សហរដ្ឋអាមេរិក មិនអនុញ្ញាតឲ្យចិន ពង្រីកអំណាចនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

រដ្ឋធានីសេអ៊ូល៖ ស្របពេលប្រទេសចិន កំពុងតែពង្រីកអំណាចយោធាដ៏ខ្លាំងក្លា ទៅកាន់ពិភពលោកនោះ សហរដ្ឋអាមេរិក បានចងក្រងសម្ពន្ធមិត្តរបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សម្រាប់ជាយុទ្ធសាស្រ្ដការពារជាតិ ទប់ទល់នឹងអនុត្ដរភាពរបស់រដ្ឋាភិបាលក្រុងប៉េកាំង នៅទ្វីបអាស៊ី។

សារព័ត៌មានរបស់កូរ៉េខាងត្បូង The Chosun Daily (ឌឺ ចូសុន ដេលី) បានផ្សាយ នៅថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ ថា លោក អេលប៊្រីដ ខូលប៊ី (Elbridge Colby) អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ដែលកំពុងតែបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ បានលើកឡើង ថា យុទ្ធសាស្ត្រការពាររបស់សហរដ្ឋអាមេរិក នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺមានផែនការផ្តោតយ៉ាងសំខាន់ ជួយដល់សម្ពន្ធមិត្ត និង ទប់ទល់ប្រទេសចិន ធ្វើអនុត្តរភាព នៅទ្វីបអាស៊ី។ សកម្មភាពទាំងនេះ បានរាប់បញ្ចូលទាំងការធ្វើទំនើបភាវូបនីកម្មដល់វិស័យការពារជាតិ និងការអភិវឌ្ឍកងកម្លាំង នៅទូទាំងប្រទេសជប៉ុន ហ្វីលីពីន និងឧបទ្វីបកូរ៉េ។

ការលើកឡើងរបស់មន្រ្ដីជាន់ខ្ពស់ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅក្នុងការរារាំងប្រទេសចិន មិនឲ្យក្លាយទៅជាអនុត្តរភាព នៅក្នុងតំបន់ ដោយរារាំងតាមបណ្តោយខ្សែសង្វាក់កោះទី១ ដែលតភ្ជាប់ជាមួយនឹងប្រជុំកោះរបស់ប្រទេសជប៉ុន តៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។ យុទ្ធសាស្រ្ដការពារជាតិរបស់ក្រុងវ៉ាស៊ីនតោន មិនត្រឹមតែបង្កប់នូវន័យ អំពីការផ្លាស់ប្តូរតួនាទីរបស់កងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនលទ្ធភាព នៃការចូលរួមរបស់កូរ៉េខាងត្បូង ថែមទៀតផង។

អនុរដ្ឋមន្រ្ដី ក្រសួងសង្គ្រាមសហរដ្ឋអាមេរិក រូបនេះ បានសង្កត់ធ្ងន់ ថា៖«បច្ចុប្បន្ន តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្លាយជាឆ្អឹងខ្នង នៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក និងជាមជ្ឈមណ្ឌល សម្រាប់ផលិតកម្មសកល រួមទាំងប្រទេសកូរ៉េខាងត្បូង ផងដែរ។ សន្តិសុខ ភាពរុងរឿង និងសេរីភាពយូរអង្វែងរបស់សហរដ្ឋអាមេរិក នឹងត្រូវកំណត់ តាមអ្វីដែលកើតឡើងនៅទីនេះ។ យើងស្វែងរកតុល្យភាព នៃអំណាច ដោយរារាំងប្រជាជាតិតែមួយ អំពីការគ្រប់គ្រងតំបន់ដ៏សំខាន់នេះ»។

សុន្ទរកថារបស់លោក ខូលប៊ី បានរំលេចនូវការព្រមានដល់រដ្ឋាភិបាលក្រុងប៉េកាំង ថា៖«ចិននឹងមិនអាចក្លាយជាអនុត្តរភាព នៅតំបន់អាស៊ីបាននោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង