ចិន កំពុងប្រជែងជាមួយកំពូលមហាសេដ្ឋីពិភពលោករបស់អាមេរិក ចាប់តាំងពីរថយន្ដដល់វិស័យអវកាស
រដ្ឋធានីប៉េកាំង៖ កំពូលមហាសេដ្ឋីពិភពលោករបស់សហរដ្ឋអាមេរិក លោក អេឡុន ម៉ាស់ខ៍ បានកសាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សដ៏ល្បីល្បាញ នៅលើភពផែនដីនេះ ចាប់តាំងពីក្រុមហ៊ុនរថយន្ដអគ្គិសនី Tesla រហូតដល់ក្រុមហ៊ុនអវកាស Xspace ប៉ុន្ដែឥឡូវគាត់បានទៅបង្កើតមូលដ្ឋានផលិតកម្មដ៏ធំបំផុត នៅប្រទេសចិន ដែលជាការប្រកួតប្រជែងដោយផ្ទាល់ ជាមួយនឹងក្រុមហ៊ុនជាច្រើន នៅក្នុងប្រទេសមហាយក្សអាស៊ីមួយនេះ។
បណ្ដាញទូរទស្សន៍របស់ឥណ្ឌា First Post បានផ្សាយ កាលពីចុងខែមករា ឆ្នាំ២០២៦ ថា បន្ទាប់ពីការកោតសរសើរជាសាធារណៈនៅក្នុងប្រទេសចិន ឥឡូវនេះ កំពូលមហាសេដ្ឋីលំដាប់លេខ១របស់ពិភពលោក លោក អេឡុនម៉ាស់ខ៍ (Elon Musk) កំពុងតែប្រឈមមុខជាមួយនឹងការប្រកួតប្រជែង ដោយផ្ទាល់ពីក្រុមហ៊ុនចិន លើរថយន្ដអគ្គិសនី បញ្ញាសិប្បនិមិត្ដ និង បច្ចេកវិទ្យាអវកាស។
ក្រុមហ៊ុនរថយន្ដអគ្គិសនី Tesla បានកសាងមូលដ្ឋានផលិតកម្មដ៏ធំបំផុតរបស់ខ្លួន នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដោយបានផលិតរថយន្ដ ប្រហែលជាងពាក់កណ្តាល នៅទូទាំងពិភពលោក។ ប៉ុន្តែកាលពីឆ្នាំ២០២៥ ក្រុមហ៊ុនរថយន្ដអគ្គិសនីរបស់ចិន BYD បានក្លាយជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីកំពូលរបស់ពិភពលោក ដោយបានលក់រថយន្តជាងពីរលានគ្រឿង ខណៈរថយន្ដ Tesla បានកត់ត្រា អំពីការធ្លាក់ចុះការលក់ និងប្រាក់ចំណេញពីរឆ្នាំជាប់គ្នាៗ។ បន្ទាប់មក ក្រុមហ៊ុន SpaceX របស់លោក Elon Musk ចង់បង្កើតមជ្ឈមណ្ឌលទិន្នន័យនៅអវកាស។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនជាច្រើនរបស់ចិន ក៏កំពុងតែប្រកួតប្រជែងជាមួយនឹងកំពូលមហាសេដ្ឋីសហរដ្ឋអាមេរិកម្នាក់នេះ ម្ដងទៀតនៅទីនោះ។ តើទាំងអស់នេះ មានន័យយ៉ាងណា? តើកំពូលមហាសេដ្ឋី អេឡុន ម៉ាស់ខ៍ អាចឈ្នះចិនបានដែរឬទេ?