មេដឹកនាំកំពូលអ៊ីរ៉ង់ ដាក់ឈ្មោះទាហានអឺរ៉ុប ជាក្រុមភេរវករ
រដ្ឋធានីតេអ៊ីរ៉ង់៖ សហភាពអឺរ៉ុប បានរៀបចំដាក់ឈ្មោះកងកម្លាំងឆ្មាំបដិវត្ដន៍អ៊ីរ៉ង់ ជាអង្គការភេរវករ ក្រោយពេលអាជ្ញាធររបស់ប្រទេសនេះ បានបង្ក្រាបយ៉ាងឃោរឃៅ ប្រឆាំងនឹងការតវ៉ាដ៏រញ្ជួយ នៅទូទាំងប្រទេស ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងតិចណាស់ ចំនួន៦ពាន់នាក់បាត់បង់ជីវិត ចាប់តាំងពីបដិវត្ដន៍អ៊ិស្លាម បានផ្ដួលរំលំរបបរាជានិយមអ៊ីរ៉ង់ នាឆ្នាំ១៩៧៩ រហូតមក ប៉ុន្ដែជាការសងសឹកវិញនោះ របបគ្រប់គ្រងរបស់ក្រុងតេអ៊ីរ៉ង់ បានហៅទាហានរបស់ប្លុកលោកសេរីមួយនេះ ដូចអ្វីដែលពួកគេ បានធ្វើមកលើកងទ័ពរបស់ខ្លួនអ៊ីចឹងដែរ។
ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានផ្សាយ កាលពីថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ថា មេដឹកនាំអ៊ីរ៉ង់ បានព្រមាន អំពីសង្គ្រាម នៅទូទាំងតំបន់អាស៊ីខាងលិច ប្រសិនបើសហរដ្ឋអាមេរិក បើការវាយប្រហារណាមួយ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ ជម្លោះនេះ នឹងធ្វើឱ្យមានភាពតានតឹង កាន់តែខ្លាំងឡើងបន្ថែមទៀត រវាងក្រុងវ៉ាស៊ីនតោន និង ក្រុងតេអេរ៉ង់។ ស្របគ្នានេះដែរ អ៊ីរ៉ង់ បានដាក់ឈ្មោះកងទ័ពសហភាពអឺរ៉ុប ជាក្រុមភេរវករ ដែលជាសកម្មភាពសងសឹក ប្រឆាំងនឹងប្លុកលោកសេរីមួយនេះ។
សហរដ្ឋអាមេរិក បានបង្កើនវត្តមានកងទ័ពជើងទឹករបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានគំរាមអ៊ីរ៉ង់ ម្តងហើយម្តងទៀតជាមួយនឹងអន្តរាគមន៍យោធា ប្រសិនបើរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ មិនព្រមងាកមករកតុចរចាឲ្យបានឆាប់រហ័ស សម្រាប់ការបង្កើតកិច្ចព្រមព្រៀង នៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ឬក៏មិនព្រមបញ្ឈប់នូវការសម្លាប់បាតុករ នៅក្នុងប្រទេស។
ទោះជាមានការប្រឈមមុខដាក់គ្នា រវាងរបបគ្រប់គ្រងរបស់មេដឹកនាំសាសនាអ៊ីរ៉ង់ និង រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ យ៉ាងណាក៏ដោយ ក៏ភាគីទាំងពីរ បានបង្ហាញសញ្ញា ថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចពិភាក្សា ហើយសម្ពន្ធមិត្ត ក្នុងតំបន់ដូចជា ប្រទេសតួកគី ក៏កំពុងតែស្វែងរកការបន្ធូរបន្ថយនូវភាពតានតឹងនេះ។
ទន្ទឹមគ្នានេះ មន្រ្ដីមួយរូបរបស់អ៊ីរ៉ង់ បានច្រានចោលនូវរបាយការណ៍កាលពីមុនរបស់ទូរទស្សន៍គ្រប់គ្រង ដោយរដ្ឋអ៊ីរ៉ង់ Press TV (ប្រែស ធីវី) ថា កងទ័ពជើងទឹករបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅច្រកសមុទ្រហ័រមូស (Hormuz) ចន្លោះពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ ទី២ ខែកុម្ភៈ ដោយបានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ពួកគេមិនមានផែនការបែបនេះទេ ហើយសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនោះ គឺដកស្រង់ខុស។
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូលឡោះ អាលី ខាមេនី (Ayatollah Ali Khamenei) ត្រូវបានដកស្រង់សម្តី យកមកផ្សាយ នៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ថា ទោះជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ ថា លោកបានបញ្ជូនកងនាវាផ្ទុកយន្ដហោះវាយប្រហារ អមដោយនាវាពិឃាដជាច្រើនគ្រឿង មកកាន់តំបន់មជ្ឈិមបូព៌ាយ៉ាងណាក៏ដោយ ក៏ប្រជាជាតិអ៊ីរ៉ង់ នឹងមិនខ្លាចរអា ចំពោះរឿងទាំងនេះដែរ ប្រជាជនអ៊ីរ៉ង់នឹងមិនមានការញុះញង់ ចំពោះការគំរាមកំហែងទាំងនេះឡើយ។
មេដឹកនាំកំពូលអ៊ីរ៉ង់ បានសង្កត់ធ្ងន់ ថា៖«យើងមិនមែនជាអ្នកចាប់ផ្តើមគំនិតវាយប្រហារ ហើយយើងក៏មិនចង់វាយប្រហារប្រទេសណាមួយនោះដែរ។ ប៉ុន្តែប្រទេសអ៊ីរ៉ង់ នឹងវាយប្រហារយ៉ាងខ្លាំងក្លា ប្រឆាំងនឹងប្រទេសណាមួយ ដែលវាយប្រហារ និងបៀតបៀន មកលើប្រទេសរបស់យើង។
រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានដាក់ពង្រាយនាវាផ្ទុកយន្ដហោះ USS Abraham Lincoln, នាវពិឃាដចំនួន៦គ្រឿង និង នាវាប្រយុទ្ធចំនួន៣គ្រឿង នៅក្នុងតំបន់មជ្ឈិមបូព៌ា។ សកម្មភាពយោធារបស់សហរដ្ឋអាមេរិក បានធ្វើឲ្យពិភពលោក ប៉ាន់ប្រមាណអំពីការបង្កើនហានិភ័យ នៃសង្គ្រាម បន្ទាប់ពីការបង្រ្កាបដ៏សាហាវរបស់អ៊ីរ៉ង់ កាលពីដើមខែមករា ប្រឆាំងនឹងការតវ៉ា នៅទូទាំងប្រទេស ប្រឆាំងនឹងការដឹកនាំរបស់អ៊ីរ៉ង់។
បើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានឲ្យដឹង ថា លោកប្រធានធិបតី ដូណាល់ ត្រាំ កំពុងតែថ្លឹងថ្លែងអំពីជម្រើស ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដោយរួមទាំងការវាយប្រហារទៅលើគោលដៅនានា ប្រឆាំងនឹងកងកម្លាំងសន្តិសុខរបស់អ៊ីរ៉ង់ ផងដែរ៕ ប្រែសម្រួល ដោយលោក ណុប ស៊ីនួន