រដ្ឋបាលខេត្តត្បូងឃ្មុំ សូត្រមន្ត ក្រុងពាលីបួងសួងសុំសេចក្តីសុខ និងសំណេះសំណាលជាមួយជាមួយមន្ត្រីសាលាខេត្ត និងចែកថវិការ ប្រេងសាំង ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

( ត្បូងឃ្មុំ ): រដ្ឋបាលខេត្តត្បូងឃ្មុំ បានបហរារពពិធីសូត្រមន្ត ក្រុងពាលីបួងសួងសុំសេចក្តីសុខ និងសំណេះសំណាលជាមួយមន្ត្រីសាលាខេត្ត និងចែកថវិការ ប្រេងសាំង ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងនេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៤ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងមន្ត្រីសាលាខេត្តទាំងអស់ បានបួងសួងដល់វត្ថុស័ក្តិសិទ្ធនៅលើលោកនេះ និងទេវតាឆ្នាំថ្មីដែលនឹងមកគ្រប់គ្រងភពផែនដីបន្ដពីទេវតាឆ្នាំចាស់ សូមប្រោះព្រំសព្វសាធុការពរជ័យសិរីមង្គលបវរមហាប្រសើរជូនដល់ថ្នាក់
ដឹកនាំ មន្រ្តីរាជការទាំងអស់បានទទួលនូវសុខភាពល្អ សេចក្ដីសុខចម្រើន ជោគជ័យរាល់ការបំពេញភារកិច្ចក្នុងឆ្នាំថ្មីនេះ ។
ពិធីសាសនានេះ ជាការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ និងបង្ហាញពីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ស្របពេលប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមម្លប់នៃសន្ដិភាព ដែលរក្សាបាននូវខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គមដ៏ល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យនៃប្រជាជាតិកម្ពុជាទាំងមូល ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវប្រជាពលរដ្ឋទូទៅទាំងអស់ ខេត្តត្បូងឃ្មុំនឹងរៀបចំកម្មវិធី «សង្រ្គាន្តត្បូងឃ្មុំ» រយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ដូចឆ្នាំមុនៗដែរ នៅបរិវេណរង្វង់មូលមុខសាលាខេត្ត សម្រាប់ជូនប្រជាពលរដ្ឋ និងទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ បានមកចូលរួមលេងកម្សាន្ត សប្បាយរីករាយឲ្យបានច្រើន ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងនៅខេត្តត្បូងឃ្មុំនេះផងដែរ ៕ សុខ ផន

 

អត្ថបទដែលជាប់ទាក់ទង