​ក្រឹត្យថ្មី​​ផ្ដោតលើសុវត្ថិភាពម្ហូបអាហារ នៅវៀតណាម បង្កការកកស្ទះទំនិញនៅតាមព្រំដែន

រដ្ឋធានីហាណូយ៖ រហូតមកដល់ពេលនេះ វៀតណាម បានចេញច្បាប់ថ្មីមួយ សម្រាប់​បង្កើនកម្រិតសុវត្ថិភាពចំណីអាហារ ប៉ុន្ដែនៅពេល​ការអនុវត្ដបានចាប់ផ្ដើមឡើង ធ្វើឲ្យកកស្ទះទំនិញកសិកម្មនាំចូល រហូតដល់​៣០០ ០០០តោន ​នៅទូទាំងប្រទេស។​

បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាម បានរាយការណ៍ ថា ក្រសួងកសិកម្មវៀតណាម ​បានបញ្ជាក់ នៅក្នុងរបាយការណ៍ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ជូន​​នាយករដ្ឋមន្ត្រី លោកផាម​ មិញ ឈិញ ថា​ ក្រឹត្យលេខ 46/2026/NĐ-CP ដែលបានចូលជាធរមាន កាលពី​ថ្ងៃទី២៦ ខែមករា បាន​​អនុវត្តយ៉ាងឆាប់រហ័ស​។ ប៉ុន្ដែការអនុវត្ដច្បាប់នេះ បាន​ធ្វើឱ្យ​​ទំនិញនាំចូល នៅតាមកន្លែង​ត្រួតពិនិត្យ ទាំងផ្លូក​គោក ផ្លូវសមុទ្រ និង ផ្លូវអាកាស មានការកកស្ទះយ៉ាងខ្លាំង ហើយ​​ភាគច្រើន ​ជាបន្លែ ផ្លែឈើ អង្ករ ដំឡូងមី និងម្ហូបអាហារកែច្នៃ។

​ប្រទេសវៀតណាម​ បានចេញច្បាប់ថ្មី​ ជាមួយនឹង​ការ​​រឹតបន្តឹង លើការគ្រប់គ្រង​ចំណីអាហារប្រកបដោយសុវត្ថិភាព បន្ទាប់ពីអាជ្ញាធរបានរកឃើញ​ អំពីផលប៉ះពាល់ដល់​​សុវត្ថិភាពចំណីអាហារ កាលពីពេលថ្មីៗនេះ។ ទន្ទឹមគ្នានេះ អាជ្ញាធរ​​បាន​ព្រមាន ថា ក្រឹត្យថ្មីនេះ​នឹងមានផលប៉ះពាល់​ផងដែរ។

ក្រោមច្បាប់ថ្មី ការដឹកជញ្ជូនចំណីអាហារនាំចូលភាគច្រើន ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យឯកសារ ការត្រួតពិនិត្យរូបវន្ត និងការធ្វើតេស្តនៅតាមមន្ទីរពិសោធន៍ មុនពេលឆ្លងកាត់គយ។ ជា លទ្ធផល នៃការធ្វើតេស្តនេះ នឹងត្រូវ​ចំណាយពេល ចន្លោះពី៥-៧ ថ្ងៃ។ ប៉ុន្តែច្រកព្រំដែន ភាគច្រើន ជាពិសេស ច្រកឆ្លងកាត់តាមផ្លូវ​គោក មិនមានមន្ទីរពិសោធន៍នៅនឹងកន្លែង​ ដែលធ្វើឱ្យដំណើរការត្រួតពិនិត្យមានការយឺតយ៉ាវយ៉ាងខ្លាំង។

សកម្មភាពបែបនេះ កំពុងតែបង្កើតឲ្យមានភាពស្មុគស្មាញ​កាន់តែខ្លាំងឡើង​បន្ថែមទៀត។ ទន្ទឹមគ្នានេះ​ សមត្ថកិច្ចជំនាញ​​អធិការកិច្ច ក៏ខ្វះការណែនាំឲ្យបានច្បាស់លាស់ អំពីសូចនាករសុវត្ថិភាពណាដែលត្រូវធ្វើតេស្ត ខណៈ​តម្រូវការថ្មី សម្រា​ប់អ្នកនាំចូលផលិតផលស្រស់ៗ​ដាក់ស្នើឯកសារ«ស្តង់ដារផលិតផល» នៅកកស្ទះ ​ដោយសារតែ​គ្មាន​គំរូផ្លូវការ។

ដោយឡែក ក្រសួងកសិកម្មវៀតណាម បានបញ្ជាក់ ​ថា ក្រសួង​ ​បានធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារ​ស្ដុកទំនិញ​ ដើម្បីបន្ធូរបន្ថយនូវការកកស្ទះនេះ។ ប៉ុន្ដែទំនិញដែលបានកកស្ទះ កាលពី​ថ្ងៃទី ៣១ ខែមករា ​​បានដោះស្រាយរួចរាល់ហើយ។ ប៉ុន្ដែ​ក្រសួងកសិកម្មវៀតណាម ក៏បានព្រមាន ថា បញ្ហាកកស្ទះទំនិញបែបនេះ អាចនឹងកើតឡើងសាជាថ្មី​ ​បើគ្មានដំណោះស្រាយ​បន្ទាន់។

ទន្ទឹមគ្នានេះ ក្រសួងកសិកម្មវៀតណាម បាន​​អំពាវនាវឱ្យរដ្ឋាភិបាល កែសម្រួល​ក្រឹត្យលេខ ៤៦ជាបន្ទាន់ និងចេញការណែនាំជាបណ្តោះអាសន្ន សម្រាប់ធ្វើឲ្យការអនុវត្តច្បាប់ អាចដំណើរការទៅបាន។ មួយវិញទៀត ការ​ពិចារណា គួរតែធ្វើវិមជ្ឈការការត្រួតពិនិត្យ ទៅកាន់អាជ្ញាធរខេត្ត សម្រាប់ការដោះស្រាយ តាមស្ថានភាពដែលអាចបត់បែនបាន​៕

អត្ថបទដែលជាប់ទាក់ទង