តើលោកស្រី តាកៃឈិ អាចនឹងជាប់ឆ្នោតបន្ដដឹកនាំប្រទេសជប៉ុនប្រឈមមុខជាមួយចិនដែរឬទេ?

រាជធានីតូក្យូ៖ នាយករដ្ឋមន្រ្ដីស្រីលើកទី១របស់ជប៉ុន លោកស្រី តាកៃឈិ គ្រាន់តែចូលមកដឹកនាំរដ្ឋាភិបាលភ្លាម បានធ្វើឱ្យប្រទេសមហាយក្សចិនកើតការខឹងសម្បាយ៉ាងខ្លាំង ចំពោះគោលនយោបាយរបស់លោកស្រី ខណៈឥឡូវ ក្រុងតូក្យូ សង្ឃឹមថា អ្នកបោះឆ្នោតជប៉ុន នឹងប្រគល់សិទ្ធិអំណាចជាថ្មី ជូនដល់លោកនាយករដ្ឋមន្ត្រី សម្រាប់បញ្ចេញឥទ្ធិពលដ៏ខ្លាំងក្លាប្រឆាំងនឹងក្រុងប៉េកាំង។

ទីភ្នាក់ងាសារព័ត៌មានរបស់អង់គ្លេស Reuters (រ៉យទ័រស៍) បានផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ថា ក្រុមមន្រ្ដីជប៉ុន ទាំងជំនាន់ចាស់ និងបច្ចុប្បន្ន ព្រមទាំងក្រុមអ្នកវិភាគជាច្រើន បានលើកឡើង ថា ប្រទេសចិន អាចនឹងគិតពិចារណាឡើងវិញ ចំពោះយុទ្ធនាការដាក់សម្ពាធកាន់តែខ្លាំងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ប្រឆាំងនឹងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណា តាកៃឈិ (Sanae Takaichi) ប្រសិនបើលោកស្រី ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកលរបស់ជប៉ុន នាថ្ងៃទី៨ ខែកុម្ភៈខាងមុខនេះ។

ត្រឹមតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីការឡើងកាន់តំណែង ជានាយករដ្ឋមន្រ្ដីជប៉ុន កាលពីឆ្នាំ២០២៥ លោកស្រី តាកៃឈិ បានឈានដល់ជម្លោះការទូតដ៏ធំបំផុតមួយ ប្រឈមមុខនឹងក្រុងប៉េកាំង ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ជាមួយនឹងការបង្ហាញជាសាធារណៈ អំពីយុទ្ធសាស្រ្ដរបស់ក្រុងតូក្យូ អាចឆ្លើយតបនឹងការវាយប្រហាររបស់ចិន លុកលុយទៅលើកោះតៃវ៉ាន់ ដែលគ្រប់គ្រង ដោយខ្លួនឯងតាមបែបប្រជាធិបតេយ្យ តាមអ្វីដែលចិន តែងតែអះអាងជាទឹកដីរបស់ខ្លួន។
ជាប្រតិកម្មដ៏ខ្លាំងក្លាភ្លាមៗនោះ រដ្ឋាភិបាលក្រុងប៉េកាំង បានទាមទារឲ្យលោកស្រី នាយករដ្ឋមន្រ្ដី តាកៃឈិ លុបចោលនូវការអះអាងរបស់លោកស្រី។ ប៉ុន្ដែលោកស្រី នាយករដ្ឋមន្រ្ដី មិនបានលុបចោលនូវអ្វីដែលលោកស្រី បានថ្លែងទៅកាន់សភាជប៉ុន ចំពោះវិធានការយោធារបស់លោកស្រី ប្រឆាំងនឹងការលុកលុយរបស់ចិន ទៅលើកោះតៃវ៉ាន់ នោះឡើយ។ ទន្ទឹមគ្នានេះដែរ រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញនូវវិធានការ សងសឹកជាបន្តបន្ទាប់ ដែលកំពុងតែចាប់ផ្តើមថ្លឹងថ្លែង ប្រឆាំងនឹងប្រទេសមហាសេដ្ឋកិច្ចដ៏បំផុតលំដាប់លេខ៤របស់ពិភពលោកមួយនេះ។

លោក កាហ្ស៊ូហ៊ីសា ស៊ីម៉ាដា (Kazuhisa Shimada) អតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ ថា៖«ការគិតដំបូងរបស់ចិន គឺប្រហែលជាព្យាយាម ទាញទម្លាក់រដ្ឋាភិបាលរបស់លោកស្រី តាកៃឈិ។ ប៉ុន្តែការបោះឆ្នោត នាពេលនេះ ពិតមានសារៈសំខាន់ខ្លាំងណាស់…ប្រសិនរដ្ឋាភិបាលរបស់លោកស្រី តាកៃឈិ ទន់ខ្សោយ នឹងមិនទទួលបានការយកចិត្តទុកដាក់ខ្លាំង ពីប្រជាជនជប៉ុន នោះឡើយ»។

ទោះជាយ៉ាងណាក៏ដោយ ស្ដ្រីដំបូងដែលបានក្លាយជាមេដឹកនាំជប៉ុន សង្ឃឹម ថា នឹងទាញយកប្រយោជន៍ អំពីការផ្តល់ចំណាត់ការយល់ព្រមផ្ទាល់ខ្លួនខ្ពស់របស់លោកស្រី ដែលស្ទើរតែមិនជាប់ពាក់ព័ន្ធនឹងចិន សម្រាប់ការជំរុញឱ្យមានសំឡេង ភាគច្រើន នៅក្នុងសភា។

បើតាមការស្ទង់មតិមួយ បានបង្ហាញ កាលពីថ្ងៃព្រហស្បតិ៍ ថា លោកស្រី តាកៃឈិ អាចនឹងស្ថិតក្នុងដំណើរឆ្ពោះទៅរកជ័យជម្នះ ទោះជាអ្នកវិភាគ បានពណ៌នា អំពីសន្លឹកឆ្នោតរបស់ប្រជាជនជប៉ុន ក្លាយជាសន្លឹកឆ្នោត ដែលមិនអាចទាយទុកជាមុនបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះក្ដី។
មន្ត្រីជាន់ខ្ពស់មួយរូបរបស់រដ្ឋាភិបាលជប៉ុន បានអះអាងដោយសុំលក្ខខណ្ឌមិនបញ្ចេញអត្ដសញ្ញាណ ព្រោះវាជារឿងរសើប ថា ជ័យជម្នះដ៏ធំមួយ នឹងជួយផ្ញើសារទៅកាន់ក្រុងប៉េកាំង ថា ការបញ្ចេញប្រតិកម្មដ៏ខ្លាំងក្លារបស់ចិន មិនបានធ្វើឱ្យខូចខាតដល់សំឡេងគាំទ្រ នៅក្នុងប្រទេសជប៉ុន សម្រាប់ការគាំទ្រលោកស្រី តាកៃឈិ នោះឡើយ។ ការទប់ស្កាត់សេដ្ឋកិច្ចរបស់ប្រទេសចិន មកលើដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ក៏អាចមានប្រតិកម្មផងដែរ ខណៈលោកស្រី តាកៃឈិ ប៉ុនប៉ងបន្ដកាន់តំណែងរបស់លោកស្រី ហើយវាជាមនោគមវិជ្ជាដ៏គ្រោះថ្នាក់ ដែលធ្វើឲ្យអតីតកាលយោធានិយមរបស់ជប៉ុន បរាជ័យ នៅក្នុងការទាក់ទាញអន្តរជាតិ។

មន្រ្ដីជាន់ខ្ពស់របស់ជប៉ុន រូបនេះ បានបញ្ជាក់ ថា កត្តាទាំងនោះគួរតែបង្ខំចិន ឲ្យមានទំនាក់ទំនងជាមួយជប៉ុនឡើងវិញ។ យ៉ាងណាមិញ មកទល់ពេលនេះ ក្រុងប៉េកាំង មិនបានបង្ហាញអំពីសញ្ញាដកថយក្រោយនោះទេ។

មន្ត្រីចិនមួយរូប ដែលសុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានទទួលស្គាល់ ថា ការបោះឆ្នោតនៅជប៉ុន អាចនាំមកនូវផលប្រយោជន៍នយោបាយរយៈពេលខ្លីដល់លោកស្រី តាកៃឈិ ប៉ុន្តែគាត់បានព្រមាន ថា ចុងក្រោយ ប្រជាជនជប៉ុន នឹងមើលឃើញអំពីតម្លៃការទូត និងសេដ្ឋកិច្ច សម្រាប់ការឆ្លងកាត់ប្រទេសចិន។

លោកស្រី តាកៃឈិ បានបញ្ជាក់ ថា លោកស្រី នឹងលាលែងពីតំណែង ប្រសិនបើរដ្ឋាភិបាលចម្រុះរបស់លោកស្រី ចាញ់ភាគច្រើន៕

អត្ថបទដែលជាប់ទាក់ទង