តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ហៅការឈ្លានពានមកលើប្រទេសណាមួយ ជាការរំលោភបំពានច្បាប់អន្ដរជាតិ

រាជធានីភ្នំពេញ៖ ប្រទេសថៃ កាលពីឆ្នាំ២០២៥ បានប្រើប្រាស់កម្លាំងយោធារបស់ខ្លួន វាយប្រហារដ៏ឃោរឃៅ ឈ្លានពានមកលើបូរណភាព ទឹកដី និង អធិបតេយ្យភាពរបស់កម្ពុជា ចំនួន២លើក ដោយលើកទី១-ចន្លោះពីថ្ងៃទី២៤ ដល់២៨ ខែកក្កដា និង លើកទី២-ចន្លោះពីថ្ងៃទី៧ដល់២៧ ខែធ្នូ ហើយឥឡូវ ទាហានសៀម នៅតែបន្ដរំលោភបំពានឥតឈប់ឈរ និង បានបំផ្លិចបំផ្លាញដល់ប្រាសាទបុរាណមានអាយុកាលរាប់រយឆ្នាំ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម និង ផ្ទះសម្បែងរបស់ប្រជាជនខ្មែរ ដោយពួកគេមិនបានគោរពច្បាប់អន្ដរជាតិអ្វីនោះឡើយ។

លោក នេត្រ ភក្រ្តា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានបង្ហោះសារ នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីព្រឹក ថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ ថា តំណាងអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើង ថា៖«ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយ គឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ»។

លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប.) និងមន្ត្រីស្ថានបេសកកម្ម បានចូលរួមកិច្ចពិភាក្សា បើកចំហ សម្រាប់ខែមករារបស់ក្រុមប្រឹក្សាសហប្រជាជាតិ ស្តីពី«ការបញ្ជាក់ឡើងវិញនូវនីតិរដ្ឋអន្តរជាតិ អំពីដំណើរឆ្ពោះទៅរកការស្តារឡើងវិញនូវសន្តិភាព យុត្តិធម៌ និងពហុភាគីនិយម នៅទីស្នាក់ការកណ្តាលរបស់អង្គការកំពូលរបស់ពិភពលោកមួយនេះ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ តំណាងអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ទៅលើបញ្ហាសំខាន់ៗចំនួន៣ រួមមាន៖

១-ការហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយ ស្របតាមមាត្រា ២.៤ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដែលជាការរំលោភបំពាន លើច្បាប់អន្តរជាតិ។

២-ការដោះស្រាយជម្លោះ ដោយសន្តិវិធី គឺជាកាតព្វកិច្ចផ្លូវច្បាប់ ដែលរដ្ឋជាសមាជិក ត្រូវតែអនុវត្ត ជាពិសេស ការដោះស្រាយជម្លោះ តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាយន្តការអាចទុកចិត្តបាន និងធានាបាននូវសន្តិភាពយូរអង្វែង សម្រាប់រដ្ឋជាសមាជិក។

៣-ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ គឺជាធាតុផ្សំដ៏សំខាន់ និងមិនអាចកាត់ផ្តាច់បាន នៃនីតិរដ្ឋអន្តរជាតិ។ អំពើរំលោភបំពានទៅលើលើជនស៊ីវិលស្លូតត្រង់ ការបំផ្លិចបំផ្លាញ និងការប្លន់យកទ្រព្យសម្បត្តិជនស៊ីវិល ការរារាំងការវិលត្រឡប់ទៅវិញរបស់ជនស៊ីវិល ការកាន់កាប់ទឹកដីដោយខុសច្បាប់ និងបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង