អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបិទសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅបន្ត
( ត្បូងឃ្មុំ ):
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបិទសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៣-២០២៤ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤ ។
លោក អុិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានធ្វើរបាយការណ៍ពាក់ព័ន្ធវិស័យអប់រំ និងកីឡានៅក្នុងខត្ត សម្រាប់ឆ្នាំ ២០២៣ កន្លងទៅ ទទួលបានលទ្ធផលផ្លែផ្កាយ៉ាងល្អប្រសើរ រីកចម្រើនបោះជំហ៊ានឈានទៅមុខថែមមួយកម្រិតទៀត ក៏ដូចជាបង្ហាញពីផែនការ និងយុទ្ធសាស្ត្រសម្រាប់ឆ្នាំសិក្សាថ្មីនេះផងដែរ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អាណត្តិទី ៧ បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និង រក្សាចីរភាព ។
ឯកឧត្តមបណ្ឌិតបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ក្នុងនោះ លោកគ្រូ អ្នកគ្រូ ត្រូវបានតម្លើងប្រាក់បៀរវត្សបានកាន់តែខ្ពស់ ជាពិសេសក្នុងឆ្នាំ ២០២៤ នេះ សម្តេចធិបតី បានធ្វើការបន្តតម្លើងប្រាក់បៀរវត្ស កាំប្រាក់ទៅតាមក្របខណ្ឌ ក ខ និង គ បន្ថែមទៀត ដល់លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការទូទាំងប្រទេស ។
ឯកឧត្តមបណ្ឌិតបានធ្វើការស្នើសុំ ព្រមទាំងជំរុញឲ្យលោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធៈ ជួយចូលរួម កុំឲ្យសិស្សបោះបង់ចោលការសិក្សា, ជំរុញសិស្សចាប់លេងកីឡា ១ ប្រភេទ ឬច្រើនប្រភេទ ដើម្បីសុខភាព ជាសឆ្ងាយពីគ្រឿងញៀន និងជាធនធានសម្រាប់វិស័យកីឡាកម្ពុជា ក៏ដូចជាបណ្តុះគំនិតក្មួយៗសិស្សានុសិស្ស ឲ្យចេះស្រលាញ់ និងថែរក្សាបរិស្ថាន ពិសេសសម្អាតសម្រាមទាំងក្នុងសាលារៀន តាមដងផ្លូវនៅក្បែរសាលា ក៏ដូចជាក្នុងសហគមន៍កំពុងរស់នៅ ៕ សុខ ផន