អង្គការស៊ីម៉ាក់ បញ្ជូនសុនខហិតគ្រាប់ ទៅកាន់ប្រទេសបូស្នៀ

រាជធានីភ្នំពេញ៖ សុនខរបស់អង្គការមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជួយបោសសម្អាតគ្រាប់មីន ឬកាកសំណល់មិនទាន់ផ្ទុះដែលបានបន្សល់ទុកពីសម័យសង្គ្រាម នៅលើទឹកដីកម្ពុជា ប៉ុន្ដែឥឡូវអង្គការស៊ីម៉ាក់ បានបញ្ជូនសត្វឆ្កែប្រភេទនេះ ទៅកាន់ប្រទេសបូស្នៀ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់«ស៊ីម៉ាក់» បានសរសេរសារបង្ហោះ នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ថា ថ្ងៃទី២​ ខែកុម្ភៈ​ ឆ្នាំ២០២៦នេះ​ សុនខ (ឆ្កែ)របស់អង្គភាព CMAC បានធ្វើអន្តោប្រវេសន៍​ទៅរស់នៅ និងធ្វើការងារ នៅប្រទេសបូស្នៀ។  CMAC ធ្លាប់តែទិញសុនខ ពីបូស្នៀ ​សម្រាប់បម្រើការងារ នៅកម្ពុជា​។ ឥឡូវនេះ អង្គការជាដៃគូ NPA (ជំនួយប្រជាជនន័រវ៉ែស) ដែលបានសហការជាមួយអង្គភាព CMAC ចាប់តាំងពីឆ្នាំ១៩៩២-៩៣​​ បានទិញ​សុនខទាំង២ ទៅបូស្នៀវិញម្តង!។

លោកអគ្គនាយកស៊ីម៉ាក់ បានបន្ដ ថា៖ សកម្មភាពទាំងនេះ ​ជាការពង្រឹងភាពម្ចាស់ការលើវាសនារបស់យើង​។​ ​អ្នកខ្លះអាចយល់ ថា វាមិនមែនជាសមិទ្ធផលធំដុំអ្វីនោះទេ​ ប៉ុន្តែយើងបានយល់ច្បាស់ និងមានមោទនភាព ហើយវាជាមេរៀនជាក់ស្តែង ក្នុងការចូលរួមចំណែកលើមូលដ្ឋាននូវការពង្រឹងស្មារតី និងគោលដៅភាពជាម្ចាស់​ការរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង