ប្រធានាធិបតី ពូទីន រីករាយឈរមើលការបែកបាក់គ្នា រវាងសហរដ្ឋអាមេរិកនិងអឺរ៉ុប
រដ្ឋធានីមូស្គូ៖ ស្របពេលបណ្ដាមេដឹកនាំប្រទេសមហាអំណាចអឺរ៉ុប រួមមាន បារាំង ចក្រភព អង់គ្លេស និង អាល្លឺម៉ង…ជាដើម ចាប់ផ្ដើមលែងសូវទុក្ខចិត្តទៅលើសហរដ្ឋអាមេរិក ជុំវិញជម្លោះកោះហ្គ្រីនឡែនដ៍ ដែលជាដែនដីនៅក្រៅប្រទេសរបស់ដាណឺម៉ា នោះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបង្ហាញអារម្មណ៍ ពីការមិនខ្វល់ខ្វាយ អំពីរឿងដែលលោក ដូណាល់ ត្រាំ ចង់ដណ្ដើមគ្រប់គ្រងផ្ដាច់មុខ នៅលើមហាកោះដ៏ធំបំផុតរបស់ពិភពលោក នៅតំបន់អាក់ទិក។

បណ្ដាញទូរទស្សន៍ដ៏ល្បីល្បាញមួយនៅលើពិភពលោករបស់ឥណ្ឌា First Post News (ហ្វឺស្ដ ប៉ុស្ដិ៍ ញូស) បានផ្សាយ កាលពីយប់ ថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ ថា មហិច្ឆតារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅក្នុងការដណ្ដើមកាន់កាប់កោះហ្គ្រីនឡែនដ៍ (Greenland) គឺពិតជាមិនមែនជាក្ដីកង្វល់របស់យើងនោះឡើយ។ ស្របគ្នានេះ មេដឹកនាំវិមានក្រឹមឡាំង រូបនេះ ក៏បានលើកឡើង អំពីប្រទេសរុស្ស៊ី បានលក់ទឹកដីអាឡាស្កា ទៅឲ្យសហរដ្ឋអាមេរិក នាអំឡុងឆ្នាំ១៨៦៧ ផងដែរ។

លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានសង្កត់ធ្ងន់ នៅក្នុងសុន្ទរកថាមួយ តាមទូរទស្សន៍ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី ថា៖«អ្វីដែលកើតឡើង សម្រាប់ហ្គ្រីនឡែនដ៍ មិនមែនជារឿងរបស់យើងនោះទេ។ ប៉ុន្ដែអ្វីដែលជាការគួរឲ្យសោកស្ដាយខ្លាំងណាស់ ប្រទេសដាណឺម៉ាក តែងតែចាត់ទុកមហាកោះហ្គ្រីនឡែនដ៍ ជាទឹកដីអាណានិគម ហើយវាមានភាពឃោរឃៅណាស់ ប្រសិនបើរឿងនេះកើតឡើង។ ប៉ុន្តែនោះជាបញ្ហាខុសគ្នាទាំងស្រុង ហើយខ្ញុំសង្ស័យ ថា នឹងមានអ្នកណាចាប់អារម្មណ៍ពីរឿងនេះ នៅពេលនេះ»។

ស្របគ្នានេះដែរ ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters ក៏បានផ្សាយ ថា លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានបញ្ជាក់ ថា ភាពជាម្ចាស់ នៅលើទឹកដីហ្គ្រីនឡែនដ៍ មិនមែនជាកង្វល់របស់រុស្ស៊ីនោះទេ ហើយថា សហរដ្ឋអាមេរិក និងដាណឺម៉ាក ដែលគាត់ធ្លាប់រិះគន់ ជាប្រវត្តិសាស្ត្រ គួរតែដោះស្រាយបញ្ហានេះ រវាងប្រទេសទាំងពីរ។
ស្របពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែបង្កើននូវការចង់ដណ្ដើមកាន់កាប់ហ្គ្រីនឡែនដ៍ នោះ រដ្ឋាភិបាលក្រុងមូស្គូ ក៏រង់ចាំមើលដោយក្តីរីករាយ ចំពោះដំណើរឈានទៅរកការបំបែកគ្នា រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង អឺរ៉ុប បើទោះជាសកម្មភាពរបស់មេដឹកនាំសហរដ្ឋអាមេរិក មានផលប៉ះពាល់ខ្លាំងដល់ប្រទេសរុស្ស៊ី ដែលមានវត្តមាន នៅតំបន់អាក់ទិក រួចទៅហើយយ៉ាងណាក៏ដោយ៕
