ប្រមុខអង្គការណាតូ ព្រមានដល់អឺរ៉ុប មិនអាចការពារខ្លួនឯងបាន
ទីក្រុងប៊្រូសសែលស៍ (Brussels)៖ ស្របពេលប្រមុខការទូតអេស្ប៉ាញ កំពុងតែជំរុញឲ្យបណ្ដាប្រទេសនៅតំបន់អឺរ៉ុប រួបរួមគ្នាបង្កើតកម្លាំងទ័ពចម្រុះ និង បង្កើនវិស័យឧស្សាហកម្មការពារជាតិរួមគ្នានោះមក ប្រមុខអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ «ណាតូ» ក៏បានព្រមាន ថា អឺរ៉ុប មិនអាចការពារខ្លួនឯងបាននោះទេ ប្រសិនបើគ្មានការចូលរួមពីកម្លាំងទ័ពដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិក។

បណ្ដាញទូរទស្សន៍របស់ឥណ្ឌា First Post (ហ្វឺស្ដ ប៉ុស្ដិ៍) បានផ្សាយ កាលពីថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ ថា លោក ម៉ាក រូតតេ (Mark Rutte) អគ្គលេខាធិការ អង្គការណាតូ បានព្រមាន កាលពីថ្ងៃចន្ទ ថា អឺរ៉ុប មិនអាចការពារខ្លួនឯងបាន ប្រសិនបើគ្មានសហរដ្ឋអាមេរិក។ ការព្រមានបែបនេះ បានកើតឡើង ក្រោយពេលមានការអំពាវនាវដល់បណ្ដាប្រទេស នៅលើទ្វីបមួយនេះ ត្រូវតែងើបឡើង ជាមួយនឹងការរួបរួមគ្នា ហើយពឹងផ្អែកទៅលើសមត្ថភាពរបស់ខ្លួន បន្ទាប់ពីមានភាពតានតឹង ជុំវិញបញ្ហាមហាកោះហ្គ្រីនឡែនដ៍។
លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីប៉ុន្មានសប្ដាហ៍មុននេះ បានគំរាមកំហែង នៅក្នុងការដណ្តើមយកទឹកដីហ្គ្រីនឡែនដ៍ ដែលសម្បូណ៌ទៅដោយធនធានរ៉ែចម្រុះជាច្រើនប្រភេទ ពីដៃរបស់ប្រទេសដាណឺម៉ាក ដែលសមាជិករបស់អង្គការណាតូដូចគ្នា។ មហិច្ឆតារបស់លោកប្រធានាធិបតី បាននាំឲ្យមានការរង្គោះរង្គើ ជាមួយនឹងសម្ពន្ធភាពអន្ដរអាត្លង់ទិក នៅមុនពេលគាត់បានដកថយមួយជំហាន ហើយងាកទៅពិភាក្សា ជាមួយប្រមុខអង្គការណាតូ លោក រូតតេ។

ស្របគ្នានេះដែរ លោក ហ្សង់-ណូអែល បារ៉ុត (Jean-Noel Barrot) រដ្ឋមន្រ្ដីក្រសួងការបរទេសបារាំង បានវាយបកទៅលើសេចក្ដីថ្លែងការណ៍របស់ប្រមុខអង្គការណាតូ ជុំវិញការលើកឡើង អំពីអសមត្ថភាពរបស់អឺរ៉ុប នៅក្នុងការការពារខ្លួន។ ប្រមុខការទូតបារាំង រូបនេះ បានសរសេរសារបង្ហោះ នៅលើបណ្ដាញសង្គម X ល្ងាចថ្ងៃចន្ទដដែលនោះ ថា អឺរ៉ុប អាច និង ត្រូវតែចាត់វិធានការឆ្លើយតប សម្រាប់សន្ដិសុខផ្ទាល់ខ្លួនរបស់ពួកគេ។
បច្ចុប្បន្ន អង្គការណាតូ បានចំណាយថវិកា លើវិស័យការពារជាតិរួមគ្នា មានទំហំទឹក ប្រហែល ១,៥៩ពាន់ពាន់លាន ឬទ្រីលលានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៥។ នៅក្នុងចំណោមថវិកាការពារជាតិទាំងនោះ គឺសហរដ្ឋអាមេរិក មានចំណែកធំជាងគេបំផុត រហូតដល់៩៨០ពាន់លានដុល្លារ។ មួយវិញទៀត ប្រសិនបើមិនគិតពីសហរដ្ឋអាមេរិក គឺអង្គការណាតូនៅអឺរ៉ុប និងកាណាដា កាលពីឆ្នាំ២០២៥ បានចំណាយថវិកា៦១០ពាន់លានដុល្លារអាមេរិក។
