធម៌ វិន័យ និងផ្សព្វផ្សាយ អប់រំកាយ វាចាចិត្តដល់ប្រជាពលរដ្ឋគ្រប់ៗរូបតាមគន្លងព្រះពុទ្ធសាសនា ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុមក្នុងគ្រួសារ និងសង្គមជាតិ ថែមទៀតផង ។
ម្យ៉ាងទៀត សមិទ្ធផលដែលយើងទទួលបាននាពេលនេះ បានប្រសូតចេញឡើងតាមរយៈគុណតម្លៃនៃសន្តិភាព ។ គុណតម្លៃនៃសុខសន្តិភាព ជាកាលានុវត្តន៍ភាពដ៏អស្ចារ្យដែលគាំទ្រដល់ដំណើរអភិវឌ្ឍឥតឈប់ឈរ និងសម្រេចបាននូវដំណើរការកែទម្រង់ស៊ីជម្រៅលើវិស័យអាទិភាពនានា ប្រកបដោយប្រសិទ្ធភាព ហើយរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមសេដ្ឋកិច្ច ក្រោមការដឹកនាំ និងការគិតគូរជាយុទ្ធសាស្ត្រដ៏មានថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងន័យនេះ ការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងការបន្តជឿជាក់លើសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការបន្តបេសកកម្មពីសម្តេចអគ្គមហាសេនាបតីតេជោ គឺជាការគាំទ្រ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និងការគិតគូរពីអនាគតវែងឆ្ងាយពីអនាគតយុវជនជំនាន់ក្រោយទាំងអស់គ្នា ក៏ដូចជាចូលរួមដឹកនាំនាវាកម្ពុជាឆ្ពោះទៅការកាន់អភិវឌ្ឍ និងភាពសម្បូរសប្បាយរបស់ប្រជាជនកម្ពុជាគ្រប់ៗរូបសម្រាប់ទាំងពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង