អភិបាលខេត្តត្បូងឃ្មុំថ្លែងថា កម្ពុជាកំពុងបន្តអភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ក្រោមការដឹកនាំពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត

(ត្បូងឃ្មុំ): លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះបឋមសិលាសាងសង់ ឧបដ្ឋានសាលាថ្មី ស្ថិតនៅភូមិរូង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកមេមត់ សិស្សានុសិស្ស យុវជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើកុះករ ។

នាឱកាសនោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងប្រាប់លោកតាលោកយាយឲ្យដឹងថា កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ដែលយើងទទួលបានសព្វថ្ងៃនេះ ប្រសូត្រចេញក្រោមការដឹកនាំពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តអភិវឌ្ឍន៍ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាពិសេសនឹងឈានឆ្ពោះទៅកាន់ប្រទេសអ្នកមាន តាមការគ្រោងទុក នៅឆ្នាំ២០៥០ខាងមុខនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃបន្តពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាណត្តិថ្មីនេះ ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា កត្តាសុខសន្តិភាព អភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រ និងអណាចក្រនេះហើយ ដែលនាំឲ្យកម្ពុជាមានការរីកចម្រើន និងបន្តអភិវឌ្ឍន៍ ជាក់ស្តែងសមិទ្ធិផលជាច្រើនបានក៏សាងឡើង និងបន្តកសាងក្នុងទីអារាមវត្តសិបណយារាម (ហៅវត្តចំបក់) ដូច្នេះយើងទាំងអស់គ្នា ត្រូវរក្សាសន្តិភាពនេះឲ្យបានគង់វង្ស ។

ជាមួយគ្នានោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏មិនភ្លេចរំលឹកជាថ្មីពាក់ព័ន្ធពាក់ព័ន្ធករណី ល្បែងសុីសងខុសច្បាប់ ល្បែងជល់មាន់ ក្មេងទំនើង បទល្មើសនានា ជាពិសេសបញ្ហាគ្រឿងញៀន ដាច់ខាតបង្ក្រាបឲ្យខានតែបាន ។

 

លោកបណ្ឌិត អភិបាលខេត្ត សង្កត់ធ្ងន់ថា បទល្មើសខាងលើទាំងនេះគឺបង្កអសន្តិសុខ និងប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សាធារណៈ បើសិននៅបន្តមាន ក្នុងមូលដ្ឋានស្រុកមេមត់នោះ អភិបាលស្រុក អធិការនគរបាលស្រុក មេបញ្ជាការអាវុធហត្ថស្រុក មេឃុំ មេភូមិ មេប៉ុស្តិ៍នគរបាល អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវទទួលខុសត្រូវ តាមឋានានុក្រម ដល់ពេលត្រូវវះកាត់ គ្មានការលើកលែងទៀតនោះឡើយ ។

ដោយសទ្ធាជ្រះថ្លា ក្នុងវិស័យពុទ្ធសាសនា មិនខុសពីដូចសព្វរាល់ដង នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានប្រគេនថវិកាជូនវត្តសិបណយារាម ចំនួន១០លានរៀល ព្រមទាំងចែកជូនថវិកាអ្នកចូលរួម និងចំណាយកម្មវិធីទាំងមូល អស់ថវិកាសរុបប្រមាណ ២៦លានរៀល ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង