ប្រជាជាតិខ្មែរ ឆ្លងកាត់ប្រវត្ដិសាស្រ្ដដ៏ជូរចត់ ក្នុងរយៈពេល៨០០ឆ្នាំចុងក្រោយ
រាជធានីភ្នំពេញ៖ ប្រជាជាតិខ្មែរជាជាតិសាសន៍មួយដ៏ខ្លាំងក្លាបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ហើយបុព្វបុរស និង ដូនតាខ្មែរ បានកសាងទឹកដី រហូតក្លាយជាចក្រភពខ្មែរ ដែលលាតសន្ធឹងដ៏ធំល្វឹងល្វើយ ប៉ុន្ដែជាអកុសល ដោយសារការបែកបាក់គ្នាផ្ទៃក្នុង ទើបធ្វើឲ្យប្រជាជាតិដ៏ខ្លាំងក្លាមួយនេះ បានបាត់បង់ទឹកដីជាបន្ដបន្ទាប់ដ៏គួរឲ្យឈឺចាប់បំផុត ក្រោមការឈ្លានពានពីបរទេស នៅក្នុងប្រវត្ដិសាស្រ្ដ រយៈពេលប្រហែលជាង៨០០ឆ្នាំចុងក្រោយនេះ ខណៈបច្ចុប្បន្ន ចោរសៀម នៅតែបន្ដឈ្លានពាន មកលើប្រទេសកម្ពុជាបន្ថែមទៀត។

ព្រះមហា ណារិនត្រា (Maha Narintra) ជាបញ្ញវន្ដសង្ឃខ្មែរមួយអង្គ បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា ចាប់តាំងពីសម័យអង្គរ បានធ្លាក់ចុះរហូតមក ប្រទេសកម្ពុជា ពិតជាបានឆ្លងកាត់របត់ប្រវត្តិសាស្ត្រដ៏ជូរចត់ជាច្រើន ដែលធ្វើឱ្យបាត់បង់ទឹកដីជាបន្តបន្ទាប់ ទៅឱ្យប្រទេសជិតខាង។ នេះជាការឆ្លុះបញ្ចាំងដ៏ឈឺចាប់មួយ ចំពោះប្រវត្តិសាស្ត្រខ្មែរ ក្នុងរយៈពេល៨សតវត្សចុងក្រោយនេះ។ ប៉ុន្ដែដើម្បីយល់ឱ្យកាន់តែច្បាស់ អំពីមូលហេតុ ដែលនាំឱ្យមានស្ថានភាពបែបនេះ យើងអាចពិនិត្យមើលលើកត្តាសំខាន់ៗមួយចំនួន រួមមាន៖
១.សង្គ្រាមផ្ទៃក្នុង និងការបែកបាក់។ ក្នុងប្រវត្តិសាស្ត្រខ្មែរ រាល់ពេលដែលមានការដណ្តើមអំណាចគ្នា រវាងសែរាជវង្ស ឬអ្នកដឹកនាំ ភាគីនីមួយៗ ជារឿយៗ តែងតែទៅពឹងពាក់កម្លាំងទ័ពពីប្រទេសជិតខាង (សៀម ឬយួន) ដើម្បីមកជួយច្បាំង យកឈ្នះលើភាគីម្ខាងទៀត។ ជាថ្នូរទៅនឹងការជួយនេះ ប្រទេសជិតខាង តែងតែទាមទារយកទឹកដី ឬដាក់កម្ពុជា ឱ្យស្ថិតក្រោមចំណុះ។
២.ភូមិសាស្ត្រនយោបាយ និងតុល្យភាពអំណាច។ បន្ទាប់ពីសម័យអង្គរ ប្រទេសជិតខាងទាំងពីរ (ថៃ និងវៀតណាម) បានពង្រឹងអំណាចកងទ័ព និងសេដ្ឋកិច្ច កាន់តែខ្លាំងឡើងៗ ខណៈដែលកម្ពុជា ធ្លាក់ចុះក្នុងភាពទន់ខ្សោយ។ កត្តាទាំងនេះ ធ្វើឱ្យកម្ពុជា ក្លាយជា«រដ្ឋចន្លោះ»ដែលរងសម្ពាធពីសងខាង។
៣-បរិបទអាណានិគមនិយម។ ក្នុងសម័យអាណានិគមបារាំង ទោះបីបារាំង បានជួយការពារមិនឱ្យកម្ពុជា រលាយបាត់ពីផែនទីពិភពលោក ក៏ពិតមែន ប៉ុន្តែការសម្រេចចិត្តខុសឆ្គងមួយចំនួនខាងផែនទី (ដូចជា ការកាត់ទឹកដីកម្ពុជាក្រោម ទៅឱ្យវៀតណាម នាឆ្នាំ១៩៤៩) បានបន្សល់ទុកនូវរបួសទឹកដីយ៉ាងធ្ងន់ធ្ងរ រហូតមកដល់សព្វថ្ងៃនេះ។
បញ្ញវន្ដសង្ឃខ្មែរអង្គនេះ បានសរសេរបន្ដ ថា ករណីនេះ ក៏មានសំណួរលើកឡើង ថា តើហេតុអ្វីបានជាយើង មិនអាចដណ្តើមទឹកដីមកវិញ? បើតាមទស្សនៈច្បាប់អន្តរជាតិ និងនយោបាយនាសម័យទំនើប ការដណ្តើមទឹកដីមកវិញ ដោយប្រើកម្លាំងបាយ គឺជារឿងដ៏លំបាកបំផុត ព្រោះច្បាប់អន្តរជាតិ៖ ពិភពលោកសព្វថ្ងៃ ទទួលស្គាល់«ខ្សែបន្ទាត់ព្រំដែន ដែលមិនអាចរំលោភបាន»។ ការប្រើកម្លាំងទ័ព ដើម្បីវាយយកទឹកដីរបស់ប្រទេសគេ អាចនឹងនាំមកនូវសង្គ្រាមបំផ្លិចបំផ្លាញ និង ការដាក់ទណ្ឌកម្មពីអន្តរជាតិ។
បញ្ញវន្ដសង្ឃខ្មែរអង្គនេះ បានបន្ថែម ថា យុទ្ធសាស្ត្រសន្តិភាព៖ មេដឹកនាំខ្មែរក្នុងសម័យក្រោយៗនេះ ហាក់ងាកមកប្រើប្រាស់ការចរចា ការបោះបង្គោលព្រំដែន និងការប្រើប្រាស់តុលាការអន្តរជាតិ (ដូចជា ករណី ប្រាសាទព្រះវិហារ) ជាជាងការប្រើអាវុធ ដើម្បីរក្សាសន្តិភាព និង ស្ថិរភាពសេដ្ឋកិច្ច។ ការមានមោទនភាព ចំពោះទឹកដី គឺជារឿងល្អ ប៉ុន្តែការរៀនសូត្រ អំពីកំហុសប្រវត្តិសាស្ត្រ ពីអតីតកាល ដើម្បីពង្រឹងផ្ទៃក្នុងឱ្យខ្លាំង គឺជាគន្លឹះដ៏សំខាន់បំផុត ដើម្បីកុំឱ្យបាត់បង់ទឹកដីបន្តទៀត។

ជាមួយគ្នានេះ បញ្ញវន្ដសង្ឃខ្មែរអង្គនេះ ក៏បានលើកជាសំណួរ ថា តើអស់អ្នកយល់ ថា ក្នុងសម័យបច្ចេកវិទ្យានេះ អ្វីជា«អាវុធ»ដ៏ខ្លាំងបំផុត សម្រាប់ខ្មែរ ក្នុងការការពារទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន? ជាឧទាហរណ៍៖ ចំណេះដឹង, សេដ្ឋកិច្ច ឬសាមគ្គីភាព?
បើតាមវីគីភីឌា បានឲ្យដឹង ថា ប្រទេសសៀម បានប្រមូលផ្ដុំកម្លាំង ប្លន់យកលើទឹកដីរបស់ចក្រភពខ្មែរ ហើយបានបង្កើតជានគររបស់ខ្លួន ជាលើកដំបូងបង្អស់ និង ផ្លាស់ប្ដូរឈ្មោះជាបន្ដបន្ទាប់ រហូតមក រួមមាន៖ ១-ព្រះរាជាណាចក្រសុខោទ័យ (ចន្លោះពី១២៣៨ដល់១៤៣៨), ២-ព្រះរាជាណាចក្រអាយុធ្យា (ចន្លោះពី១៣៥១ដល់១៧៦៧), ៣-ព្រះរាជាណាចក្រថុនបុរី (Thonburi Kingdom) ចន្លោះពីឆ្នាំ១៧៦៧ដល់១៧៨២), ៤-ព្រះរាជាណាចក្ររតនកូស៊ីន (Rattanakosin Kingdom) នៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៧៨២, ៥-ព្រះរាជាណាចក្រអាស្រ័យរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៣២, ៦-ព្រះរាជាណាចក្រអាស្រ័យរដ្ឋធម្មនុញ្ញបច្ចុប្បន្ន នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧។
ប្រទេសសៀម បានប្ដូរឈ្មោះ មកជាព្រះរាជាណាចក្រថៃ ឬប្រទេសថៃ នៅឆ្នាំ១៩៣៩។ បើតាមការកត់ត្រាទុក នៃប្រវត្ដិសាស្រ្ដ បានឲ្យដឹង ថា កាលពីដំបូងឡើយ សៀម ជាជនភាគតិចមួយក្រុម រស់នៅនាភាគនិរតីរបស់ប្រទេសចិន ហើយពួកគេបានធ្វើចំណាកស្រុក ចូលមករស់នៅលើទឹកដី នៃចក្រភពខ្មែរ ដោយបានទទួលយកទាំងភាសា វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ដោយស្វ័យប្រវត្ដិ អស់រយៈពេលយ៉ាងយូរ។ ប៉ុន្ដែចាប់តាំងពីពួកគេបានប្រមូលផ្ដុំកម្លាំង ប្លន់ទឹកដីរបស់អាណាចក្រខ្មែរ ហើយបានបង្កើតនគររបស់ខ្លួន រហូតមក សៀមតែងតែចិញ្ចឹមមហិច្ឆតាប្លន់យកទឹកដីរបស់ខ្មែរ គ្រប់ជំនាន់ រហូតមកដល់បច្ចុប្បន្ននេះ។
សូមរម្លឹកឡើងវិញ ថា សង្គ្រាមឈ្លានពានរបស់សៀម ចុងក្រោយនេះ បានផ្ទុះឡើង នៅឆ្នាំ២០២៥ ដោយលើកទី១ ចន្លោះពីថ្ងៃទី២៤ដល់២៨ ខែកក្កដា និង លើកទី២ ចន្លោះពីថ្ងៃទី៧ដល់២៨ ខែធ្នូ។ សង្គ្រាមឈ្លានពានចុងក្រោយនេះ ថ្វីបើប្រមុខរដ្ឋាភិបាលសៀម បានចុះហត្ថលេខាលើបទឈប់បាញ់ នាថ្ងៃទី២៨ ខែកក្កដា ហើយរហូតឈានដល់ការចុះកិច្ចព្រមព្រៀងសន្ដិភាព នាថ្ងៃទី២៦ ខែតុលា នៅប្រទេសម៉ាឡេស៊ី ក្រោមសហសាក្សី ដោយមេដឹកនាំកំពូលរបស់ពិភពលោក គឺប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង ប្រធានអាស៊ានប្ដូរវេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី យ៉ាងណាក៏ដោយ ក៏ទាហានសៀម នៅតែបន្ដធ្វើសកម្មភាពឈ្លានពានមកលើកម្ពុជា ឥតឈប់ឈរ ខណៈកងទ័ពខ្មែរ បានប្រកាន់ខ្ជាប់ខ្ជួននូវអ្វីដែលបានព្រមព្រៀងគ្នា ជាមួយភាគីថៃ។
ទោះជាយ៉ាងនេះក្ដី ទាហានសៀម និង រដ្ឋាភិបាលក្រុងបាងកក នៅតែរកលេសជាដដែលៗ ក្រោមហេតុផលទាហានរបស់ខ្លួនដើរជាន់មីនថ្មី ហើយបានបំផ្ទុះសង្គ្រាមឈ្លានពានជាថ្មី រយៈពេល២១ថ្ងៃ គឺចន្លោះពីថ្ងៃទី៧ដល់២៧ ខែធ្នូ ទើបមានបទឈប់បាញ់បន្ដទៀត។ ប៉ុន្ដែទាហានសៀម នៅតែបន្ដរំលោភជាដដែល ជាមួយនឹងការដើរវាយបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និង ផ្ទះសម្បែងរបស់ប្រជាជនខ្មែរជាច្រើន នៅតាមព្រំដែន៕