តើសហរដ្ឋអាមេរិក-អឺរ៉ុប នឹងខាតបង់អ្វីខ្លះ ប្រសិនបើអង្គការណាតូដួលរលំ?

រដ្ឋធានីវ៉ាស៊ីនតោន៖ ការប្ដេជ្ញាចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅក្នុងការដណ្តើមគ្រប់គ្រងហ្គ្រីនឡែនដ៍ (Greenland) ក្លាយកលល្បិចយុទ្ធសាស្រ្ដមួយ នាំទៅរកការដួលរលំ នៃអង្គការណាតូ ហើយក៏ជាទីបញ្ចប់ នៃអ្វីៗទាំងគ្រប់យ៉ាងអស់ ដូចអ្វីដែលនាយករដ្ឋមន្រ្ដីដាណឺម៉ាក លោកស្រី មេតតេ ហ្វ្រេដេរីកសេន (Mette Frederiksen) បានលើកឡើងរួចកមកហើយ។ នេះបើតាមសារព័ត៌មាន The Daily Digest (ឌឺ ដេលី ឌីហ្គេស្ដ) បានផ្សាយ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

តើការរលំរលាយ នៃអង្គការណាតូ នឹងក្លាយជាទីបញ្ចប់សម្រាប់អ្វីៗគ្រប់យ៉ាងប្រាកដដែរឬទេ សម្រាប់អឺរ៉ុប និង សហរដ្ឋអាមេរិក? ករណីនេះប្រាកដណាស់ វានឹងក្លាយជាកាតាលីករដ៏សមខាន់មួយ សម្រាប់ការបញ្ចប់សណ្តាប់ធ្នាប់ពិភពលោក ដូចអ្វីដែលមនុស្សជាតិទូទៅដឹងរួចមកហើយ ប៉ុន្តែគ្មានអ្វីដែលហាក់ដូចជា ធ្វើឱ្យលោកប្រធានាធិបតី ត្រាំ ត្រូវដាច់សរសៃឈាមនោះទេ។

បើតាមមន្រ្ដីសហរដ្ឋអាមេរិក បានប្រាប់ដល់សារព័ត៌មាន USA Today (យូអេសអេ ធើដេ) ថាសកម្មភាពបន្ទាប់ មកលើរដ្ឋជាសមាជិករបស់អង្គការណាតូ នៅអាក់ទិក បានកើតឡើង នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ប្រទេសដាណឺម៉ាក និងហ្គ្រីនឡែនដ៍ បានបើកចំហជាយូរណាស់មកហើយ សម្រាប់យោធាសហរដ្ឋអាមេរិក នៅលើមហាកោះរបស់ខ្លួន រួមជាមួយនឹងការទទួលបានធនធានធម្មជាតិ និងរ៉ែដ៏សម្បូណ៌បែបថែមទៀតផង។
តើកត្ដាអ្វីទើបជំរុញឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បោះជំហានឆ្ពោះទៅរកគោលដៅ ទាំងការប្រថុយប្រថាននឹងវិបត្តិអន្តរជាតិ និងការដួលរលំ នៃសម្ពន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិក ដែលបានផ្តល់កិច្ចការពារដ៏រឹងមាំដល់ប្រទេសលោកខាងលិច ចាប់តាំងពីសង្គ្រាមលោកលើកទីពីររហូតមក?

មួយវិញទៀត ប្រសិនបើលោកប្រធានាធិបតី ដូណាល់ ត្រាំ ជំរុញការទិញយកកោះហ្គ្រីនឡែនដ៍ (Greenland) មិនថា តាមរយៈការបង្ខំ ឬការលក់ដោយបង្ខិតបង្ខំនោះទេ អង្គការណាតូ ទំនងជាមិនអាចគេចផុត អំពីការឈ្លានពានរបស់ប្រទេសជាសមាជិកមួយរបស់អង្គការណាតូ ប្រឆាំងនឹងសមាជិកផ្សេងៗទៀតរបស់ខ្លួននោះឡើយ។

បើតាសារព័ត៌មានប្រចាំថ្ងៃរបស់ចក្រភពអង់គ្លេស Financial Times (ហ្វីណាន់សល ថែមស៍) បានឲ្យដឹង ថា លោកប្រធានាធិបតី ត្រាំ បានបង្កនូវការភ័យខ្លាចដល់អឺរ៉ុប ចំពោះការដួលរលំរបស់អង្គការណាតូ ខណៈការពិត គឺសហរដ្ឋអាមេរិក ត្រូវខាតបង់យ៉ាងច្រើន ពីលទ្ធផលបែបនេះ។ ស្របគ្នានេះ មជ្ឈមណ្ឌលសម្រាប់ការវិភាគគោលនយោបាយអឺរ៉ុប ក៏បានផ្សាយផងដែរ ថា ប្រសិនបើអង្គការណាតូ ត្រូវដួលរលំមែននោះ សហរដ្ឋអាមេរិក នឹងមិនអាចដាក់មូលដ្ឋានកងទ័ពរបស់ខ្លួន នៅតំបន់អឺរ៉ុបបន្ដទៀតនោះទេ។ កន្លែងខ្លះ ត្រូវប្រើប្រាស់ សម្រាប់គាំទ្រដល់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ទាំងនៅតំបន់អឺរ៉ុប អាហ្វ្រិក និងមជ្ឈិមបូព៌ា។

ស្របគ្នានេះ បណ្ដាមេដឹកនាំអឺរ៉ុប នឹងលែងមានអារម្មណ៍ ថា ពួកគេមិនមានកាតព្វកិច្ច នៅក្នុងការបិទមាត់ការឆ្លើយតបរបស់ពួកគេ ចំពោះគម្រោងក្នុងស្រុក និង ក្រៅស្រុក ដែលមិនមានការសម្របសម្រួលរបស់លោកប្រធានាធិបតី ត្រាំ ដូចជា ការធ្វើវាយប្រហារ ប្រឆាំងនឹងប្រទេសវេណេហ្ស៊ុយអេឡា។ បណ្ដាមេដឹកនាំអឺរ៉ុប ក៏មិនទទួលយកពន្ធរបស់លោកប្រធានាធិបតី ត្រាំ ដោយមិនមានការសងសឹក ដែលធ្វើឲ្យការអត់ការងារធ្វើ ក៏ដូចជា តម្លៃទំនិញប្រើប្រាស់កាន់តែធ្ងន់ធ្ងរ ខណៈបណ្ដាក្រុមហ៊ុននាំចូល និងនាំចេញរបស់សហរដ្ឋអាមេរិក នឹងរងផលប៉ះពាល់យ៉ាងខ្លាំង។

ម្យ៉ាងវិញទៀត កិច្ចព្រមព្រៀងគ្រឿងសព្វាវុធដ៏ធំដែលសហរដ្ឋអាមេរិក ទទួលបាន ពីទាំងអឺរ៉ុបនិង អង់គ្លេស នឹងត្រូវលុបចោល ព្រោះសហរដ្ឋអាមេរិក នឹងលែងត្រូវគេចាត់ទុក ជាសម្ពន្ធមិត្តដ៏គួរឲ្យទុកចិត្តបន្ដទៀតហើយ។

ជាងនេះទៅទៀត មហាសេដ្ឋីបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក អាចត្រូវគេយកពន្ធ និងគ្រប់គ្រងលើទំនិញប្រើប្រាស់ និងទំនិញរបស់សហរដ្ឋអាមេរិក ដែលត្រូវគេធ្វើពហិការ ខណៈពួកគេ កំពុងតែស្ថិតក្នុងប្រទេសកាណាដារួចទៅហើយ។ ស្របគ្នានេះដែរ តំបន់អឺរ៉ុប នឹងត្រូវរួមគ្នា បង្កើតកតិកាសញ្ញាសន្តិសុខរបស់ខ្លួន ដែលនឹងត្រូវចំណាយដើមទុន និងអាចតម្រូវឱ្យមានការចុះបញ្ចីយោធា ប៉ុន្តែអាចនឹងដំណើរការបាន នៅក្នុងដំណាក់កាលយ៉ាងយូរ។

ការធ្លាក់ចុះលើវិស័យផ្សេងៗទៀត សម្រាប់អឺរ៉ុប អាចជាការរារាំងលើអ្វីៗ ដូចជាការធ្វើបច្ចុប្បន្នភាពលើកម្មវិធី និងការចូលប្រើកាតឥណទាន។ ប៉ុន្តែហានិភ័យដ៏ចម្បង អាចជារដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ ដែលបំបែកប្លុកអឺរ៉ុប ដោយទទួលបានប្រទេសស្តាំនិយម ដូចជា ហុងគ្រី និង អ៊ីតាលី ជាដើម។ សរុបសេចក្ដីមកវិញ ការបែកបាក់របស់អង្គការណាតូ នឹងមានន័យថា ជាការចលាចលដ៏ធំ នៅគ្រប់ភាគី ទាំងសម្រាប់អឺរ៉ុប និង សហរដ្ឋអាមេរិក។ ប៉ុន្តែលោក ប្រធានាធិបតី ដូណាល់ ត្រាំ ហាក់បីដូចជាគិត ថា សមត្ថភាពក្នុងការនិយាយ ថា សហរដ្ឋអាមេរិក ពិតជាម្ចាស់លើមហាកោះហ្គ្រីនឡែន៍ (Greenland) គឺមានតម្លៃស្មើនឹងការឈឺចាប់៕

អត្ថបទដែលជាប់ទាក់ទង