ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញសិតព្រះពុទ្ធបដិមាស្ពាន់និងមាស កម្ពស់ ២.១ ម៉ែត្រ និងសម្ពោធឆ្លងសាលាពុទ្ធិកបឋមសិក្សា ១ ខ្នង នៅវត្តតេជះសុវណ្ណភូមិ
(ត្បូងឃ្មុំ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យសិតព្រះពុទ្ធបដិមាស្ពាន់ មាសគ្រោងចំណាយថវិការអស់ ៣ ម៉ឺនដុល្លា ដែលជាទឹកចិត្តសិទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទទាំងអស់ ព្រមនិងឯកឧត្តម លោកជំទាវ ដែលជាសាសនិកជន ជាអ្នកគោរពស្រឡាញ់ព្រះពុទ្ធសាសនាទាំងអស់ និងសម្ពោធឆ្លងសាលាពុទ្ធិកបឋមសិក្សា ១ ខ្នង នៅវត្តតេជះសុវណ្ណភូមិ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ នាថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៤ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍លើកឡើងថា ការអប់រំគឺជាថ្នាលបណ្តុះនៅធនធានមនុស្ស ដែលបម្រើឱ្យសង្គមជាតិរបស់យើងនាពេលអនាគត ហើយក្នុងន័យនេះការកសាងសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធសាលារៀននេះគឺត្រូវតែមានការលើកកម្ពស់ឱ្យមានការបង្កើតឡើងគ្រប់ទីកន្លែងដើម្បីធ្វើឱ្យ សមណសិស្ស ក៏ដូចជាសិស្សានុសិស្ស បានធ្វើការសិក្សារៀនសូត្រពេញលេញ ។
ឯកឧត្តមបន្តថា ជាក់ស្តែងសាលាពុទ្ធិកបឋមសិក្សា បានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺនឹងក្លាយជាទីដ៏មានប្រយោជន៍សម្រាប់បម្រើទាំងវិស័យ សាសនា និងវិស័យអប់រំ ក្នុងខេត្តត្បូងឃ្មុំ ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ដោយសទ្ធាជ្រះថ្លា បានចូលរួមប្រគេនដែក ៤ តោន សម្ភារៈនានា និងបច្ច័យមួយចំនួនផងដែរ ខណៈកន្លងមក ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានចូលរួមជួយកសាងសមិទ្ធិផលនានា ក្នុងទីអារាមនេះផងដែរ ៕ សុខ ផន