វៀតណាម រឹបអូសកាហ្វេរាប់សិបតោន ផលិតពីសណ្ដែកសៀង
រដ្ឋធានីហាណូយ៖ ក្រសួងសន្តិសុខសាធារណៈវៀតណាម បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា ប៉ូលិសវៀតណាម បានបើកការស៊ើបអង្កេតពីបទឧក្រិដ្ឋកម្ម ទៅលើឃ្លាំងមួយ ដែលត្រូវបានចោទប្រកាន់ ពីបទផលិតកាហ្វេក្លែងក្លាយ ដែលធ្វើពីសណ្តែកសៀង បន្ទាប់ពីការវាយឆ្មក់ចាប់ កាលពីដើមសប្តាហ៍នេះ។ នេះបើតាមសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦។

ក្រសួងសន្តិសុខសាធារណៈវៀតណាម បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា ប៉ូលិស បានរឹបអូសផលិតផលកាហ្វេក្លែងក្លាយ ចំនួន៤,១ តោន និង វត្ថុធាតុដើម ចំនួន៣តោន នៅក្នុងអំឡុងវាយឆ្មក់ឆែកឆេរឃ្លាំងមួយ ស្ថិតក្នុងខេត្តខ្ពង់រាប ភាគកណ្ដាលឡាមដុង ( Lam Dong)។ ស្របគ្នានេះ ម្ចាស់ឃ្លាំង ឈ្មោះ Luong Viet Kiem (លួង វៀត គៀម) បានសារភាពប្រាប់សមត្ថកិច្ច ថា ក្រុមហ៊ុនរបស់លោក បានលាយសណ្តែកសៀង និង សារធាតុបន្ថែមរសជាតិ ជាមួយគ្រាប់កាហ្វេ ដើម្បីផលិតកាហ្វេកិន សម្រាប់ទីផ្សារក្នុងស្រុក។
ប៉ូលិសវៀតណាម បាបញ្ជាក់ ថា ការឆ្មក់ចូលឆែកឆេរឃ្លាំងដដែល បានធ្វើឡើង ក្រោយប៉ូលិស បានឆែកឆេររថយន្ដដឹកទំនិញមួយគ្រឿង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។ នៅក្នុងរថយន្ដនោះ មានដឹកកាហ្វេកិន ចំនួន ១ ០៥៦បាវ ដែលមានទម្ងន់សរុប៥២៨គីឡូក្រាម ដោយគ្មានឯកសារភ្ជាប់មកជាមួយ ហើយការស៊ើបអង្កេតបន្ថែមទៀត កំពុងតែដំណើរការ។

ដោយឡែក លោក ង្វៀន កាង ថូ (Nguyen Quang Tho) ជាអ្នកលក់កាហ្វេវៀតណាមម្នាក់ នៅខេត្តដាក់ដាក់ (Dak Lak) នៅជាប់ខេត្ត Lam Dong បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រស៍ ថា៖ «ផលិតផលកាហ្វេក្លែងក្លាយ មិនមែនជារឿងកម្រនោះទេ ហើយវាអាចផលិត ចេញពីសណ្តែកសៀង ឬពោតក៏មានដែរ។ ទាំងសណ្តែកសៀង និងពោត អាចបរិភោគបាន ហើយវាមានតម្លៃថោកជាងគ្រាប់កាហ្វេពិតប្រាកដ។ ប៉ុន្តែអ្នកណាទៅដឹង ថា វាមានសុវត្ថិភាពសម្រាប់សុខភាពឬអត់នោះ ខណៈផឹកផលិតផលកាហ្វេក្លែងក្លាយទាំងនេះ?
សូមរម្លឹកឡើងវិញ ថា កាលពីឆ្នាំ២០១៨ ប៉ូលិសនៅតំបន់ខ្ពង់រាបកណ្តាល ធ្លាប់ខ្លួនមនុស្ស ចំនួន៥នាក់ ដែលបានសង្ស័យ ថា ពួកគេបានប្រើប្រាស់សារធាតុគីមី ពីថ្មពិល ដើម្បីជ្រលក់កាកសំណល់កាហ្វេ ហើយលក់ល្បាយនេះ ទៅជាម្រេចខ្មៅ។
