ករណីចាក់ថ្មរំលោភយកទន្លេ បច្ចុប្បន្នម្ចាស់ដីកាយថ្មចេញវិញបាន ៧០%ហើយ
( កំពង់ចាម ): ករណីចាក់ថ្មរំលោភយកទន្លេ បច្ចុប្បន្នម្ចាស់ដីកាយថ្មចេញវិញបាន ៧០% ដោយម្ចាស់ដីប្តេជ្ញាកាយឲ្យរួចរាល់ក្នុងរយៈពេល ១០ ថ្ងៃទៀត នេះបើតាមការឲ្យដឹងពីអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម គឺឯកឧត្តម អ៊ុន ចាន់ដា ដែលបានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យដោយផ្ទាល់ នូវវឌ្ឍនភាព នៃការកាយយកថ្មចេញពីទន្លេវិញ ស្ថិតនៅចំណុចដីកើតហេតុ ក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ នាព្រឹកថ្ងៃសៅរ៍ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៤ នេះ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ម្ចាស់ដីដែលចាក់ថ្មរំលោភយកទន្លេ ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ បច្ចុប្បន្នបាន និងកំពុងអនុវត្តនូវវិធានការរបស់រដ្ឋបាលខេត្ត ដោយធ្វើការកាយយកថ្មចេញពីផ្ទៃទន្លេ បានលទ្ធផល ៧០% ហើយៗបច្ចុម្ចាស់ដីកំពុងបន្តការយកថ្មចេញឲ្យបានរួចរាល់ ១០០% នៅក្នុងរយៈពេល ១០ ថ្ងៃទៀត ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ជាមួយនឹងការចុះពិនិត្យដោយផ្ទាល់នេះ លោកបានណែនាំដល់មន្ត្រីនៃមន្ទីរធនធានទឹក សហការការងារជាមួយនឹងក្រុមការងារប្រមូលថ្មចេញ ដោយត្រូវដាក់ពូងកំណត់ព្រំប្រទល់ និងការកំណត់ជម្រៅទឹក និងឈានដល់ការតាមដានអង្កេត និងការចូលរួមសហការពេលក្រុមជំនាញពាក់ព័ន្ធ មានទាំងខាងមន្ត្រីមន្ទីរធនធានទឹក និងមន្ត្រីមន្ទីរសាធារណការ ក៏ដូចជាមន្ទីរបរិស្ថានជាដើម ដើម្បីធ្វើកិច្ចការនេះឲ្យប្រាកដថា ថ្មត្រូវបានយកចេញអស់ពីទឹកទន្លេនោះ ។
ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះ សូមបញ្ជាក់ជូនសាធារណៈជនដែលបានតែងតែគាំទ្រ នូវចំណាត់ការរបស់រដ្ឋបាលខេត្តកំពង់ចាម និងបានផ្ដល់នូវយោបល់មករដ្ឋបាលខេត្ត អញ្ចឹងអ្វីដែលយើងបានឃើញនៅទីនេះ គឺអាជ្ញាធរខេត្តបានរួមគ្នាដោះស្រាយ ធ្វើយ៉ាងណាឱ្យភូមិ ឃុំ ស្រុក ខេត្តរបស់យើងនេះ ទទួលបាននូវការរស់នៅ ប្រកបដោយសុខដុមរមនា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ជាផ្នែកមួយដែលនាំមកនូវការអភិវឌ្ឍន៍ និងការរីកចម្រើនដល់ប្រជាពលរដ្ឋរបស់យើង ៕ សុខ ផន