ហេតុអ្វីតម្លៃមាស-ប្រាក់ ធ្លាក់ចុះវិញភ្លាមៗ?
រដ្ឋធានីប៊ែរឡាំង៖ មនុស្សជាតិ នៅទូទាំងពិភពលោក តែងតែកំណត់យកមាស និង ប្រាក់ ធ្វើជាទ្រព្យសម្បត្ដិប្រកបដោយសុវត្ថិភាព នៅក្នុងការដោះដូរទំនិញទៅវិញទៅមក ប៉ុន្ដែមួយរយៈពេលចុងក្រោយនេះ តម្លៃលោហធាតុទាំង២ប្រភេទនេះ បានហក់ឡើងខ្ពស់បំផុត ខណៈឥឡូវតម្លៃរបស់វា បានធ្លាក់ចុះមកវិញភ្លាមៗ តើមានអ្វីកើតឡើង សម្រាប់តម្លៃមាស និង ប្រាក់ កាលពីសប្ដាហ៍មុន?
បណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋ អាល្លឺម៉ង់ DW បានផ្សាយ ថា ក្រោយពេលតម្លៃមាស បានហក់ឡើងខ្ពស់បំផុត រហូតដល់ជាង ៥ ៥៨០ដុល្លារអាមេរិក ក្នុងមួយអោនស៍ (Ounce) កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ តែនៅថ្ងៃសុក្រ ក៏បានធ្លាក់ចុះមកវិញ ប្រហែល៩ភាគរយ ហើយកាលពីថ្ងៃចន្ទ ទី២ ខែកុម្ភៈ បានបន្ដធ្លាក់ចុះ៣,៣ភាគរយ ដោយតម្លៃរបស់វា នៅសល់ត្រឹមតែ ៤ ៥៤៥ដុល្លារ ក្នុងមួយអោនស៍ (ឬស្មើនឹងជិត២៨,៣៥ក្រាម)។
កំណត់ត្រាថ្មី នៅមុនពេលតម្លៃមាស បានធ្លាក់ចុះនោះ ក៏ដោយសារតែក្រុមវិនិយោគិនធំៗ បានសម្រុកទិញទ្រព្យសម្បត្តិប្រកបដោយសុវត្ថិភាព យកទៅស្ដុកទុក ចំពេលមានអតិផរណាដ៏ខ្លាំងក្លា នៅក្នុងចំណោមប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗរបស់ពិភពលោក និង ភាពតានតឹងខាងភូមិសាស្ត្រនយោបាយ ជុំវិញទំនាក់ទំនងពាណិជ្ជកម្មសហរដ្ឋអាមេរិក-ចិន, មហិច្ឆតារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការកាន់កាប់មហាកោះហ្គ្រីនឡែនដ៍ (Greenland) របស់ប្រទេសដាណឺម៉ាក, សង្គ្រាមរបស់រុស្ស៊ី នៅប្រទេសអ៊ុយក្រែន និងតួនាទីរបស់អ៊ីរ៉ង់ ពាក់ព័ន្ធនឹងជម្លោះក្នុងតំបន់។
ស្របគ្នានេះដែរ បណ្ដាទីផ្សារហិរញ្ញវត្ថុ ក៏បានប្រតិកម្ម ចំពោះការរំពឹងទុក លើការកាត់បន្ថយការប្រាក់ ដែលនឹងជិតចូលមកដល់ ដោយធនាគារកណ្តាលសហរដ្ឋអាមេរិក។ ការផ្លាស់ប្តូរជាធម្មតានេះ ធ្វើឱ្យប្រាក់ដុល្លារធ្លាក់ថ្លៃ និងជំរុញឲ្យតម្រូវការមាសកើនឡើង។
កម្លាំងមួយទៀតដែលជំរុញឱ្យតម្លៃមាស កាន់តែកើនឡើងខ្ពស់ ក៏ដោយសារតែរលក នៃការទិញ សម្រាប់ជាជម្រើស នៃការហៅតាមទូរស័រព្ទ ដូចជា កិច្ចសន្យាដែលផ្តល់ឱ្យសិទ្ធិដល់ក្រុមពាណិជ្ជករ ក្នុងការទិញផលិតផលហិរញ្ញវត្ថុ មានដូច មាសក្នុងតម្លៃ ដែលបានកំណត់ នាពេលអនាគត។ ជម្រើសបែបនេះ បានបង្ខំអ្នកលក់ឱ្យទិញលោហធាតុ ដោយខ្លួនឯង ដើម្បីការពារនូវការខាតបង់ ដែលអាចកើតមាន ទើបជំរុញឱ្យតម្លៃកាន់តែឡើងថ្លៃខ្ពស់។
ស្របគ្នានេះដែរ តម្លៃប្រាក់ កាលពីសប្ដាហ៍កន្លងទៅនេះ ក៏បានឡើងថ្លៃខ្ពស់ រហូតដល់១២១,៦៤ដុល្លារក្នុងមួយអោនស៍ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា។ ប៉ុន្ដែកាលពីថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ តម្លៃប្រាក់ បានធ្លាក់ចុះប្រហែល៤១ភាគរយ ដោយមានតម្លៃ៧២ដុល្លារក្នុងមួយអោនស៍។
ចុះហេតុអ្វីបានជាមាស-ប្រាក់ឡើងថ្លៃខ្លាំងភ្លាមៗបែបនេះ?
ការប្រែប្រួលតម្លៃមាស និង ប្រាក់ភ្លាមៗ បានកើតចេញពីការប្រកាសចំនួនពីរ ដែលធ្វើឲ្យទីផ្សារមាសប្រែប្រួល និងបង្កឱ្យមានការលក់ទាំងបង្ខំយ៉ាងច្រើន ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី៣០ ខែមករា បានតែងតាំងលោក ខេវីន វ៉ស (Kevin Warsh) ជាអគ្គទេសាភិបាលធនាគារកណ្ដាលសហរដ្ឋអាមេរិក (Federal Reserve)បន្ទាប់ ដែលនឹងចូលមកស្នងតំណែង បន្ដពីលោក ចេរ៉ូម ផៅវ៉ែល (Jerome Powell)។
បើតាមទំព័របណ្ដាញសង្គមហ្វេសប៊ុក «តាមដានហាងឆេងមាសប្រចាំថ្ងៃ» បានសរសេរបង្ហោះ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា មាស១គីឡូក្រាម មានតម្លៃ ១៥២ ០៥១ដុល្លារ, មាស១តម្លឹង មានតម្លៃ ៥៧០១ដុល្លារ, មាស១អោនស៍ មានតម្លៃ ៤៧៣២ដុល្លារ និង មាស១ជី មានតម្លៃ៥៧០ដុល្លារអាមេរិក៕ ប្រែសម្រួលដោយលោក ណុប ស៊ីនួន