អគ្គីលេបត្របាក់ព្រះវិហារបុរាណ មានអាយុកាលរាប់សតវត្ស នៅប្រទេសថៃ

រាជធានីបាងកក៖ ​អាជ្ញាធរថៃ បានបញ្ជាក់ ថា ព្រះវិហារ​បុរាណតាមរចនាប័ទ្ម​​ភូមា ដែលមានអាយុរាប់សតវត្ស ស្ថិតក្នុងខេត្តឡាមផាង (​Lampang) ប្រទេសថៃ ត្រូវបានភ្លើងឆេះ អស់​​កាលពីព្រឹក ថ្ងៃអាទិត្យ។ នេះបើតាមកាសែតរបស់ថៃ Khaosod  បានផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦។

អគ្គិភ័យនេះ បានកើតឡើង នៅវេលាម៉ោង៦ និង ៣០នាទីព្រឹក ​ថ្ងៃអាទិត្យ ទី១ ​ខែកុម្ភៈ ឆ្នាំ២០២៦​ ​នៅ​វត្ត​ម៉ុន ពូ​ យ៉ា​ក (Wat Mon Pu Yak) ហៅ​ វត្ដសានថាន (Wat Santhan) ស្ថិតក្នុង​សហគមន៍​ព្រះ​បាត​២ ក្រុង​ឡាំ​ប៉ាង​ (Lampang city)។ ភ្លាមៗនោះ អាជ្ញាធរបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាង១០គ្រឿង ​ចេញទៅធ្វើអន្ដរាគមន៍បាញ់ទឹកពន្លត់។

ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រយុទ្ធនឹងអណ្តាតភ្លើង ដែលកំពុងតែឆាបឆេះ​ព្រះវិហារបុរាណយ៉ាងសន្ធោសន្ធៅ ដែលជាសំណង់ធ្វើពីឈើ និងក្រាលឥដ្ឋ ហើយត្រូវបានសាងសង់ឡើង តាមរចនាប័ទ្មស្ថាបត្យកម្មភូមា។ ​ព្រះវិហារ រួមជាមួយនឹងវត្ថុបុរាណ ទ្រព្យសម្បត្តិនៅក្នុងវិហារ និង​ព្រះពុទ្ធរូបអង្គធំ ត្រូវបានបំផ្លាញទាំងស្រុង នៅក្នុងគ្រោះអគ្គិភ័យនេះ។

អាជ្ញាធរថៃ បានបញ្ជាក់ ថា ដំបូងឡើយ ក្រុមមន្ត្រីពន្លត់អគ្គិភ័យ មានការព្រួយបារម្ភខ្លាំង ចំពោះសុវត្ថិភាពរបស់ព្រះចៅអធិការ ដែលគង់នៅតែមួយអង្គឯង នៅក្នុងព្រះវិហារ។ ប៉ុន្តែក្រោយមក ទើបដឹង​ ថា ព្រះអង្គ បាន​និមន្ដទៅចូលរួមក្នុងពិធីសាសនាមួយ នៅឯខេត្តតាក់ (Tak) ហើយក៏មិន​អ្វីកើតឡើង ចំពោះព្រះអង្គនោះដែរ។​​ បច្ចុប្បន្ន អាជ្ញាធរកំពុងតែស៊ើបអង្កេត ពីករណីគ្រោះអគ្គិភ័យនេះ៕​​ ប្រែសម្រួល ដោយលោក ណុប ស៊ីនួន

អត្ថបទដែលជាប់ទាក់ទង