ប្រមុខមន្ទីរបញ្ចកោណ ប្រាប់អំពីទាហានរង់ចាំតែបទបញ្ជា វាយប្រហារអ៊ីរ៉ង់

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែង ទៅលើប្រទេសអ៊ីរ៉ង់ អំពីពេលវេលា នៅសល់ដ៏តិចតួច សម្រាប់ការចរចានោះមក ប្រមុខមន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក ក៏ប្រាប់អំពីកងកម្លាំងរបស់ខ្លួន កំពុងតែត្រៀមខ្លួនរួចរាល់ សម្រាប់ការទទួលតែបទបញ្ជាប៉ុណ្ណោះ។

បណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋ អារ៉ាប៊ីសាអូឌីត Al Arabiya បានផ្សាយ នៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ថា លោក ផេត ហេគសេត (Pete Hegseth) រដ្ឋមន្រ្ដីក្រសួងសង្គ្រាមសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា កម្លាំងយោធាសហរដ្ឋអាមេរិក នឹងត្រៀមខ្លួន ធ្វើអ្វីគ្រប់យ៉ាង តាមអ្វីដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) សម្រេចចិត្ត លើប្រទេសអ៊ីរ៉ង់ ដើម្បីធានា ថា រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ នឹងមិនអាចមានសមត្ថភាព បន្ដនូវកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនបាន។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសួរទៅកាន់ប្រមុខការពារជាតិសហរដ្ឋអាមេរិក នៅឯកិច្ចប្រជុំគណៈរដ្ឋមន្រ្ដី ដើម្បីធ្វើអត្ថាធិប្បាយ អំពីស្ថានការណ៍ នៅតំបន់មជ្ឈិមបូព៌ា ជាមួយនឹងការប្រមូលផ្ដុំកម្លាំងទ័ពដ៏ធំរបស់សហរដ្ឋអាមេរិក នៅតំបន់នោះ។

លោករដ្ឋមន្រ្ដី ហេគសេត បានថ្លែង ដោយសំដៅទៅលើការប្តូរឈ្មោះក្រៅផ្លូវការរបស់រដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ ចំពោះក្រសួងសង្គ្រាម ថា៖«ប្រទេសអ៊ីរ៉ង់ មិនគួរបន្តសមត្ថភាពនុយក្លេអ៊ែរនោះទេ។ យើងនឹងរៀបចំ សម្រាប់ការផ្តល់នូវអ្វីៗដែលលោកប្រធានាធិបតី ត្រាំ រំពឹងទុក ពីក្រសួងសង្គ្រាមសហរដ្ឋអាមេរិក។


ទន្ទឹមគ្នានេះដែរ ក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ឥឡូវ លោកប្រធានាធិបតី ត្រាំ កំពុងតែពិនិត្យមើល អំពីជម្រើសជាច្រើនរបស់គាត់ ប៉ុន្តែលោកប្រធានាធិបតី នៅមិនទាន់សម្រេចចិត្ត ថា នឹងវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ឬយ៉ាងណានៅឡើយ។

ភាពតានតឹង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឡើងកម្ដៅបន្ថែមទៀត បន្ទាប់ពីការបង្រ្កាបយ៉ាងបង្ហូរឈាម ប្រឆាំងនឹងការតវ៉ា នៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយអាជ្ញាធរនានា នៃរបបដឹកនាំរបស់បព្វជិតអ៊ិស្លាម លោក អាលី ខាមេនី នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅថ្មីៗនេះ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមម្តងហើយម្តងទៀត ថា សហរដ្ឋអាមេរិក នឹងធ្វើអន្តរាគមន៍ ប្រសិនបើអ៊ីរ៉ង់ នៅតែបន្តសម្លាប់បាតុករ ប៉ុន្តែបាតុកម្មនៅទូទាំងប្រទេស ជុំវិញឯកជនភាពផ្នែកសេដ្ឋកិច្ច និងការគាបសង្កត់ផ្នែកនយោបាយ បានថយចុះ ចាប់តាំងពីពេលនោះមក។

បន្ថែមពីលនេះ លោកប្រធានាធិបតី ត្រាំ ក៏បានសង្កត់ធ្ងន់ ថា សហរដ្ឋអាមេរិក នឹងចាត់វិធានការ ប្រសិនបើក្រុងតេអេរ៉ង់ ចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសកាលពីខែមិថុនា ឆ្នាំ២០២៥ ដោយកងកម្លាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក លើរោងចក្រនុយក្លេអ៊ែរចំនួន៣របស់អ៊ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង