ក្រសួងវប្បធម៌កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការ ប្រឆាំងនឹងសកម្មភាពរបស់ថៃ នៅតំបន់ប្រាសាទមាន់-តាក្របី

រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីការតវ៉ាយ៉ាងដាច់អហង្ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ក្រសួងវប្បធម៌ នៃព្រះរាជាណាចក្រថៃ ពាក់ព័ន្ធនឹងសកម្មភាព​​នានា ដែលអាជ្ញាធរថៃ បានអនុវត្ត នៅតាមតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់សា​​ជាថ្មីឡើងវិញ ថា ទីតាំងប្រាសាទទាំងពីរ ស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ទាំងស្រុង ដូចដែលបានកំណត់យ៉ាងច្បាស់ ដោយសន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងផែនទី ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ និង នៅតែមានសុពលភាព ស្របតាមច្បាប់អន្តរជាតិ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍ នៃការខូចខាតធ្ងន់ធ្ងរ និងការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង នៃប្រាសាទតាក្របី ដែលជាទីកន្លែងសក្ការៈ និងជាបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏សំខាន់ ដែលត្រូវបានថែរក្សា អស់រយៈពេលរាប់សតវត្សរ៍ មានតម្លៃវប្បធម៌ និងជាដួងព្រលឹងរបស់ប្រជាជនខ្មែរ។

កម្ពុជា មិនអាចទទួលយកបានចំពោះ​​៖

-ការប្រើប្រាស់កម្លាំងណាមួយ ប្រឆាំងទៅលើតំបន់វប្បធម៌ និងបុរាណវិទ្យា

-សកម្មភាពស្តារឡើងវិញ អភិរក្ស ចុះបញ្ជី ឬសាងសង់ណាមួយ ដែលអនុវត្តដោយឯកតោភាគី ដោយគ្មានការយល់ព្រមពីភាគីកម្ពុជា ឬ

-សកម្មភាពណាមួយដែលប៉ះពាល់ ឬបំផ្លាញស្ថានភាពផ្លូវច្បាប់ ប្រវត្តិសាស្ត្រ និងវប្បធម៌នៃតំបន់ទាំងនេះ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របីដោយគោរពអធិបតេយ្យភាពរបស់កម្ពុជា និងដោះស្រាយបញ្ហាពាក់ព័ន្ធទាំងអស់ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តការប្តេជ្ញាចិត្តក្នុងការការពារ និងថែរក្សាបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ភាពស្របច្បាប់និងគោលការណ៍ដែលត្រូវបានគាំទ្រដោយអង្គការអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង