នាវាចម្បាំងសហរដ្ឋអាមេរិក ចូលសំចតនៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ជាសញ្ញាពីទំនាក់ទំនងល្អជាមួយកម្ពុជា

ខេត្តព្រះសីហនុ៖ នាវាចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក USS Cincinnati (LCS-20) ជានាវាចម្បាំងប្រភេទ Independence-class (អ៊ិនដេផែនដែនស៍-ក្លាស្ស) កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ បានចូលសំចត នៅមូលដ្ឋានកងទ័ពជើងទឹករបស់កម្ពុជា នៅសមុទ្ររាម ហើយនេះជាសញ្ញាដ៏ល្អ នៃទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និង ប្រទេសមហាអំណាចកំពូលរបស់ពិភពលោក ទាំងយោធា និង សេដ្ឋកិច្ច។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានសរសេរសារបង្ហោះ នៅលើគណនីបណ្ដាញសង្គមផ្លូវការផ្ទាល់ខ្លួន កាលពីថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ ថា ការចូលចតរយៈពេលខ្លីរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នាពេលនេះ ជាសញ្ញាណនៃការអភិវឌ្ឍន៍គួរជាទីស្វាគមន៍មួយ ដែលរួមចំណែកដល់ទំនាក់ទំនង រវាងកម្ពុជា និង សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ វត្តមាននេះ គឺមិនទំនងជាមានឥទ្ធិពលខ្លាំង ទៅលើជម្លោះព្រំដែន រវាងកម្ពុជា-ថៃនោះឡើយ ពីព្រោះ ថា ជម្លោះព្រំដែនមានដើមចមចេញពីនយោបាយផ្ទៃក្នុងរបស់ថៃ និងការជជែកដេញដោល អំពីអនាគតរបស់ប្រទេសថៃ ក៏ដូចជា ទំនាក់ទំនង រវាងប្រទេសថៃ ជាមួយនឹងប្រទេសជិតខាង ជាជាងមូលហេតុផ្សេងៗទៀត។

រដ្ឋាភិបាលថៃ ថែមទាំងបានប្រកាន់ជំហរជាសាធារណៈយ៉ាងដាច់អហង្ការ ថា ខ្លួនមិនមានការព្រួយបារម្ភ ចំពោះអន្តរាគមន៍របស់សហរដ្ឋអាមេរិកនោះឡើយ។ ប្រទេសថៃ ពឹងផ្អែកយ៉ាងខ្លាំង ទៅលើប្រវត្តិសាស្ត្រយូរអង្វែង នៃទំនាក់ទំនងដ៏រឹងមាំរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ដោយជឿជាក់ ថា ទំនាក់ទំនងជាប្រវត្តិសាស្ត្រនេះ បានផ្តល់ជាលំហទូលាយមួយ សម្រាប់ខ្លួនក្នុងការអនុវត្តមហិច្ឆតាជាតិនិយមរាលដាល បើទោះជាមហិច្ឆតានេះប្រាសចាកពីផលប្រយោជន៍គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។ រដ្ឋាភិបាលថៃ រឹតតែពុំមានសេចក្តីព្រួយបារម្ភ ថា ស្ថានភាពល្អប្រសើរឡើង នៃទំនាក់ទំនង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក អាចនឹងមកជំនួសកន្លែងទំនាក់ទំនង រវាងថៃ-សហរដ្ឋអាមេរិកនោះទេ។

សរុបមកការផ្លាស់ប្តូរខុសប្លែកពីធម្មតា និងការផ្លាស់ប្តូរគំរូជាមូលដ្ឋាន ត្រូវទាមទារឱ្យអនុវត្តចំពោះផលប្រយោជន៍គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ទើបអាចបង្កើននូវឥទ្ធិពលពីខាងក្រៅដែលអាចកែប្រែមហិច្ឆតាជាតិនិយមរបស់ថៃ។ ទោះជាយ៉ាងណាក៏ដោយ ជម្លោះព្រំដែន អាចនឹងត្រូវបានដោះស្រាយ តាមរយៈវត្តមាន នៃរដ្ឋាភិបាលថ្មីរបស់ថៃ ដែលមានភាពប្រាកដប្រជា និងហ្មត់ចត់ អមជាមួយនឹងសុច្ឆន្ទៈក្នុងការប្រើប្រាស់ភាពជាអ្នកដឹកនាំ ដើម្បីដោះស្រាយបញ្ហានេះ។ ថ្វីត្បិតតែអ្វីៗអាចនឹងកើតឡើងទៅរួច តែព្រឹត្តិការណ៍ដែលរំពឹងទុកខាងលើ គឺដូចជាមិនទំនងកើតឡើងទេ។

អ្វីដែលទំនងនឹងកើតមានឡើងនោះ គឺជម្លោះព្រំដែននេះនឹងនៅតែបន្តក្នុងទម្រង់ជាវិវាទដែលមានសណ្ឋានអូសបន្លាយជាច្រើនសតវត្សរ៍ ហើយជម្លោះនេះអាចនឹងឆាបឆេះឡើងសាជាថ្មីនៅក្នុងពេលអនាគតដ៏ខ្លឺខាងមុខ ឬនៅក្នុងជំនាន់នេះផ្ទាល់តែម្តង។

សូមជម្រាប ថា នាវា យូអេសអេស ស៊ិនស៊ិនណេធី (USS Cincinnati) ហៅកាត់ LCS 20 ជានាវាចម្បាំងដ៏ទំនើបមួយប្រភេទរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ហើយវាមានបណ្ដោយប្រវែង២១៧ម៉ែត្រ ទទឹងប្រវែង ៣១,៧ម៉ែត្រ និង អាចបើកបរ នៅក្នុងល្បឿនជាង៧៤គីឡូម៉ែត្រក្នុងមួយម៉ោង។ នាវាចម្បាំងដ៏ទំនើបរបស់សហរដ្ឋអាមេរិក ប្រភេទនេះ មានចំណុះ ២ ៧៨៤តោន និង អាចបើកបរ នៅក្នុងចម្ងាយ៨០០០គីឡូម៉ែត្រ ទើបត្រូវការចាក់ប្រេងឥន្ធនៈជាថ្មី ហើយវាអាចដាក់កងទ័ពជើងទឹក ចន្លោះពី៤០ទៅ៧០នាក់។ នាវាចម្បាំងប្រភេទនេះ ត្រូវបានបំពាក់ដោយគ្រឿងសព្វាវុធទំនើបៗជាច្រើនប្រភេទ ដោយមានទាំងអាវុធប្រឆាំងនឹងនាវាមុជទឹក។ ក្រៅពីនេះ នាវាចម្បាំង យូអេសអេស ស៊ិនស៊ិនណេធី ក៏អាចផ្ទុកឧម្ភាគចក្រចំនួន២គ្រឿងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង