ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤

( ត្បូងឃ្មុំ ): ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយទិសដៅការបន្តឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៤ ។

លោកឧត្តមសេនីយ៍ត្រី ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានផ្តល់នូវអនុសាសន៍ដោយសង្ខេបថា បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ បន្តពង្រឹងការអនុវត្តការងារនគរបាល និងសហគមន៍ ឱ្យកាន់តែល្អប្រសើរ បន្ត​ពង្រឹងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹង និងសារធាតុញៀន ចំពោះអ្នកបើកបរ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លុបបំបាត់ក្មេងទំនើង បញ្ហាគ្រឿងញៀន នៅមូលដ្ឋាន យកចិត្តទុកដាក់ថែទាំ សម្ភារ ឧបករណ៍ ធ្វើសមយុទ្ធ ការពន្លត់អគ្គីភ័យ និងបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ បន្តការបម្រើសេវាតម្រូវការ សេវាចាំបាច់ និងបង្ខិតសេវា អោយកៀកនឹងប្រជាពលរដ្ឋ ថែបំប៉នជីវភាព សុខភាព ក្នុងជួរកងកម្លាំងនគរបាល ពង្រឹងការគ្រប់គ្រងមន្ត្រីនគរបាល វិន័យនគរបាលជាតិ និងបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ។
ក្នុងពិធីខាងលើមានការប្រគល់ជូននូវ វិញ្ញាបនបត្របញ្ជាក់នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ប័ណ្ណសរសើរ លិខិតសរសើរ របស់ក្រសួងមហាផ្ទៃ និងលិខិតសរសើរ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ផងដែរ ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង