ប្រធានាធិបតីអាមេរិក ក្ដាប់អាវុធដ៏អាថ៌កំបាំងបំផុត សម្រាប់ផ្ដួលរំលំរដ្ឋាភិបាលនៅជុំវិញពិភពលោក

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលស្ថានភាពកាន់តែតានតឹង ជាមួយនឹងប្រទេសអ៊ីរ៉ង់ នោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអំពីអាវុធដ៏អាថ៌កំបាំងបំផុត នៅក្នុងដៃរបស់គាត់ សម្រាប់ផ្ដួលរំលំរដ្ឋាភិបាលនានា នៅជុំវិញពិភពលោក មិនខុសពីការធ្វើប្រតិបត្ដិការលឿនដូចផ្លេកបន្ទោរ ឆ្មក់វាយប្រហារទៅលើប្រទេសវេណេហ្ស៊ុយអេឡា ហើយបានចូលទៅចាប់អូសក.លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និង ភរិយា ចេញពីភូមិគ្រឹះរបស់ពួកគេ នាំចេញពីប្រទេស កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ហើយបញ្ជូនទៅកាត់ទោស នៅទីក្រុងញូវយ៉កនោះឡើយ។

សារព័ត៌មាន The Daily Digest (ឌឺ ដេលី ឌីហ្គេស្ដ) បានផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបង្ហាញ ថា លោកមានអាវុធសម្ងាត់ដ៏ខ្លាំងក្លាបំផុត ដែលអាចកម្ចាត់រដ្ឋាភិបាលជាច្រើន នៅជុំវិញពិភពលោក យ៉ាងងាយស្រួលបំផុត។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ ជាមួយកាសែត New York Post (ញូវយ៉កប៉ុស្ដិ៍) នៅការិយាល័យពងក្រពើ នៃសេតវិមាន ដែលជាកន្លែងលោកបានផ្តល់ព័ត៌មានលម្អិតមួយចំនួន អំពីអាវុធដ៏អាថ៌កំបាំង ថា៖«ខ្ញុំមិនអនុញ្ញាតឱ្យនិយាយ អំពីអាវុធដ៏អាថ៌កំបាំងបំផុតរបស់សហរដ្ឋអាមេរិកនោះទេ។

បើតាមប្រធានាធិបតីសហរដ្ឋអាមេរិក បានឲ្យដឹង ថា គ្រឿងបរិក្ខារយោធាសម្ងាត់ខ្ពស់បំផុតទាំងនេះ ក៏ជាផ្នែកសំខាន់មួយ នៃប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ឆ្មក់ចាប់អូសក.ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolás Maduro) ចេញពីភូមិគ្រឹះរបស់គាត់ នៅកណ្ដាលរដ្ឋធានីការ៉ាកាស់។

លោកប្រធានាធិបតី ត្រាំ បានប្រាប់កាសែត New York Post ថា៖«វេណេហ្ស៊ុយអេឡា មិនអាចបាញ់គ្រាប់រ៉ុក្កែតរបស់ពួកគេ ចេញបានទេ។ ពួកគេមានគ្រាប់រ៉ុក្កែតផលិងដោយរុស្ស៊ី និងចិន។ ប៉ុន្ដែនៅពេលយើងចូលទៅ ពួកគេបានចុចប៊ូតុង តែអាវុធរបស់ពួកគេ គ្មានអ្វីដំណើរការនោះឡើយ។ ពួកគេបានរៀបចំរួចរាល់អស់ហើយ សម្រាប់វាយប្រហារពួកយើង តែមិនជោគជ័យ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានពិពណ៌នា ជាមួយនឹងការអួតអាង ថា អ្វីដែលគេហៅថា ឌីសខមបូប៊ូឡាទ័រ (Discombobulator) នោះ គឺវាមានសមត្ថភាព ធ្វើឱ្យឧបករណ៍យោធារបស់សត្រូវ លែងដំណើរការ។ នេះមានន័យ ថា មិនមានជីវិតរបស់ទាហានអាមេរិកាំងណាម្នាក់ ត្រូវបានបាត់បង់ ក្នុងអំឡុងឆ្មក់ចាប់អូសកលោកប្រធានាធិបតី ម៉ាឌូរ៉ូ ចេញពីប្រទេសរបស់គាត់ នាំទៅកាន់សហរដ្ឋអាមេរិកនោះទេ។

ដោយឡែក ក្រុមមន្រ្ដីជាន់ខ្ពស់របស់មេដឹកនាំផ្តាច់ការវេណេស៊ុយអេឡា បានបញ្ជាក់ ថា ប្រព័ន្ធរ៉ាដា បានឈប់ដំណើរការភ្លាមៗ ខណៈកងកម្លាំងអាមេរិក បានចាប់ផ្តើមបើកប្រតិបត្ដិការវាយប្រហារ ទៅលើទីក្រុងការ៉ាកាស់។

លោកប្រធានាធិបត ត្រាំ បានប្រើប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន AP News ថា៖«យើងដឹងផ្លូវរបស់ពូកគេ ហើយយើងបានដឹងច្បាស់អ្វីៗគ្រប់យ៉ាង អំពីពួកគេ។ យើងស្គាល់ទាំងផ្ទះសម្បែងរបស់ពួកគេ ទើបយើងវាយប្រហារ»៕

អត្ថបទដែលជាប់ទាក់ទង