យន្ដហោះកងទ័ពអាកាសថៃមួយគ្រឿង ធ្លាក់នៅភាគខាងជើងប្រទេស

រាជធានីបាងកក៖ សារព័ត៌មានចិនស៊ីនហ៊ួ បានរាយការណ៍ ថា យន្តហោះមួយគ្រឿងរបស់កងទ័ពអាកាសភូមិន្ទថៃ (RTAF) ប្រភេទ AT-6 បានធ្លាក់ក្នុងអំឡុងពេលហ្វឹកហ្វឺន នៅភាគខាងជើង ប្រទេសថៃ កាលពីវេលាម៉ោង១០ និង ៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ទី២៩ ខែមករា ឆ្នាំ២០២៦ នៅភូមិហួយ ហ្វាង ( Huai Fang) ស្រុកជុំថុង (Chom Thong) ខេត្តឈៀងម៉ៃ នាភាគខាងជើង នៃប្រទេសថៃ។

កងទ័ពអាកាសភូមិន្ទថៃ បានបញ្ជាក់ ថា ក្រុមការងារសង្គ្រោះ និងមន្ត្រីជំនាញ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗ សម្រាប់ពិនិត្យមើល និងវាយតម្លៃពីស្ថានភាព នៅលើនោះ។ ទន្ទឹមគ្នានេះ កងទ័ពអាកាសភូមិន្ទថៃ ក៏បានចាប់ផ្តើមការស៊ើបអង្កេតបឋម ដើម្បីស្វែងរក អំពីមូលហេតុនៃគ្រោះថ្នាក់។

ទោះជាយ៉ាងណាក៏ដោយ កងទ័ពអកាសភូមិន្ទថៃ នៅមិនទាន់បញ្ចេញព័ត៌មានលម្អិតទាក់ទងនឹងចំនួនជនរងគ្រោះ ឬកម្រិតនៃការខូចខាតយន្ដហោះនៅឡើយ។

យន្តហោះ AT-6 ជាប្រភេទយន្តហោះថ្មី ដែលកងទ័ពអាកាសភូមិន្ទថៃ ទើបទទួលបាន សម្រាប់យកមកជំនួសយន្តហោះបង្ហាត់ជំនាន់ចាស់។ យន្ដហោះប្រភេទនេះ មានតម្លៃ អាចចន្លោះពី១៥ទៅ២០លានដុល្លារអាមេរិក ក្នុងមួយគ្រឿងៗ៕

អត្ថបទដែលជាប់ទាក់ទង