ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសដំឡើងពន្ធភ្លាមៗលើប្រទេសណាមួយ រកស៊ីជាមួយអ៊ីរ៉ង់
ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសដំឡើងពន្ធភ្លាមៗលើប្រទេសណាមួយ រកស៊ីជាមួយអ៊ីរ៉ង់

រដ្ឋធានីតេអ៊ីរ៉ង់៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានប្រកាសដំឡើងពន្ធភ្លាមៗ រហូតដល់២៥ភាគរយ លើប្រទេសណាមួយ ដែលធ្វើពាណិជ្ជកម្ម ជាមួយនឹងអ៊ីរ៉ង់ ចំពេលមានការបង្ក្រាបយ៉ាងហិង្សារបស់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ លើរលកតវ៉ា។ នេះបើតាមបណ្ដាញទូរទស្សន៍របស់សិង្ហបុរី Channel News Asia (ឆែនណេល ញូស អាស៊ា) បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ នៅលើបណ្ដាញសង្គម Truth Social ថា៖«គាត់បានប្រកាសដំឡើងពន្ធចូលជាធរមានភ្លាមៗ សម្រាប់ប្រទេសណាដែលរកស៊ី ឬធ្វើពាណិជ្ជកម្ម ជាមួយសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ហើយពួកគេនឹងត្រូវបង់ពន្ធ ២៥ភាគរយ លើអាជីវកម្មណាមួយ ឬទាំងអស់ដែលកំពុងតែធ្វើជាមួយសហរដ្ឋអាមេរិក។ បទបញ្ជារបស់គាត់ បានសម្រេចរួចហើយ»។

ដោយឡែក ក្រុមសិទ្ធិមនុស្ស បានបញ្ជាក់ កាលពីថ្ងៃចន្ទ ទី១២ ខែមករា ថា ការបង្រ្កាបដោយហិង្សាលើរលកតវ៉ា នៅក្នុងប្រទេសអ៊ីរ៉ង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ចំនួន៦៤៨នាក់។ ទន្ទឹមគ្នានេះដែរ អាជ្ញាធរអ៊ីរ៉ង់ បានស្វែងរកការគ្រប់គ្រងឡើងវិញនូវផ្លូវ ជាមួយនឹងការប្រមូលផ្តុំ នៅទូទាំងប្រទេស។
ការអំពាវនាវរបស់រដ្ឋាភិបាល សម្រាប់ការប្រមូលផ្តុំគ្នា គាំទ្រសាធារណរដ្ឋអ៊ិស្លាម បានទាក់ទាញមនុស្សរាប់ពាន់នាក់ កាលពីថ្ងៃចន្ទ ខណៈមេដឹកនាំកំពូល លោក អាយ៉ាតូលឡោះ អាលី ខាមេណេ (Ayatollah Ali Khamenei) បានសាទរ ដែលជាភស្តុតាងនៅត្រង់ ថា អាជ្ញាធរអ៊ីរ៉ង់ បានទុកចាត់ទុករលកបាតុកម្មនេះ ជាការជ្រៀតជ្រែកមកពីបរទេស ហើយសកម្មភាពរបស់ពួកគេត្រូវបរាជ័យ៕