អធិការបតីអាល្លឺម៉ង់ ប្រាប់ពីថ្ងៃដួលរលំរបបគ្រប់គ្រង នៅប្រទេសអ៊ីរ៉ង់
រដ្ឋធានីប៊ែរឡាំង៖ ស្របពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិងកំពូងតែព្រមានដល់ប្រទេសអ៊ីរ៉ង់ ត្រូវងាកទៅរកតុចរចា ឬ ត្រូវជ្រើសសង្គ្រាមបន្ទាប់ ពីវេណេហ្ស៊ុយអេឡា នោះ អធិការបតីអាល្លឺម៉ង់ ក៏បានប្រាប់អំពីថ្ងៃអវសាន នៃរបបគ្រប់គ្រងផ្ដាច់ការរបស់ក្រុងតេអ៊ីរ៉ង់។

បណ្ដាញទូរទស្សន៍អារ៉ាប៊ីសាអូឌី Al Arabiya បានផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ ថា អធិការបតីអាល្លឺម៉ង់ លោក ហ្វ្រេឌ្រីច មើស (Friedrich Merz) បានបញ្ជាក់ កាលពីថ្ងៃពុធ ថា៖ រយៈពេលត្រឹមតែប៉ុន្មានថ្ងៃរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ត្រូវរាប់ថយក្រោយ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កំពុងតែបន្តការគំរាមកំហែង ធ្វើអន្តរាគមន៍ បន្ទាប់ពីការបង្ក្រាបលើការតវ៉ាយ៉ាងឃោរឃៅ នៅក្នុងប្រទេសអ៊ីរ៉ង់។

លោកអធិការបតី មើស បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយ ជាមួយនឹងនាយករដ្ឋមន្រ្តីរ៉ូម៉ានី លោក អ៊ីលី ប៊ូចាន់ (Ilie Boojan) ថា៖«របបគ្រប់គ្រងដែលអាចកាន់អំណាចបានតាមរយៈអំពើហិង្សា និងអំពើឃោរឃៅដ៏ខ្លាំងក្លា ប្រឆាំងនឹងប្រជាជនរបស់ខ្លួន គឺជិតដល់ថ្ងៃអវសានរបស់ខ្លួនហើយ។ វាអាចមានបញ្ហាជាច្រើនសប្តាហ៍ ប៉ុន្តែរបបនេះ នឹងមិនមានភាពត្រឹមត្រូវ នៅក្នុងការគ្រប់គ្រងប្រទេសនោះឡើយ»។
លោកអធិការបតី មើស បានបញ្ជាក់ ថា ចំនួនអ្នកស្លាប់ដែលត្រូវបានរាយការណ៍ ថា មានចំនួនរាប់ពាន់នាក់ ក្នុងអំឡុងពេលធ្វើបាតុកម្ម កាលពីពេលថ្មីៗនេះ ដោយបានបង្ហាញ ថា របបគ្រប់គ្រងរបស់មូលឡា ទំនងជាអាចតោងកាន់អំណាច តាមរយៈភាពភ័យរន្ធត់។
