ចិន ផ្ទុះកំហឹងចំពោះការប្រគល់ពានរង្វាន់ ប្រគេនសម្ដេចសង្ឃទីបេត៍
រដ្ឋធានីប៉េកាំង៖ រដ្ឋាភិបាលក្រុងប៉េកាំង កាលពីថ្ងៃចន្ទ បានរិះគន់ចំពោះការឈ្នះពានរង្វាន់ Grammy លើកដំបូងរបស់សម្តេចសង្ឃទីបេត៍ ដាឡៃ ឡាម៉ា (Dalai Lama) ដោយបានពណ៌នាអំពីពានរង្វាន់នេះ ថា ជាឧបករណ៍ សម្រាប់ឧបាយកលនយោបាយ ប្រឆាំងនឹងប្រទេសចិន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP បានចេញផ្សាយ នៅថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។
មេដឹកនាំខាងស្មារតីពុទ្ធសាសនាទីបេត៍ ដែលកំពុងតែគង់និរទេសខ្លួន នៅក្នុងប្រទេសឥណ្ឌា បានទទួលពានរង្វាន់នេះ កាលពីថ្ងៃអាទិត្យ សម្រាប់សៀវភៅរបស់ព្រះអង្គ ដែលមានចំណងជើង ថា« សមាធិ ជាការឆ្លុះបញ្ចាំង អំពីភាពបរិសុទ្ធរបស់ទ្រង់ ដាឡៃ ឡាម៉ា»។
សម្ដេចសង្ឃ ដាឡៃ ឡាម៉ា បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ព្រះអង្គ ថា៖«ព្រះអង្គបានឃើញពានរង្វាន់នេះ ជាការទទួលស្គាល់ពីការទទួលខុសត្រូវជាសកលរបស់យើង។ អត្មាទទួលបាននូវការទទួលស្គាល់បែបនេះ ដោយការដឹងគុណ និងការបន្ទាបខ្លួន»។
ដោយឡែក អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បានបញ្ជាក់ ថាថា៖«គេដឹងយ៉ាងច្បាស់ ថា សម្តេចសង្ឃ ដាឡៃ ឡាម៉ាទី១៤ មិនមែនគ្រាន់តែជាឥស្សរជនសាសនាប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គ ជាអ្នកនិរទេសនយោបាយ ដែលចូលរួម នៅក្នុងសកម្មភាពផ្តាច់ខ្លួន ប្រឆាំងនឹងចិន ក្រោមរូបភាពសាសនា។ យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះភាគីពាក់ព័ន្ធដែលប្រើពានរង្វាន់នេះ ជាឧបករណ៍សម្រាប់ឧបាយកលនយោបាយ ប្រឆាំងនឹងចិន»៕