​គណបក្សភឿថៃ និង​ត្រកូលស៊ីណាវ៉ាត្រា ប្រឈម​នឹងការ​សាកល្បងដណ្ដើម​ជ័យជម្នះជាថ្មីនៅថៃ

រាជធានីបាងកក៖ អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍កន្លង​មក​នេះ ​​គ្រួសារ​ត្រកូល ស៊ីណាវ៉ាត្រា​ បាន​កំណត់​នយោបាយ​បោះ​ឆ្នោត នៅក្នុងប្រទេស​ថៃ ហើយថា តើ​គណបក្ស​ភឿ​ថៃ​របស់​ពួកគេ ​នឹង​បន្ត​រក្សា​ប្រជាប្រិយបែបនេះដែរឬទេ ខណៈ​ប្រជាជនថៃ នឹងទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ខាងមុខនេះ។​

បណ្ដាញទូរទស្សន៍របស់សិង្ហបុរី CNA បានផ្សាយ នៅថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានជាប់ឆ្នោត ក្លាយជានាយករដ្ឋមន្ត្រីថៃ នៅដើមទសវត្សរ៍ ឆ្នាំ២000។ មេដឹកនាំដ៏មានប្រជាប្រិយភាពរបស់ប្រទេសថៃ រូបនេះ ​បានទទួលការគាំទ្រយ៉ាងខ្លាំង ពីអ្នកបោះឆ្នោត នៅតាមជនបទ និងក្រុមកម្មករ​។

ទោះជាយ៉ាងណាក៏ដោយ ឥស្សរជននយោបាយដ៏មានប្រជាប្រិយភាព មកពីត្រកូល ស៊ីណាវ៉ាត្រា ត្រូវបាន​គេបណ្ដេញចេញពីអំណាច ជាបន្ដបន្ទាប់ រួមមាន៖ ១-លោក ថាក់ស៊ីន បានកាន់អំណាច ចន្លោះពីឆ្នាំ២០០១ដល់២០០៦, ២-លោកស្រី យីងឡាក់ ប្អូនស្រីរបស់លោក ថាក់ស៊ីន បានកាន់អំណាចចន្លោះពីឆ្នាំ២០១១ដល់២០១៤ ​និង ៣-លោកស្រី ផេថុងថាន កូនស្រីរបស់លោក ថាក់ស៊ីន បានកាន់អំណាចមួយរយៈខ្លី ក៏ត្រូវបានតុលាការដកហូតអំណាច។​​

ដោយឡែក ក្រុមអ្នកជំនាញ​នយោបាយ បានប្រាប់ CNA ថា ការបោះឆ្នោត នាពេលខាងមុខ នឹងក្លាយជាការសាកល្បង ថាតើត្រកូល​ ស៊ីណាវ៉ាត្រា នឹងនៅតែអាចដណ្ដើមអំណាចបាន នៅក្នុងប្រទេសថៃ នាពេលបច្ចុប្បន្ន​ដែរឬអត់?

លោក ណាពង់ ចាទូស្រ៊ីភីតាក់ (Napon Jatusripitak) អ្នកសម្របសម្រួលកម្មវិធីសិក្សារបស់ប្រទេសថៃ នៅវិទ្យាស្ថានអ៊ីស៊ាស-យូសូហ្វ អ៊ីសាក់ (​ISEAS-Yusof Ishak) មានមូលដ្ឋាននៅ​ប្រទេសសិង្ហបុរី បានបញ្ជាក់ ​​ថា ការរះឡើង​នៅក្នុងឆាកនយោបាយរបស់លោក ថាក់ស៊ីន  បានធ្វើឱ្យអ្នកបោះឆ្នោតមួយជំនាន់ៗ ​មានអារម្មណ៍​ជាលើកដំបូង ថា នយោបាយ នឹងវិវឌ្ឍទៅមុខ​​ សម្រាប់ពួកគេ។ ​នេះ​ជាការផ្លាស់ប្តូរដ៏ធំដំបូងបង្អស់ នៅក្នុងទិដ្ឋភាពនយោបាយរបស់ថៃ ហើយវាបានធ្វើឲ្យមានភាពល្អប្រសើរឡើង​នូវស្ថានភាពរស់នៅមួយផ្នែកធំរបស់ប្រជាជនថៃ ជាពិសេស អ្នកស្ថិត​ក្នុងវណ្ណៈកម្មករ និងសហគមន៍ជនបទ។​

​ត្រកូល ស៊ីណាវ៉ាត្រា​ បាន​កំណត់​នយោបាយ​បោះ​ឆ្នោត​ថៃ ​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍កន្លង​មកហើយ ដោយបានកៀរគរ​អ្នក​បោះឆ្នោត​ នៅ​តាម​ជនបទ កែប្រែ​ការ​រំពឹង​ទុក ​អំពី​សុខុមាលភាព និង​បង្ក​ការ​តស៊ូ​យ៉ាង​ខ្លាំង ​ពី​ឥស្សរជន​អភិរក្សនិយម៕​​

អត្ថបទដែលជាប់ទាក់ទង