ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមអបអរសាទរដោយមោទនភាពបំផុតចំពោះសមិទ្ធផល៦ខែនៃរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

 

ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមអបអរសាទរដោយមោទនភាពបំផុតចំពោះសមិទ្ធផល៦ខែនៃរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត
…………..
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះគឺជាខួបគម្រប់៦ខែគត់របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។  ៦ខែនៃអាណត្តិ៥ឆ្នាំរបស់ខ្លួនគឺជារយៈពេលខ្លីណាស់ដែលត្រូវនិយាយពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ជាពិសេសសម្រាប់រាជរដ្ឋាភិបាលថ្មីដែលទើបចាប់ផ្តើមដំណើរការដូចជារាជរដ្ឋាភិបាលកម្ពុជានាពេលនេះ ។

ប៉ុន្តែ ពេលវេលាមិនមែនជាកត្តាកំណត់ដាច់ខាតសម្រាប់វាស់វែងពីសមិទ្ធផលឡើយ ។ ការដាក់ចេញគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវ សមត្ថភាពធនធានមនុស្ស និងឆន្ទៈការងារ អាចធ្វើឱ្យសម្រេចលទ្ធផលលើសពីការរំពឹងទុកធៀបនឹងពេលវេលា ។ ជាក់ស្តែង ភាពស្វាហាប់ សកម្មក្លៀវក្លា របស់រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេល ៦ខែនេះ បានសម្រេចលទ្ធផលហួសពីការស្មាននិងធ្វើឱ្យមហាជនទូទៅចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានផ្តល់ការទុកចិត្តយ៉ាងឆាប់រហ័ស ។

លក្ខណៈពិសេសរបស់រាជរដ្ឋាភិបាលបន្តវេនគណបក្សប្រជាជនកម្ពុជាគឺ៖ មេដឹកនាំវ័យក្មេងតែសមត្ថភាពចាស់ទុំ ក្រុមការងារថ្មីតែមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំហើយដើរទៅមុខស្រុះគ្នាតាមការចង្អុលបង្ហាញប្រកបដោយភាពប្រាកដប្រជារបស់មេដឹកនាំ ផែនការដែលដាក់ចេញត្រូវតែមានលទ្ធផល ប្រើសមត្ថភាពឱ្យអស់សក្តានុពលដើម្បីចំណេញពេលវេលា ។ នេះជាហេតុផលដែលរាជរដ្ឋាភិបាលប្រើពេលតិចតែសម្រេចបានការងារច្រើន និងអាចចាត់ទុកជាចំណុចខ្លាំងរបស់រាជរដ្ឋាភិបាលបន្តវេន ។

ទោះយ៉ាងណា ការងារមិនអាចទៅមុខបានលឿនឡើយប្រសិនបើគ្មានគ្រឹះដ៏រឹងមាំដែលក្រាលដោយរៀមច្បងជំនាន់មុន និងគំរូដ៏ល្អដែលអ្នកជំនាន់ក្រោយបានរៀនសូត្រនិងដើរតាម ។

ត្រឹមតែ៦ខែប៉ុណ្ណោះ ភាពមន្ទិលសង្ស័យទៅលើសមត្ថភាពដឹកនាំរបស់ក្រុមអ្នកបន្តវេនបានរសាត់បាត់យ៉ាងឆាប់រហ័ស ។ ទាំងរៀមច្បងក្នុងបក្ស ទាំងប្រជាពលរដ្ឋម្ចាស់ឆ្នោតមានទំនុកចិត្តពេញលេញចំពោះរាជរដ្ឋាភិបាល ។ នេះជាចំណុចគួរឱ្យសាទរប្រកបដោយមោទនភាព ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង