ប្រទេសឥណ្ឌា ផ្ទុះមេរោគកំណាច ធ្វើឱ្យអាមេរិកបារម្ភខ្លាំង

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយករណីលេចឡើងនូវមេរោគនីប៉ាហ៍ (Nipah) ដ៏សាហាវ ក្នុងប្រទេសឥណ្ឌា ហើយបានដាក់មនុស្សជិត២០០នាក់ឲ្យស្ថិតក្រោមការតាមដាននោះមក សហរដ្ឋអាមេរិក នឹងរឹតបន្តឹងដល់ការធ្វើដំណើរចេញចូល ទៅកាន់ប្រទេសឥណ្ឌា ហើយបង្កើនការតាមដានយ៉ាងយកចិត្តទឹកដាក់ ព្រោះខ្លាចវាជាជំងឺរាតត្បាតថ្មីនេះ ដូចការរាតត្បាតពីជំងឺកូវីដ-១៩។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ហៅកាត់ «CDC»បានប្រាប់កាសែតរបស់អង់គ្លេស Daily Mail ថា ក្រុមមន្រ្ដីជំនាញរបស់សហរដ្ឋអាមេរិក កំពុងតែទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរឥណ្ឌា ដើម្បីវាយតម្លៃស្ថានភាព នៃមេរោគថ្មីនេះ។

អ្នកនាំពាក្យ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា CDC កំពុងតែតាមដានស្ថានការណ៍ និងត្រៀមខ្លួនរួចជាស្រេច នៅក្នុងការជួយជាបន្ទាន់ដល់អ្នកជំងឺ នៅក្នុងករណីចាំបាច់»។

ក្រសួងសុខាភិបាលឥណ្ឌា កាលពីថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹង ថា មនុស្សចំនួន១៩៦នាក់ ដែលបានទាក់ទងជាមួយអ្នកជំងឺ ឥឡូវនេះកំពុងតែត្រួតពិនិត្យ រកមើលមេរោគ ដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សទៀត ជាពិសេស វាអាចសម្លាប់មនុស្ស ចន្លោះពី ៤០ទៅ៧៥ភាគរយ នៃអ្នកឆ្លង។


ជាមួយនឹងការតាមដានព័ត៌មានបែបនេះ សិង្ហបុរី និងហុងកុង ក៏បានដាក់កំហិតដល់ការធ្វើដំណើរចេញចូលទៅកាន់ប្រទេសឥណ្ឌា ផងដែរ ដោយរាប់រួមទាំងការត្រួតពិនិត្យសីតុណ្ហភាព និង ពិនិត្យសុខភាពជាចាំបាច់។ រីឯចក្រភពអង់គ្លេស ក៏បានព្រមានដល់អ្នកដំណើរចេញចូលប្រទេសនានា អំពីការផ្ទុះឡើង នៃជំងឺនេះផងដែរ។

បើតាមទិន្នន័យមួយ បង្ហាញ ថា មនុស្សជាងពីរលាននាក់ បានធ្វើដំណើរចេញពីប្រទេសឥណ្ឌា ចូលទៅកាន់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២៣ ដោយកើនឡើងមួយភាគបួន ធៀបនឹងឆ្នាំ២០២២។ ឥឡូវ ឥណ្ឌា កំពុងតែស្ថិតក្រោមការណែនាំ អំពីការធ្វើដំណើរ ក្នុងកម្រិត២ ទៅសហរដ្ឋអាមេរិក។

លោកស្រីវេជ្ជបណ្ឌិត គ្រូធីកា គូបផាល់លី (Krutika Kuppalli) អ្នកជំនាញជំងឺឆ្លង នៅរដ្ឋតិចសាស់ និង ជាអតីតបុគ្គលិក នៃអង្គការសុខភាពពិភពលោក (WHO) បានប្រាប់កាសែត Daily Mail ថា៖ «ការផ្ទុះឡើងនូវមេរោគ Nipah គឺជាអ្វីដែល CDC គួរតែតាមដានយ៉ាងដិតដិតបំផុត»។ ទន្ទឹមគ្នានេះដែរ លោកស្រី មានការបារម្ភ ចំពោះហានិភ័យនៃការផ្ទុះឡើង នៅក្នុងប្រទេសឥណ្ឌា នឹងរីករាលដាល មកដល់សហរដ្ឋអាមេរិក។ ប៉ុន្ដែទោះយ៉ាងណាក្ដី ស្ថានភាពជំងឺនេះនឹងកម្រិតអត្រាឆ្លងទាប។ ចំណែកហានិភ័យរបស់សហរដ្ឋអាមេរិក ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ពាក់ព័ន្ធនឹងអ្នកដំណើរចេញចូល ជាពិសេស អ្នកដែលមានហានិភ័យខ្ពស់ ឬមានបញ្ហាសុខភាពស្រាប់៕

អត្ថបទដែលជាប់ទាក់ទង