ឧបនាយករដ្ឋមន្ត្រី ស សុខា ប្រាប់អភិបាលខេត្តត្បូងឃ្មុំ ឱ្យទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនឆ្លងកាត់ព្រំដែន
( ត្បូងឃ្មុំ): ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឌបនាយកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យឯកឧត្តម ប៉ែន កុសល្យ ដែលទើបប្រកាសចូលកាន់តំណែងជាអភិបាលខេត្តត្បូងឃ្មុំថ្មី ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបរាល់ការចរាចរណ៍គ្រឿងញៀនខុសច្បាប់ ឆ្លងកាត់ព្រំដែនកម្ពុជា ។
ឯកឧត្តមឌបនាយកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បែបនេះនៅក្នុងសាលប្រជុំ ធំ សាលាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ ក្នុងពិធីប្រកាស់តែងតាំងឯកឧត្តម ប៉ែន កុសល្យ ជាអភិបាលខេត្តត្បូងឃ្មុំថ្មី ជំនួសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដែលត្រូវផ្លាស់ផ្ដូរទៅកាន់ជាអភិបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃទី ៣ ខែកក្ដដា ឆ្នាំ ២០២៤ ថ្មីៗនេះ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយអភិបាលខេត្តថ្មី ត្រូវយកចិត្តទុកដាក់ដឹកនាំការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាពិសេស ការចរាចរណ៍ឆ្លងកាត់ព្រំដែន ពង្រឹងការធានាសុវត្ថិភាពម្ហូបអាហារ និងឱសថ ពិសេសជាងនេះទៀត ការអប់រំ និងបញ្ចៀសកុំឱ្យកុមារតូចហូបអាហារផ្អែមច្រើនលើសកម្រិត ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យរដ្ឋបាលខេត្ត ពិនិត្យលទ្ធភាពឈានទៅកាត់បន្ថយ និងបញ្ចប់ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងនៅតាមទីសាធារណៈ ការពង្រឹងគុណភាពសេវាផ្សេងៗ រួមទាំងសេវាអត្តសញ្ញាណកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យបានល្អជាមួយអាជ្ញាធរជាប់ព្រំដែន ។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបង្ហាញក្ដីសង្ឃឹមថា លោក ប៉ែន កុសល នឹងប្រើប្រាស់សមត្ថភាព បទពិសោធន៍ ក្នុងការដឹកនាំ គ្រប់គ្រងកិច្ចការរដ្ឋបាល ការអភិវឌ្ឍសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីរួមគ្នាបន្តអភិវឌ្ឍសមិទ្ធផល ជាស្នាដៃថ្មីៗបន្ថែមទៀត និងស្នើភាគីពាក់ព័ន្ធក្នុងខេត្តផ្តល់ការគាំទ្រ និងចូលរួម ដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ ២០៥០ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ។
ប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្ដល់គោលការណ៍ណែនាំសំខាន់ៗមួយចំនួនទៀត ទៅកាន់អភិបាលខេត្តថ្មីរូបនេះ ជាអាទិ៍ ការបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការគ្រប់គ្រង និងអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែន ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងនោះ ត្រូវបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន និងការដោះស្រាយជម្លោះដីធ្លី ការទប់ស្កាត់រាល់បទល្មើសរំលោភកាន់កាប់ដីរដ្ឋ ព្រៃឈើ និងការបំផ្លិចបំផ្លាញសម្បត្តិធម្មជាតិ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការដឹកនាំ គ្រប់គ្រង និងរបៀបរបបបំពេញការងារ ៕ អ៊ូ កែវពិសិដ្ឋ