ផ្កាយរណបអាមេរិក បង្ហាញអំពីគ្រោះថ្នាក់ដល់សុខភាព ចំពោះការដុតសំរាមនៅកម្ពុជា
រាជធានីភ្នំពេញ៖ ប្រជាជនខ្មែរមួយចំនួន ជាពិសេស អ្នករស់នៅតាមជនបទ តែងតែដុតសំរាម ឬកាកសំណល់កសិកម្មចោល នៅលើដីស្រែចម្ការ ហើយសកម្មភាពបែបនេះ ក្លាយជាទម្លាប់មិនល្អ ខណៈផ្កាយរណបរបស់អង្គការណាសា បានចាប់យករូបភាព អំពីការបំពុលខ្យល់ នៅក្នុងកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ ព្រោះវាប៉ះពាល់ដល់សុខភាពរបស់មនុស្ស។

លោក កាសេ បាណែត (Casey Barnett) ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានបង្ហោះសារ នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ ថា ផ្កាយរណបរបស់អង្គការណាសា (NASA) បានបង្ហាញ ថា ការដុតកាកសំណល់កសិកម្ម នៅលើដីកសិកម្ម និងចម្ការ បានរីករាលដាលយ៉ាងទូលំទូលាយ នៅក្នុងប្រទេសកម្ពុជា ដែលបណ្តាលឱ្យមានការបំពុលខ្យល់។
