តើអ្វីទៅជាក្រមសីលធម៌របស់អ្នកសារព័ត៌មាន ទើបចៅហ្វាយខេត្ត ថា បបួលគាត់ផឹកកាហ្វេខុសវិជ្ជាជីវៈ?
រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះ មានការវែកញែកយ៉ាងខ្លាំង នៅលើបណ្ដាញសង្គម អំពីក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកកាសែត ក្រោយពេលចៅហ្វាយខេត្តតាកែវ បានលើកឡើង ថា មានម្នាក់នោះ ជាអ្នកកាសែត បានឆាតមកសួរគាត់ ថា បងទំនេរទេ តស់ទៅផឹកកាហ្វេ… អ៊ីដល់ថ្នាក់ហ្នឹង ធ្វើជាអ្នកកាសែត ខុសក្រមសីលធម៌ និង វិជ្ជាជីវៈ តើនេះជាការខុសក្រមសីលធម៌នឹងវិជ្ជាជីវៈដូចចៅហ្វាយខេត្ត លោក វី សំណាង ថ្លែងដែរឬទេ?

លោក វី សំណាង អភិបាលខេត្តតាកែវ បានថ្លែង ថា…..
https://www.facebook.com/reel/1184878467142507/
ជាការពិតណាស់ អ្នកកាសែត មានតួនាទីជាអ្នកពាំនាំនូវដំណឹង ឬព័ត៌មានពិត ពីប្រជាជនទៅជូនរដ្ឋាភិបាល ឬមន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាល ហើយនាំដំណឹងពីរដ្ឋាភិបាលទៅកាន់សាធារណជន ហើយពួកគាត់ត្រូវតែអនុវត្តតាមក្រមសីលធម៌ វិជ្ជាជីវៈ ដែលជាគ្រឹះដ៏សំខាន់ ដើម្បីរក្សាបាននូវឯករាជភាព ភាពជឿជាក់ និងកិត្តិយសរបស់អ្នកសារព័ត៌មាន។

តើអ្នកសារព័ត៌មាន អាចអញ្ជើញ ឬណាត់ថ្នាក់ដឹកនាំ ឬមន្ត្រីជាន់ខ្ពស់ណាម្នាក់ ទៅទទួលទានកាហ្វេបានដែរឬទេ? តើសកម្មភាពបែបនេះ ខុសនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកកាសែតដែរឬទេ?
ជានិច្ចកាល អ្នកកាសែត ឬអ្នកសារព័ត៌មាន តែងតែទៅជួបមន្រ្ដីជាន់ខ្ពស់ សាកសួរព័ត៌មានដែលពួកគាត់ចង់សរសេរ ខណៈទៅជួបដល់ការិយាល័យរបស់មន្រ្ដីជាន់ខ្ពស់តែម្ដង ឬនៅកន្លែងហាងកាហ្វេ។ ការណាត់ជួបទៅទទួលទានកាហ្វេ ដោយមានគោលបំណងច្បាស់លាស់ ដូចជា ការសម្ភាសន៍ ការផ្លាស់ប្តូរមតិយោបល់ ឬការទទួលព័ត៌មានផ្លូវការណាមួយ សម្រាប់ការងារខ្លួន វាមិនមែនខុសនឹងក្រមសីលធម៌ ឬវិជ្ជាជីវៈរបស់ពួកគាត់នោះឡើយ។ ការជួបជុំបែបនេះ គួរត្រូវធ្វើក្នុងបរិយាកាសសាធារណៈ និងមានលក្ខណៈវិជ្ជាជីវៈ ដើម្បីជៀសវាងការយល់ច្រឡំ ឬការបកស្រាយខុស ដោយប្រការណាមួយ។
ទោះជាយ៉ាងណា អ្នកសារព័ត៌មានត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត មិនឲ្យការអញ្ជើញពិសាកាហ្វេក្លាយទៅជាការផ្តល់ ឬទទួលអត្ថប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចប៉ះពាល់ដល់ឯករាជភាព និងភាពត្រឹមត្រូវ នៃការផ្សាយព័ត៌មានរបស់ពួកគាត់នោះឡើយ។ ការអញ្ជើញដោយមានលក្ខណៈឯកជនខ្លាំងពេក ឬមានចេតនាលាក់លៀម អាចនាំឲ្យបាត់បង់ភាពជឿជាក់ ពីសាធារណជន។
