អាជ្ញាធរខេត្តត្បូងឃ្មុំ និងស្ថាប័នពាក់ព័ន្ធ ចុះផ្សព្វផ្សាយ ចែកមួកសុវត្ថិជាង ១០០ សៀវភៅច្បាប់ចរាចរណ៍ និងខិតប័ណ្ណរាប់ពាន់សន្លឹក ជូនពលរដ្ឋ បន្តពញាក់ស្មារតីអ្នកធ្វើដំណើរ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ

( ត្បូងឃ្មុំ ):

អាជ្ញាធរខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត សហការជាមួយមន្ទី-អង្គភាពពាក់ព័ន្ធ បន្តចុះផ្សព្វផ្សាយកម្មវិធីយល់ដឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចែកមួកសុវត្ថិជាង ១០០ សៀវភៅច្បាប់ចរាចរណ៍ និងខិតប័ណ្ណរាប់ពាន់សន្លឹក ជូនពលរដ្ឋជាអ្នកដំណើរ ស្ថិតនៅក្បែររង្វង់មូលស្តេចកន ផ្លូវចូលបុរីរដ្ឋបាល ទីរួមខេត្តត្បូងឃ្មុំ នាថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ ។
សកម្មភាពនេះក្រោមកិច្ចសហការដោយសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ ធ្វើឡើងក្នុងគោលបំណង ដើម្បីក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នក្នុងការបើកបរក្នុងឱកាសឈប់សម្រាកប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ ឱ្យជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ ។
លោក ហុក ពេជ្រហោះ អភិបាលរងខេត្ត បានថ្លែងសារជូនបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ ពេលធ្វើដំណើរដោយរថយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ដោយម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពជាប្រចាំ ដើម្បីការពារគ្រោះចរាចរណ៍ជាយថាហេតុ ព្រោះថាមួកសុវត្ថិភាពមួយអាចជួយការពារជីវិតបានម្នាក់ ។
បន្ថែមពីនេះលោក ហុក ពេជ្រហោះ  បានធ្វើការអំពាវនាវ ក្រើនរំលឹក និងសំណូមដោយទទូច សូមឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវទាំងអស់ គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន និងយល់អធ្យាស្រ័យខ្ពស់ ដើម្បីសុខសុវត្ថិភាព ការពារអាយុជីវិតខ្លួន និងអ្នកដ៏ទៃ ស្របតាមទិសស្លោក «ថ្ងៃនេះ ថ្ងៃស្អែក សូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» ។
សូមជម្រាបថា: ក្នុងការផ្សព្វផ្សាយការយល់ដឹងសុវត្ថិភាពចរាចរណ៍នេះ លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីសំណួរ-ចម្លើយ ដើម្បីផ្តល់រង្វាន់ជូន ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឆ្លើយបានត្រឹមត្រូវ។ ក្នុងនោះបានចែកជូន: មួកសុវត្ថិភាពចំនួន ១២៥ មួក ផ្ទាំងសញ្ញាសិទ្ធិអាទិភាព ចំនួន ៥៤ ផ្ទាំង ផ្ទាំងថ្មើរជើង ចំនួន ៥៤ ផ្ទាំង ផ្ទាំងកាត់ទ្រុងរថយន្ត ចំនួន ៤៣ ផ្ទាំង ផ្ទាំងសញ្ញាចរាចរណ៍ ចំនួន ៥៤ ផ្ទាំង ស្ទីកឃ័រ “ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ចំនួន ១០ ផ្ទាំង សៀវភៅដែលអ្នកជិះម៉ូតូ គួរយល់ដឹង ចំនួន ៦០០ ក្បាល សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ៧២០ ក្បាល ស្ទីកឃ័រចំណាំងផ្លាត ចំនួន ១.៤៣០ សន្លឹក បង្គោលកោណចំនួន ចំនួន ៥០ បង្គោល ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង