កងនាវាផ្ទុកយន្ដហោះវាយប្រហាររបស់សហរដ្ឋអាមេរិក ចាប់ផ្ដើមឡោមព័ទ្ធ នៅជុំវិញប្រទេសអ៊ីរ៉ង់

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលមានភាពតានតឹង កាន់តែខ្លាំងឡើង រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងតេអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការបង្ក្រាបយ៉ាងសាហាវទៅលើក្រុមបាតុករ បណ្ដាលឲ្យមានមនុស្សស្លាប់ រាប់ពាន់នាក់នោះមក ឥឡូវកងនាវាផ្ទុកយន្ដហោះវាយប្រហាររបស់សហរដ្ឋអាមេរិក និង ទ្រព្យសម្បត្ដិការពារជាតិរបស់ប្រទេសមហាអំណាចកំពូលរបស់ពិភពលោកមួយនេះ បានដាក់ពង្រាយ នៅជុំវិញប្រទេសអ៊ីរ៉ង់ ហើយសកម្មភាពបែបនេះ ធ្វើឲ្យពិភពលោក មានការព្យាកររៀងៗខ្លួន ថា អ៊ីរ៉ង់ ទំនងជានឹងមានវាសនា មិនខុសពីវេណេហ្ស៊ុយអេឡា ប៉ុន្មាននោះឡើយ។

បណ្ដាញទូរទស្សន៍របស់ឥណ្ឌា First Post បានផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ ថា ភាពតានតឹង រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ហាក់ដូចជាកើនឡើងខ្លាំងបន្ថែម ពីលើអ្វីដែលមានភាពតានតឹងស្រាប់ ក្រោយពេលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាគជី (Abbas Araghchi) កាលពីថ្ងៃពុធ បានព្រមាន ថា កងកម្លាំងរបស់អ៊ីរ៉ង់ នឹងសងសឹកយ៉ាងខ្លាំង ចំពោះប្រតិបត្តិការយោធាណាមួយរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុងតេអ៊ីរ៉ង់។ ទន្ទឹមគ្នានេះ ប្រមុខការទូតអ៊ីរ៉ង់ រូបនេះ ក៏បានគំរាមកាន់តែខ្លាំងឡើង ថា ម្រាមដៃរបស់ក្រុងតេអ៊ីរ៉ង់ កំពុងតែស្ថិតក្នុងរង្វង់កៃកាំភ្លើងដ៏គ្រោះថ្នាក់បំផុត ហើយគាត់ក៏មិនបានបដិសេធ អំពីកិច្ចព្រមព្រៀងថ្មី ស្តីអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ នោះឡើយ។

ប្រមុខការទូតអ៊ីរ៉ង់ បានបង្ហោះសារ នៅលើបណ្ដាញសង្គម X ថា៖«កងកម្លាំងប្រដាប់អាវុធដ៏ក្លាហានរបស់យើង ត្រូវបានរៀបចំរួចរាល់អស់ហើយ ដើម្បីឆ្លើយតបភ្លាមៗ និងខ្លាំងក្លាបំផុត ចំពោះការឈ្លានពានណាមួយ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ជាទីស្រឡាញ់របស់យើង មិន ថា ទាំងតាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រនោះឡើយ។ អ៊ីរ៉ង់ តែងតែស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលមានផលប្រយោជន៍ស្មើភាព និង សមធម៌ ដោយឈរលើភាពស្មើគ្នា និងគ្មានការបង្ខិតបង្ខំ ការគំរាមកំហែង និង ការបំភិតបំភ័យ ជាមួយនឹងការធានានូវសិទ្ធិរបស់អ៊ីរ៉ង់ ចំពោះបច្ចេកវិទ្យានុយក្លេអ៊ែរ ប្រកបដោយសន្តិភាព និងធានា មិនមានអាវុធនុយក្លេអ៊ែរ»។

ភាពចលាចល កាលពីពេលថ្មីៗនេះ បានផ្ទុះរាលដាលពាសពេញប្រទេសអ៊ីរ៉ង់ និង ការបង្ក្រាបយ៉ាងឃោរឃៅ បណ្ដាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត ចាប់តាំងពីក្រុមបដិវត្ដន៍អ៊ីស្លាម បានដណ្ដើមអំណាច នាអំឡុងឆ្នាំ១៩៧៩ រហូតមក។ ទន្ទឹមគ្នានេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានដ៏ខ្លាំងក្លា ប្រឆាំងនឹងការបង្ក្រាបដ៏ព្រៃផ្សៃ នៅអ៊ីរ៉ង់។

ជាមួយគ្នានេះដែរ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងទៅកាន់ក្រុមអ្នកកាសែត កាលពីពេលថ្មីៗនេះ ថា សហរដ្ឋអាមេរិក កំពុងតែដាក់ពង្រាយកងទ័ព និង ទ្រព្យសម្បត្ដិការពារជាតិយ៉ាងច្រើន ទៅកាន់តំបន់មជ្ឈិមបូព៌ា។ ប៉ុន្ដែបើតាមសេចក្ដីរាយការណ៍ចុងក្រោយនេះ បានឲ្យដឹង ថា កងនាវាផ្ទុកយន្ដហោះវាយប្រហាររបស់សហរដ្ឋអាមេរិក បានដាក់ពង្រាយ នៅជុំវិញប្រទេសអ៊ីរ៉ង់ រួចរាល់អស់ហើយ រួមមាន៖ ប្រទេសកាតារ, ហ្សកដានី និង បារ៉ែន។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានដល់អ៊ីរ៉ង់ ថា «ពេលវេលាជិតអស់ហើយ» សម្រាប់ការចរចាលើកិច្ចព្រមព្រៀង នៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ឥឡូវ កងនាវាផ្ទុកយន្ដហោះចម្បាំងយក្សរបស់សហរដ្ឋអាមេរិក បានចូលទៅដល់ឈូងសមុទ្រពែរក្ស រួចរាល់អស់ហើយ។

ជាការឆ្លើយតបនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាគជី ក៏បានគំរាមតបទៅវិញ ថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានត្រៀមខ្លួនរួចរាល់ហើយ ព្រោះម្រាមដៃរបស់ពួកគេ កំពុងតែស្ថិតនៅលើកៃកាំភ្លើង រួចជាស្រេច។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរ នៅលើបណ្ដាញសង្គម កាលពីថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ថា៖«តើងាកទៅរកតុចរចា ពីកម្មវិធីអាវុធនុយក្លេអ៊ែរ ឬក៏ជ្រើសយកការវាយប្រហារបន្ទាប់។ បើមានការវាយប្រហារបន្ទាប់ នឹងអាក្រក់ខ្លាំងណាស់! សូមកុំឲ្យកើតមានឡើយ៕

អត្ថបទដែលជាប់ទាក់ទង