ប្រទេសចិន ប្រហារជីវិតមនុស្សជាង១០នាក់ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកនៅភូមា

រដ្ឋធានីប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយ គ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ថា ប្រទេសចិន បានប្រហារជីវិតមនុស្សចំនួន១១ ដោយសារតែពួកគេ មានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន នៅប្រទេសមីយ៉ាន់ម៉ា រួមទាំង សមាជិកសំខាន់ៗ នៃក្រុមប្រតិបត្តិការបោកប្រាស់តាមអ៊ិនធើរណេត ខណៈក្រុងប៉េកាំង ពង្រឹងនូវការឆ្លើយតបរបស់ខ្លួន ចំពោះឧស្សាហកម្មឆ្លងដែនដ៏ធំទូលាយ។ នេះបើតាមកាសែតភូមា The Irrawaddy (ឌឺ អ៊ីរ៉ាវ៉ាដឌី) បានផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦។
សមាសធាតុ នៃការក្លែងបន្លំនេះ គឺក្រុមឧក្រិដ្ឋជនបោកប្រាស់ បានទាក់ទាញអ្នកប្រើប្រាស់ប្រព័ន្ធអ៊ិនធើរណេត ឱ្យចូលទៅក្នុងទំនាក់ទំនងស្នេហាក្លែងក្លាយ និង ការវិនិយោគរូបិយប័ណ្ណគ្រីបតូ រហូតរីកដុះដាលពាសពេញ នៅតំបន់អាស៊ីអាគ្នេយ៍ ដោយរួមទាំងតំបន់នានា នៅតាមព្រំដែន ដែលគ្មានច្បាប់ទម្លាប់របស់ប្រទេសមីយ៉ាន់ម៉ា ផងដែរ។

ដំបូងឡើយ ក្រុមឧក្រិដ្ឋជនឆបោក បានផ្តោតយ៉ាងសំខាន់ ទៅលើអ្នកចេះនិយាយភាសាចិន។ បន្ទាប់មក ពួកគេបានពង្រីកប្រតិបត្តិការទៅកាន់អ្នកចេះភាសាផ្សេងៗទៀត សម្រាប់អូសទាញជនរងគ្រោះ មកពីជុំវិញពិភពលោក ដើម្បីឲ្យធ្លាក់ចូលទៅក្នុងកលល្បិចរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលជាច្រើន នៅក្នុងតំបន់ ដើម្បីបង្រ្កាបទៅលើសមាសធាតុនានា ហើយមនុស្សរាប់ពាន់នាក់ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ ដើម្បីប្រឈមមុខនឹងការកាត់ទោស តាមប្រព័ន្ធយុត្តិធម៌របស់ប្រទេសចិន៕