អភិបាលខេត្តត្បូងឃ្មុំ ដាក់ចេញវិធានការ ៧ ចំនុច ដើម្បីបង្ការទប់ស្កាត់ បង្ក្រាប បទល្មើសខុសច្បាប់នានា ពិសេសការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
( ត្បូងឃ្មុំ ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ។
ឯកឧត្តមបណ្ឌិតបានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អាណត្តិទី ៧ បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និង រក្សាចីរភាព ។
ឯកឧត្តមបនហតថា តាមរយៈយុទ្ធសាស្រ្តនេះ ជ្រុងមួយ បានផ្តោតសំខាន់លើការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» សម្រាប់ រដ្ឋបាលក្រុង/ស្រុក អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវខិតខំអនុវត្តប្រកបដោយទំនួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តមបណ្ឌិតបានជំរុញឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ បន្តពង្រឹងស្មារតីម្ចាស់ការ ខំប្រឹងប្រែងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវកិច្ចការសំខាន់ៗ ដោយដាក់ចេញនូវ វិធានការ ៧ ចំនុច រួមមាន
ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ គា្មនអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព ។
ឯកឧត្តមបណ្ឌិត ក៏បានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ និងអាជ្ញាធរទាំង ៧ ក្រុងស្រុក ត្រូវសហការគ្នា បន្តបង្រ្កាបនូវបញ្ហាបទល្មើសគ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសបន្តចុះបង្រ្កាបបទល្មើសទន្រ្ទានដីព្រៃលិចទឹក ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀន ដោយមិនត្រូវឱ្យកើតមាននៅតាមភូមិឃុំ ឬភូមិសាស្រ្ដណាមួយឡើយ ដាច់ខាតត្រូវតែបង្រ្កាបឱ្យបាន ៕ សុខ ផន