ការស្ទង់មតិមួយ បង្ហាញពីនាយករដ្ឋមន្រ្ដីស្រីជប៉ុន អាចនឹងឈ្នះភ្លូកទឹកភ្លូកដី
រាជធានីតូក្យូ៖ កាសែតជប៉ុន Asahi (អាសាហ៊ី) កាលពីថ្ងៃអាទិត្យ បានបង្ហាញអំពីការស្ទង់មតិរបស់ខ្លួន ជាមួយនឹងលទ្ធផល បង្ហាញ ថា គណបក្សដែលកំពុងតែគ្រប់គ្រងអំណាចនៅជប៉ុន គឺលោកនាយករដ្ឋមន្ត្រី សាណា តាកៃឈិ (Sanae Takaichi) ទំនងនឹងជាទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសភាជាន់ទាប នៅថ្ងៃទី៨ ខែកុម្ភៈ។ នេះបើតាមគេហទំព័រទូរទស្សន៍របស់សិង្ហបុរី Channel News Asia បានផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦។
ការស្ទង់មតិនេះ បានបង្ហាញអំពីការគាំទ្រដ៏រឹងមាំ នៅក្នុងការបោះឆ្នោត ជាមួយនឹងលទ្ធផល អាចទាយទុកជាមុន ថា គណបក្សរបស់លោកស្រី តាកៃឈិ និង លោកស្រី អាចនឹងបន្ដអាណត្ដិរបស់លោកស្រី សម្រាប់ការអនុវត្ដនូវគោលនយោបាយសារពើពន្ធរបស់លោកស្រី ដែលអាចបង្កើនការព្រួយបារម្ភ អំពីហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន។
បើតាមការស្ទង់មតិរបស់កាសែត Asahi បានឲ្យដឹង ថា គណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) របស់លោកស្រី តាកៃឈិ ទំនងជានឹងទទួលបានកៅអី ភាគច្រើន លើសពី២៣៣អាសនៈ នៅក្នុងចំណោមអាសនៈទាំង៤៦៥កៅអី នៅក្នុងសភាជាន់ទាបរបស់ជប៉ុន។ ចំនួននេះ នឹងកើនឡើង លើសពីអាសនៈបច្ចុប្បន្ន ចំនួន១៩៨កៅអី។ ប៉ុន្ដែបើគិតជាមួយគណបក្សជាដៃគូ នៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោកស្រី តាកៃឈិ អាចនឹងទទួលបានអាសនៈ ជាង៣០០កៅអី។
លោកស្រី សាណា តាកៃឈិ (Sanae Takaichi) គ្រាន់តែបានចូលមកកាន់តំណែងនាយករដ្ឋមន្រ្ដីជប៉ុន មិនបានប៉ុន្មានសប្ដាហ៍ផង ក៏ក្លាយជាចំណុចស្នូល នៃភាពតានតឹងការទូតដ៏ខ្លាំងក្លាបំផុត រវាងរដ្ឋាភិបាលក្រុងតូក្យូ និង ក្រុងប៉េកាំង ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ។ លោកស្រី នាយករដ្ឋមន្រ្ដី តាកៃឈិ បានបង្ហាញជាសាធារណៈ អំពីយុទ្ធសាស្រ្ដរបស់ក្រុងតូក្យូ អាចឆ្លើយតបនឹងការវាយប្រហាររបស់ចិន លុកលុយទៅលើកោះតៃវ៉ាន់ ដែលគ្រប់គ្រង ដោយខ្លួនឯងតាមបែបប្រជាធិបតេយ្យ តាមអ្វីដែលចិន តែងតែអះអាងជាទឹកដីរបស់ខ្លួន។
ជាប្រតិកម្មដ៏ខ្លាំងក្លាភ្លាមៗនោះ រដ្ឋាភិបាលក្រុងប៉េកាំង បានទាមទារឲ្យលោកស្រី នាយករដ្ឋមន្រ្ដី តាកៃឈិ លុបចោលនូវការអះអាងរបស់លោកស្រី។ ប៉ុន្ដែលោកស្រី នាយករដ្ឋមន្រ្ដី មិនបានលុបចោលនូវអ្វីដែលលោកស្រី បានថ្លែងទៅកាន់សភាជប៉ុន ចំពោះវិធានការយោធារបស់លោកស្រី ប្រឆាំងនឹងការលុកលុយរបស់ចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ នោះឡើយ។ ទន្ទឹមគ្នានេះដែរ រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញនូវវិធានការ សងសឹកជាបន្តបន្ទាប់ ដែលកំពុងតែចាប់ផ្តើមថ្លឹងថ្លែង ប្រឆាំងនឹងប្រទេសមហាសេដ្ឋកិច្ចដ៏បំផុតលំដាប់លេខ៤របស់ពិភពលោកមួយនេះ។
លោកស្រី តាកៃឈិ បានបញ្ជាក់ ថា លោកស្រី នឹងលាលែងពីតំណែង ប្រសិនបើរដ្ឋាភិបាលចម្រុះរបស់លោកស្រី ចាញ់ភាគច្រើន៕ ប្រែសម្រួលដោយលោក ណុប ស៊ីនួន