មេទ័ពកំពូលសហរដ្ឋអាមេរិក ប្រជុំ​​បិទទ្វារជាមួយអ៊ីស្រាអែល​​ ចំពេលអ៊ីរ៉ង់ព្រមានអំពីសង្គ្រាមក្នុងតំបន់​

រដ្ឋធានីវ៉ាស៊ីតោន៖ រហូតមកដល់ពេលនេះ ភាពតានតឹង រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងតេអ៊ីរ៉ង់ កំពុងតែឡើងកម្ដៅ កាន់តែខ្លាំង​បន្ថែមទៀត ហើយមន្ទីរបញ្ចកោណ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក (ក្រសួងការពារជាតិ) បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចចរចាយោធា​ រវាងអ៊ីស្រាអែល និង សហរដ្ឋអាមេរិក ជុំវិញការព្រមានរបស់អ៊ីរ៉ង់ អំពីសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា។

បណ្ដាញទូរទស្សន៍របស់ឥណ្ឌា First Post បានផ្សាយ កាលពីរាត្រី ថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ថា មន្រ្ដីអាមេរិក បានសុំលក្ខខណ្ឌ មិនបញ្ចេញអត្ដសញ្ញាណ ជាមួយនឹងការអះអាង ថា មន្ត្រីជាន់ខ្ពស់អាមេរិក និងអ៊ីស្រាអែល បានប្រាប់រ៉យទ័រស៍ (Reuters) កាលពីថ្ងៃអាទិត្យ ថា មេដឹកនាំជាន់ខ្ពស់យោធាអាមេរិក និងអ៊ីស្រាអែល បានជួបប្រជុំសម្ងាត់ នៅមន្ទីរមន្ទីរបញ្ចកោណ កាលពីថ្ងៃសុក្រ ខណៈ​ភាពតានតឹង ជាមួយអ៊ីរ៉ង់ នៅតែបន្តកើនឡើង។​

កិច្ចពិភាក្សាបិទទ្វាររបស់ក្រុមមន្រ្ដីយោធាទាំង២ប្រទេសនេះ មានការ​​ចូលរួមពីលោកឧត្តមសេនីយ៍​ ដាន ខេន (Dan Caine) នាយអគ្គ​សេនាធិការចម្រុះកងទ័ពសហរដ្ឋអាមេរិក និងលោកឧត្ដមសេនីយ៍ អេយ៉ាល់ ហ្សាមែរ (Eyal Zamir) អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល។ ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្រ្ដីសហរដ្ឋអាមេរិក និង​អ៊ីស្រាអែល មិនផ្ដល់​​ព័ត៌មាន​លម្អិតណាមួយ ពាក់ព័ន្ធនឹង​​ជំនួប​នេះ​​​ឡើយ ហើយ​កិច្ចប្រជុំនេះ ក៏​​មិន​ត្រូវ​បាន​រាយការណ៍​ឲ្យដឹង ជា​មុននោះដែរ។

​​កិច្ចប្រជុំនេះ បានធ្វើឡើង ចំពេល​ក្រុងវ៉ាស៊ីនតោន បានពង្រឹងគោលជំហរយោធារបស់ខ្លួន នៅក្នុងតំបន់អាស៊ីខាងលិច ជាមួយនឹងការពង្រីកការដាក់ពង្រាយកងទ័ពជើងទឹករបស់ខ្លួន និងពង្រឹងកិច្ច​ការពារដែនអាកាស បន្ទាប់ពីមានការគំរាមកំហែងម្តងហើយម្តងទៀតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ប្រឆាំងនឹងអ៊ីរ៉ង់។ សកម្មភាពយោធាសហរដ្ឋអាមេរិក ​មានគោលបំណង ដាក់សម្ពាធទៅលើរដ្ឋាភិបាលក្រុងតេអេរ៉ង់ ដើម្បីងាកមករកការ​ចរចា។ ប៉ុន្តែក្រុមមេដឹកនាំអ៊ីរ៉ង់ បានព្រមាន កាលពីថ្ងៃអាទិត្យ ថា ការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិក នឹងបង្កឱ្យមានជម្លោះ ក្នុងតំបន់ កាន់តែរីកធំឡើង​។

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូលឡោះ អាលី ខាមេនី (Ayatollah Ali Khamenei) បានបង្កើនវោហារសាស្ត្រ​​បន្ថែមទៀត ជាមួយនឹងការលើកឡើង ​ថា ការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិក នឹងបញ្ឆេះ​សង្រ្គាមក្នុងតំបន់ នៅទូទាំង​​អាស៊ីខាងលិច។ ការអត្ថាធិប្បាយរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានធ្វើឡើង ក្រោយ​មានការព្រមានរបស់លោកប្រធានាធិបតី ដូណាល់ ​ត្រាំ អំពីសកម្មភាពយោធា ដែលអាចកើតមាន ប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាម ដែលភ្ជាប់ទៅនឹងការបង្រ្កាប ដោយហិង្សារបស់​ក្រុងតេអ៊ីរ៉ង់ ​លើការតវ៉ា នៅទូទាំងប្រទេស កាលពីពេល​ថ្មីៗនេះ។

ការលើកឡើង​របស់លោក ខាមេនី ​​វ័យ៨៦​​ឆ្នាំ គឺជាការព្រមានដ៏ច្បាស់លាស់បំផុតរបស់គាត់ ចំពោះសហរដ្ឋអាមេរិក ចំពេលមានការ​ដាក់ពង្រាយនាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln (យូអេសអេស អាប្រាមលីនខន់) និងអមដោយនាវាចម្បាំង ទៅកាន់សមុទ្រអារ៉ាប់ ដែលបញ្ជានេះ បានកើតឡើង បន្ទាប់ពីភាពចលាចល នៅក្នុងប្រទេសអ៊ីរ៉ង់៕ ប្រែសម្រួល ដោយលោក ណុប ស៊ីនួន

អត្ថបទដែលជាប់ទាក់ទង