តើហេតុអ្វីមហាយក្សចិន បោសម្អាតឧត្ដមសេនីយ៍យោធាកំពូលៗរបស់ខ្លួន?
រដ្ឋធានីប៉េកាំង៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មេទ័ពកំពូលៗរបស់ចិន ដោយរាប់បញ្ចូលទាំងរដ្ឋមន្រ្ដីក្រសួងការពារជាតិផងដែរ ត្រូវបានបណ្ដេញចេញពីតំណែងជាបន្ដបន្ទាប់ ក្រោមកណ្ដាប់ដៃរបស់លោកប្រធានាធិបតី ស៊ី ជិនពីង នៅក្នុងយុទ្ធនាការបោសសម្អាត អំពើពុករលួយ។

បណ្ដាញទូរស្សន៍របស់ឥណ្ឌា First Post បានផ្សាយ កាលពីថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ ថា យោធាចិន ស្ថិតក្នុងភាពច្របូកច្របល់ បន្ទាប់ពីមេទ័ពកំពូលរបស់ខ្លួន គឺលោកឧត្ដមសេនីយ៍ ហ្សាង យូស៊ា (Zhang Youxia) អនុប្រធានគណៈកម្មការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេត ពីបទ«បំពានវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរបំផុត»។ មេទ័ពកំពូលរូបនេះ ត្រូវបានគេចោទប្រកាន់ ពីបទលក់អាថ៌កំបាំងនុយក្លេអ៊ែររបស់ចិន ទៅឲ្យសហរដ្ឋអាមេរិក ប៉ុន្តែតើវាអាចនឹងមានរឿងរ៉ាវយ៉ាងច្រើនជាងអ្វីដែលឃើញផ្ទាល់នឹងភ្នែកទៅទៀត?
ក្រសួងការពារជាតិចិន បានប្រកាស កាលពីថ្ងៃទី២៤ ខែមករា ចុងសប្ដាហ៍មុន ថា លោកឧត្ដមសេនីយ៍ ហ្សាង យូស៊ា និង លោកឧត្ដមសេនីយ៍ លីវ ហ្សេនលី (Liu Zhenli) ជាសមាជិកគណៈកម្មយោធា (CMC) កំពុងតែស្ថិតក្រោមការស៊ើបអង្កេត ជុំវិញការសង្ស័យ អំពីការរំលោភច្បាប់ និងវិន័យយ៉ាងធ្ងន់ធ្ងរ ដែលមានន័យ ថា «អំពើពុករលួយ»។

ករណីអំពើពុករលួយនេះ មិនមែនជារឿងធម្មតា នៅប្រទេសចិន នោះឡើយ។ ដូចអ្វីដែលលោក នេល ថូម៉ាស់ (Neil Thomas) ជាអ្នកស្រាវជ្រាវផ្នែកនយោបាយចិន មកពីអង្គការសិក្សាពីសង្គមអាស៊ី (Asia Society) បានប្រាប់ដល់កាសែតរបស់អង់គ្លេស The Guardian (ឌឺ ហ្កាឌៀន) ថា៖«នេះជាការបោសសម្អាតយ៉ាងងាយស្រួលបំផុតរបស់កងទ័ពរំដោះប្រជាជន (PLA) ហើយវាជារឿងដ៏សំខាន់បំផុត នៅក្រោយសម័យកាលរបស់លោកប្រធាន ម៉ៅ ។ ករណីនេះពិបាកនឹងនិយាយហួសប្រមាណ ព្រោះវាជារឿងដ៏កម្រ… ហើយវាប្រៀបបីដូចជាការចាប់ខ្លួននាយអគ្គសេនាធិការចម្រុះរបស់សហរដ្ឋអាមេរិក ក្រោមការចោទប្រកាន់ពីបទពុករលួយអ៊ីចឹងដែរ»។
ស្របគ្នានេះដែរ បណ្ដាញទូរទស្សន៍របស់អង់គ្លេស BBC ក៏បានផ្សាយផងដែរ ថា លោកឧត្ដមសេនីយ៍ ហ្សាង អាយុ៧៥ឆ្នាំ មានតួនាទីជាអនុប្រធាន នៃគណៈកម្មការយោធាមជ្ឈិម (CMC) ដែលជាក្រុមបក្សកុម្មុយនិស្ត ដឹកនាំដោយមេដឹកនាំប្រទេសចិន លោក ស៊ី ជិនពីង (Xi Jinping) ដែលគ្រប់គ្រងលើកងកម្លាំងប្រដាប់អាវុធទាំងអស់របស់ចិន។ បើតាមធម្មតា គណៈកម្មការយោធាមជ្ឈិម មានសមាជិកចំនួន៧នាក់ តែឥឡូវនេះ ត្រូវបានកាត់ឱ្យនៅសល់ត្រឹមតែសមាជិកពីរនាក់ប៉ុណ្ណោះ រួមមាន៖ លោកប្រធានាធិបតី ស៊ី ជិនពីង និង លោកឧត្តមសេនីយ៍ ហ្សាង សេងមីន (Zhang Shengmin)។

លោក ឆុង ចាឡាន(Chong Ja Ian) សាស្រ្ដាចារ្យរង នៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានបញ្ជាក់ ថា គាត់ក៏មិនច្បាស់ អំពីមូលហេតុពិត នៃការដកហូតតំណែងរបស់លោកឧត្ដមសេនីយ៍ ហ្សាង នោះដែរ ប៉ុន្តែគេមានការរំពឹងទុកជាច្រើន អំពីរឿងនេះ។ អ្វីៗគ្រប់យ៉ាង អាចកើតចេញពីការលេចធ្លាយអាថ៌កំបាំងនុយក្លេអ៊ែររបស់ចិន ទៅដល់សហរដ្ឋអាមេរិក សម្រាប់ការរៀបចំផែនការរដ្ឋប្រហារ និងការប៉ះទង្គិចគ្នា រវាងបក្សពួក។ សូម្បីតែពាក្យចចាមអារ៉ាម អំពីការបាញ់ប្រហារ នៅទីក្រុងប៉េកាំង ក៏មានផងដែរ។ ប៉ុន្តែការដកហូតតំណែងរបស់លោកឧត្ដមសេនីយ៍ ហ្សាង និង លោកឧត្ដមសេនីយ៍ លីវ រួមជាមួយនឹងការរំពឹងទុក ថា រឿងទាំង២នេះ គឺលោកប្រធានាធិបតី ស៊ី ជិនពីង នៅតែមិនអាចទទួលយកបាន និងមានដែនកំណត់សំខាន់ៗ ចំពោះព័ត៌មាន នៅក្នុងទីក្រុងប៉េកាំង ដែលបង្កឱ្យមានភាពមិនប្រាកដប្រជា និង ផ្តល់នូវការរំពឹងទុក។
បើគិតចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០២៦នេះ ឧត្ដមសេនីយ៍ នៃកងទ័ពរំដោះប្រជាជនចិន យ៉ាងតិច ចំនួន១៧នាក់ ត្រូវបានបណ្ដេញចេញពីតំណែងរបស់ពួកគេ។ នៅក្នុងចំណោមឧត្ដមសេនីយ៍ទាំងនោះ ក៏មានឧត្ដមសេនីយ៍ចំនួន៨នាក់ ជាអតីតសមាជិកកំពូល នៃគណៈកម្មការយោធាមជ្ឈិម។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់សហរដ្ឋអាមេរិក AP បានដកស្រង់ប្រភពពីបណ្ដាញផ្សព្វផ្សាយ គ្រប់គ្រងរដ្ឋចិន យកមកចុះផ្សាយ។
