​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន អះអាងពីការ​​បណ្ដេញមេទ័ពកំពូល ជាការដកឧបសគ្គចេញពីវិស័យយោធា

រដ្ឋធានីប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រង ដោយរដ្ឋចិន បានផ្សាយ កាលពី​ថ្ងៃចន្ទ ថា ការស៊ើបអង្កេត ប្រឆាំងនឹងអំពើពុករលួយរបស់ប្រទេសចិន ទៅលើឧត្តមសេនីយ៍កំពូល​​ គឺលោក ហ្សា យូស៊ា (​Zhang Youxia) និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត នឹង​ដកចេញនូវឧបសគ្គនានា នៅក្នុងវិស័យយោធា និង ​ពង្រឹង​សមត្ថភាពកងទ័ពរបស់ប្រទេសមហាយក្សអាស៊ីមួយនេះ។​ នេះបើតាមគេហទំព័ររបស់ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សាយ នៅថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្រសួងការពារជាតិចិន បានបញ្ជាក់ កាលពីចុងខែមករា ថា ក្រសួងការពារជាតិចិន កំពុងតែស៊ើបអង្កេត ទៅលើលោកឧត្ដមសេនីយ៍ ហ្សាង អនុប្រធានគណៈកម្មការយោធាមជ្ឈិមដ៏មានអំណាច (CMC) ក៏ដូចជា លោកឧត្ដមសេនីយ៍ លីវ ហ្សេនលី (Liu Zhenli) ប្រធាននាយកដ្ឋានកងទ័ពចម្រុះរបស់ CMC ដែលត្រួតពិនិត្យលើផែនការប្រយុទ្ធ។​

លោកឧត្ដមសេនីយ៍ទាំង២នេះ ក្លាយជាមេទ័ពកំពូលចុងក្រោយបង្អស់ ត្រូវបានដាក់ឲ្យស្ថិតក្រោមការស៊ើបអង្កេត នៅក្នុងវិធានការ លុបបំបាត់អំពើពុករលួយនូវ​គ្រប់កម្រិតរបស់​បក្សកុម្មុយនិស្តចិន និងរដ្ឋ ចាប់តាំងពីលោកប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping) ឡើងកាន់អំណាច អស់រយៈពេលជាងមួយទសវត្សរ៍​កន្លងមកនេះ។​

ទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិចិន មិនបានបញ្ជាក់ អំពីភស្ដុតាងជាប់ពាក់ព័ន្ធនឹងលោកឧត្ដមសេនីយ៍ ហ្សា និង លោកឧត្ដមសេនីយ៍ លីវ ត្រូវបានបើកចំហនោះឡើយ។ ប៉ុន្ដែក្រសួងការពារជាតិចិន គ្រាន់តែបានបញ្ជាក់ ថា ​ការស៊ើបអង្កេត និងការដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងឧត្ដមសេនីយ៍កំពូលទាំង២នេះ នឹងលុបបំបាត់នូវឧបសគ្គនានាដល់វិស័យយោធា ហើយបង្កើនសមត្ថភាពប្រយុទ្ធរបស់​កងទ័ព។​

ក្រុមអ្នក​គាំទ្រ បានលើកឡើង ​​ថា ការ​បោស​សម្អាត​អំពើ​ពុក​រលួយ​របស់​ប្រទេស​ចិន នឹងជួយ​លើក​កម្ពស់​អភិបាលកិច្ចល្អ ​ស្អាតស្អំ។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត បាន​និយាយ​ ថា វិធានការបែបនេះ ​ក៏​ជា​ឧបករណ៍​ សម្រាប់​លោកប្រធានាធិបតី​ ស៊ី ជិនពីង ​​បណ្តេញ​គូប្រជែង​នយោបាយដ៏សំខាន់របស់ខ្លួនផងដែរ។​

បើគិតចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០២៦នេះ ឧត្ដមសេនីយ៍ នៃកងទ័ពរំដោះប្រជាជនចិន យ៉ាងតិច ចំនួន១៧នាក់ ត្រូវបានបណ្ដេញចេញពីតំណែងរបស់ពួកគេ។ នៅក្នុងចំណោមឧត្ដមសេនីយ៍ទាំងនោះ ក៏មានឧត្ដមសេនីយ៍ចំនួន៨នាក់ ជាអតីតសមាជិកកំពូល នៃគណៈកម្មការយោធាមជ្ឈិម។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់សហរដ្ឋអាមេរិក AP បានដកស្រង់ប្រភពពីបណ្ដាញផ្សព្វផ្សាយ គ្រប់គ្រងរដ្ឋចិន យកមកចុះផ្សាយ។

ប្រទេសមហាយក្សចិន កាលពីឆ្នាំ២០២៣ ក៏ធ្លាប់​បណ្ដេញលោកឧត្ដមសេនីយ៍ វេ ហ្វេងហេ (Wei Fenghe) រដ្ឋមន្រ្ដីក្រសួងការពារជាតិ ចេញពីតំណែងរបស់គាត់ តែក្រោយមក ក៏មានព័ត៌មានលេចឮមក ថា គាត់ត្រូវបានដាក់ឲ្យចូលនិវត្ដន៍។ បន្ទាប់មក ចិន ក៏បានតែងតាំងលោកឧត្ដមសេនីយ៍ លី សាងហ៊្វូ (Li Shangfu) ឲ្យធ្វើជារដ្ឋមន្រ្ដីក្រសួងការពារជាតិ តែគាត់បានកាន់តំណែងជាប្រមុខការពារជាតិចិន មិនបានប៉ុន្មានផង ក៏ត្រូវបណ្ដេញចេញពីតំណែងបន្ដទៀត នាឆ្នាំ២០២៤ ចំពេលមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាកោះតៃវ៉ាន់។ ការបណ្ដេញរដ្ឋមន្រ្ដីក្រសួងការពារជាតិ កាលពីពេលនោះ ក៏មិនខុសពីករណីបណ្ដេញមេទ័ពកំពូលៗរបស់ចិន នាពេលនេះប៉ុន្មាននោះឡើយ៕ ប្រែសម្រួលដោយលោក ណុប ស៊ីនួន

អត្ថបទដែលជាប់ទាក់ទង