ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រាប់អំពីទីផ្សារដ៏រឹងមាំ សម្រាប់សេដ្ឋកិច្ចប្រទេសខ្មែរ
រាជធានីភ្នំពេញ៖ បណ្ដាប្រទេសទាំងអស់ នៅជុំវិញពិភពលោក តែងតែខិតខំប្រឹងប្រែងប្រកួតប្រជែងយ៉ាងខ្លាំង នៅក្នុងការដណ្ដើមទីផ្សារសហរដ្ឋអាមេរិក សម្រាប់ជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួន ខណៈឥឡូវ ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានអះអាងអំពីទីផ្សារសហរដ្ឋអាមេរិក នៅតែជាមូលដ្ឋានដ៏រឹងមាំ សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសខ្មែរ។
លោក កាសាយ បាណែត (Casey Barnett) ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានសរសេរសារបង្ហោះ នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ថា ទីផ្សារសហរដ្ឋអាមេរិក នៅតែជាមូលដ្ឋានដ៏រឹងមាំ និងអាចទុកចិត្តបាន សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយផ្តល់ចំណូលថេរជាបន្តបន្ទាប់ ទោះបីជាមានការឈ្លានពានរបស់ថៃ មកលើកម្ពុជា នៅក្នុងឆ្នាំ២០២៥យ៉ាងណាក៏ដោយ។

ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា រូបនេះ បានបន្ដ ថា នៅឆ្នាំ២០២៥ ការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ចំនួន២៨ភាគរយ ដោយកើនដល់១២,៧ ពាន់លានដុល្លារ។ ការកើនឡើងដែលគួរឱ្យកត់សម្គាល់បែបនេះ រួមមាន៖ ការនាំចេញស្បែកជើង ដោយបានកើនឡើងចំនួន៥២ភាគរយ ដែលមានទំហំទឹកប្រាក់កើនដល់ចំនួន៨៦៩លានដុល្លារ និង ការនាំចេញសំបកកង់ ដែលកើនឡើង ចំនួ៤៥ភាគរយ ដែលមានទឹកប្រាក់កើនដល់១,១ ពាន់លានដុល្លារអាមេរិក។
