អ្នកជំនាញ បង្ហាញសេណារីយ៉ូ អំពីការអស់អំណាចរបស់ប្រធានាធីបតីរុស្ស៊ី

រដ្ឋធានីមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើឲ្យពិភពលោកខ្លាបខ្លាច ដោយរាប់បញ្ចូលទាំងលោកខាងលិច ផងដែរ ប៉ុន្ដែឥឡូវ ឥទ្ធិពលរបស់មេដឹកនាំវិមានក្រឹមឡាំង រូបនេះ បានថមថយចុះទៅវិញ ក្រោយពេលគាត់បានបញ្ជាឲ្យកងទ័ពរបស់គាត់ ចូលលុកលុយទ្រង់ទ្រាយធំ ទៅលើប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក តែសង្គ្រាមដ៏រ៉ាំរ៉ៃរបស់គាត់ អស់រយៈពេលជិត៤ឆ្នាំកន្លងមកនេះ នៅតែមិនទាន់ទទួលបានជោគជ័យនៅឡើយ។

សារព័ត៌មានរបស់អង់គ្លេស Daily Mail (ដេលី មេល) បានផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ ថា ស្ថិតក្នុងវ័យ៧៣ឆ្នាំ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានឈានដល់វ័យមួយ ដោយគិតជាមធ្យមដែលមេដឹកនាំរុស្ស៊ីស្លាប់។ រីឯពេលវេលា ក៏កំពុងតែសម្លឹងមើលមេដឹកនាំ ដែលកាន់អំណាចយូរបំផុតរបស់ប្រទេសរុស្ស៊ី ចាប់តាំងពីលោក ចូសេហ្វ ស្ដាលីន (Joseph Stalin) ដែលជាមេដឹកនាំដ៏កាចបំផុត នៅក្នុងរបបកុម្មុយនិស្ដដ៏ធំបំផុតរបស់ពិភពលោក គឺសហភាពសូវៀត ប៉ុន្តែតើយុគសម័យរបស់គាត់ នឹងត្រូវបញ្ចប់ ដោយរបៀបណា?

 

អ្នកជំនាញពីកិច្ចការរុស្ស៊ីដ៏ល្បីល្បាញមួយរូប បានបង្ហាញអំពីសេណារីយ៉ូដែលទំនងបំផុត នៅក្នុងកម្មវិធី Daily Mail ដោយចាត់ចំណាត់ថ្នាក់យុទ្ធសាស្រ្ដដ៏មានសក្តានុពលមួយចំនួន ដែលមេដឹកនាំផ្តាច់ការ លោក វ៉្លាឌីមៀ ពូទីន អាចនឹងអស់អំណាច ដោយរាប់ ចាប់តាំងពីការធ្វើឃាត រហូតដល់រដ្ឋប្រហារយោធា។
លោកបណ្ឌិត ចន ខែនណេឌី (John Kennedy) ប្រធានកម្មវិធីរុស្ស៊ី និងអឺរ៉ាស៊ី នៃវិទ្យាស្ថានរ៉ែនដ៍ អឺរ៉ុប (RAND Europe) បានប្រាប់ដល់លោក ដេវីដ អាវេរ៉េ (David Averre) អ្នកឆ្លើយឆ្លងព័ត៌មានបរទេស ថា ទោះជាមានសម្ពាធផ្ទៃក្នុងកើនឡើង ជុំវិញការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន យ៉ាងណាក៏ដោយ ក៏លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ទំនងជានឹងបន្ដកាន់តំណែង រហូតដល់គាត់ស្លាប់ នៅក្នុងអំណាចរបស់គាត់។ ប៉ុន្ដែការស្លាប់របស់គាត់ អាចនឹងលឿនជាងការរំពឹងទុក ជាមួយនឹងការចង្អុលបង្ហាញ ទៅលើរបាយការណ៍ដ៏គួរឱ្យជឿជាក់របស់លោក ពូទីន ស្វែងរកការព្យាបាលបញ្ហាសុខភាពរបស់គាត់ ដែលមិនត្រូវបានបង្ហាញ។

បច្ចុប្បន្ន ថ្វីបើសេដ្ឋកិច្ចរបស់រុស្ស៊ី បានធ្លាក់ចុះ ចាប់តាំងពីការឈ្លានពាន បានចាប់ផ្តើម និងការបាត់បង់មនុស្ស ជិតមួយលាននាក់ក៏ដោយ ក៏លោក ខែនណេឌី បានចាត់ទុកសេណារីយ៉ូរបស់លោក ពូទីន ដែលត្រូវគេដកចេញពីអំណាច ដោយបង្ខំ គឺមិនអាចនឹងកើតមានឡើងនោះឡើយ។

អ្នកជំនាញរូបនេះ បានបន្ដ ថា ការដំឡើងសម្ពន្ធមិត្តរបស់លោក ពូទីន នៅគ្រប់មុខតំណែងសំខាន់ៗ នៃអំណាចរដ្ឋ គួបផ្សំនឹងការគាបសង្កត់យ៉ាងខ្លាំង ទៅលើក្រុមអ្នកប្រឆាំង នោះមានន័យ ថា ជនផ្តាច់ការរូបនេះ ទំនងជានឹងនៅតែធ្វើជាប្រធានាធិបតី រហូតដល់ពេលគាត់ស្លាប់។ មនុស្សគ្រប់គ្នា ពឹងផ្អែកលើពូទីន ហើយគាត់ផ្សព្វផ្សាយតែមិត្តរបស់គាត់។ រីឯកម្មាភិបាលទាំងអស់ នៅជុំវិញខ្លួនរបស់លោក ពូទីន គឺជាអតីតសហការី។ គាត់បានផ្តោតអំណាចទាំងស្រុង ជុំវិញខ្លួនរបស់គាត់ ហើយអំណាចបានប្រមូលផ្ដុំ កាន់តែខ្លាំងឡើង ចាប់តាំងពីរុស្ស៊ី បានឈ្លានពានទ្រង់ទ្រាយធំ ទៅលើប្រទេសអ៊ុយក្រែន។

អ្នកជំនាញរូបនេះ បន្ថែម ថា ក្រោយការស្លាប់របស់លោក អាឡេក្សេ ណាវ៉ាល់នី (Alexei Navalny) មេបក្សប្រឆាំងដ៏ល្បីល្បាញរុស្ស៊ី និង ជាអតីតមេធាវីនោះមក យើងមិនឃើញ មានសកម្មភាពចលនាដ៏ពេញនិយមណាមួយ ប្រឆាំងនឹងលោកប្រធានាធិបតី ពូទីន នោះឡើយ។ រីឯការអស់អំណាចរបស់គាត់ ពិតជាលំបាកខ្លាំងណាស់ នៅក្នុងការទាយ ថា គាត់នឹងត្រូវគេបណ្តេញចេញពីតំណែង។ ករណីនេះ លើកលែងតែការកើតមានកាលៈទេសៈណាមួយ ផ្លាស់ប្តូរជាយថាហេតុ។ ប៉ុន្ដែសេណារីយ៉ូមួយ ដែលអាចជឿទុកចិត្តបំផុតនោះ នៅត្រង់ ថា លោក ពូទីន អាចស្លាប់នៅក្នុងអំណាចរបស់គាត់ ដោយសារតែគាត់បានបង្កើតប្រព័ន្ធមួយ ដែលមានភាពស្មោះត្រង់ ទាំងស្រុង នៅក្នុងអំណាចកណ្តាលរបស់ខ្លួន។ បន្ទាប់មកគាត់នឹងត្រូវរុះរើយ៉ាងឆាប់រហ័ស ហើយកម្មាភិបាលទាំងអស់ នឹងត្រូវមកជួបជុំគ្នា ដើម្បីតថ្លៃពីអំណាច។

ទោះជាយ៉ាងណាក៏ដោយ លោក ខែនណេឌី មិនអាចច្រានចោល ចំពោះការរំពឹងទុក ថាលោក ពូទីន អាចនឹងត្រូវគេធ្វើឃាតនោះទេ ទោះជាមិនមែន បង្កឡើងដោយក្រុមឥស្សរជន ដែលកំពុងកាន់អំណាចរបស់ក្រុងមូស្គូ ក៏ដោយ។ ប៉ុន្តែករណីនេះ ក៏អាចបង្កឡើង ដោយក្រុម ឬបក្ខពួកផ្សេង ក្នុងតំបន់ ដែលបានរងឥទ្ធិពល ពីសង្រ្គាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង