ហុងគ្រី កំពុងតែស៊ូនឹងបម្រាមរបស់សហភាពអឺរ៉ុប ចំពោះការនាំចូលឧស្ម័នរបស់រុស្ស៊ី
ទីក្រុងប្រ៊ុសសែលស៍ (Brussels)៖ ប្រទេសហុងគ្រី កាលពីថ្ងៃចន្ទ បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងប៊ូដាប៉េស្ដ (Budapest) បានស្នើឱ្យតុលាការកំពូលរបស់សហភាពអឺរ៉ុប លុបចោលច្បាប់ថ្មីដែលហាមឃាត់នូវការនាំចូលឧស្ម័នរបស់រុស្ស៊ី មកកាន់ប្លុកនេះ ជាមួយនឹងការប្រឈមមុខតាមផ្លូវច្បាប់ នៅក្នុងរយៈពេលប៉ុន្មានម៉ោង នៃវិធានការនេះ បានចូលជាធរមាន។ នេះបើតាមបណ្ដាញទូរទស្សន៍របស់ឥណ្ឌា First Post បានផ្សាយ នៅថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក ផេធើរ ស៊ីចារតូ (Péter Szijjártó) រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានសរសេរសារបង្ហោះ នៅលើបណ្ដាញសង្គម X ថា៖«ថ្ងៃនេះ យើងមានចំណាត់ការតាមផ្លូវច្បាប់ នៅចំពោះមុខតុលាការយុត្តិធម៌អឺរ៉ុប ដើម្បីប្រឆាំងនឹងបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប ដែលហាមឃាត់នូវការនាំចូលថាមពលរបស់រុស្ស៊ី និង ស្នើសុំឲ្យលុបចោលនូវបម្រាមបែបនេះ។
បណ្ដារដ្ឋជាសមាជិករបស់សហភាពអឺរ៉ុប បានព្រមព្រៀងគ្នា លើការហាមប្រាមទាំងស្រុង ចំពោះការនាំចូលឧស្ម័នរបស់រុស្ស៊ី ចាប់តាំងពីចុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រដ្ឋាភិបាលក្រុងមូស្គូ ដែលកំពុងតែបន្ដ នៅលើទឹកដីរបស់អ៊ុយក្រែន។ ច្បាប់នេះ ត្រូវបានអនុម័តរួចហើយ ថ្វីបើមានការប្រឆាំងពីប្រទេសហុងគ្រី យ៉ាងណាក៏ដោយ។
ប្រមុខការទូតហុងគ្រី បានសង្កត់ធ្ងន់ ថា រដ្ឋាភិបាលក្រុងប៊ូដាប៉េស្ដ បានលើកអំពីទឡ្ហីករណ៍ចំនួន៣ នៅក្នុងការតវ៉ាប្រឆាំងនឹងបម្រាមរបស់អឺរ៉ុប រួមមាន៖
១-ការនាំចូលថាមពល អាចត្រូវបានហាមឃាត់ តាមរយៈការដាក់ទណ្ឌកម្ម ដែលទាមទារឱ្យមានការព្រមព្រៀងជាឯកច្ឆន្ទ ហើយបទប្បញ្ញត្តិនេះ ត្រូវបានអនុម័ត ក្រោមរូបភាពនៃវិធានការគោលនយោបាយពាណិជ្ជកម្ម។
២-សន្ធិសញ្ញាសហភាពអឺរ៉ុប បញ្ជាក់យ៉ាងច្បាស់ ថា រដ្ឋសមាជិកនីមួយៗ សម្រេចចិត្តជ្រើសរើសប្រភពថាមពល និងអ្នកផ្គត់ផ្គង់របស់ខ្លួន។
៣-គោលការណ៍នៃសាមគ្គីភាពលើថាមពល ទាមទារឱ្យមានសន្តិសុខ សម្រាប់ការផ្គត់ផ្គង់ថាមពលដល់រដ្ឋជាសមាជិកទាំងអស់។ ការសម្រេចចិត្តបែបនេះ បំពានលើគោលការណ៍នេះយ៉ាងច្បាស់លាស់ នៅក្នុងករណីរបស់ប្រទេសហុងគ្រី។
ស្របគ្នានេះដែរ ប្រទេសស្លូវ៉ាគី ក៏បានបញ្ជាក់ ថា រដ្ឋាភិបាលប្រាធីស្លាវ៉ា ( Bratislava) នឹងជំទាស់ចំពោះច្បាប់នេះ នៅក្នុងតុលាការកំពូលរបស់អឺរ៉ុប៕ ប្រែសម្រួលដោយលោក ណុប ស៊ីនួន