អ្នកកាសែតបរទេសរាយការណ៍ អំពីសង្គ្រាមឈ្លានសៀមទៅកាន់ពិភពលោក នឹងនាំគណៈប្រតិភូអាមេរិក មកកម្ពុជាជាថ្មី
រាជធានីភ្នំពេញ៖ ក្រោយបទឈប់បាញ់ នៃសង្គ្រាមឈ្លានពានរបស់សៀម មកលើកម្ពុជា ចន្លោះពីថ្ងៃទី២៤ដល់២៨ ខែកក្កដា ឆ្នាំ២០២៥ អ្នកសារព័ត៌មាន NewsX (ញូសអេក្ស) និង ជាទីប្រឹក្សានយោបាយ លោក មីឆែល អាល់ហ្វារ៉ូ (Michael Alfaro) បានចុះមកយកព័ត៌មាននៅតាមព្រំដែនជម្លោះ ដោយផ្ទាល់ អំពីសកម្មភាពយោធាសៀម ផ្សាយទៅកាន់ពិភពលោក ឲ្យបានដឹង អំពីទង្វើដ៏ទុច្ចរិតរបស់ប្រទេសថៃ មកលើកម្ពុជា ប៉ុន្ដែឥឡូវ អ្នកកាសែតរូបនេះ មានគម្រោងដឹកនាំគណៈប្រតិភូអាមេរិក និង អ្នកសារព័ត៌មានអង់គ្លេស Newswire (ញូសវ៉ាយអឺរ)មួយក្រុម មកកាន់ប្រទេសកម្ពុជាម្ដងទៀត នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ខាងមុខនេះ។

សារព័ត៌មាន National World (ណាស៊ិនណាល វើលដ៍) ដែលជាក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយឌីជីថលដំបូង មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានផ្សាយ ថា អ្នកកាសែត NewsX និង ជាប្រឹក្សានយោបាយ លោក មីឆែល អាល់ហ្វារ៉ូ គ្រោងនឹងវិលត្រឡប់មកកម្ពុជា ម្ដងទៀត នៅចុងសប្តាហ៍នេះ ជាមួយការនាំគណៈប្រតិភូសហរដ្ឋអាមេរិកមួយក្រុម ហើយនឹងចាប់ដៃគូ ជាមួយសារព័ត៌មានព្រះពុទ្ធសាសនាកម្ពុជា (Buddhist Cambodia News) នៅកម្ពុជាផងដែរ ។
