តើប្រទេសណា មានតម្រូវការមាសច្រើនជាងគេ នៅប្លុកអាស៊ាន?
រដ្ឋធានីហាណូយ៖ បើតាមក្រុមប្រឹក្សាមាសពិភពលោក បានឲ្យដឹង ថា ថៃ ជាប្រទេសដែលមានតម្រូវការដុំមាសច្រើនជាងគេបំផុត នៅក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ ឬអាស៊ាន ជាមួយនឹងកំណត់ត្រា កាលពីឆ្នាំ២០២៥ ដោយបានទិញដុំមាសសរុប ៥១,៤តោន ឬប្រហែលនឹង៣៦ភាគរយ នៃតម្រូវការមាសសរុបក្នុងប្លុកនេះ។ នេះបើតាមសារព័ត៌មានវៀតណាម E Vn Express បានចេញផ្សាយ នៅថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។
តួលេខនេះ ជាចំនួនដ៏ខ្ពស់បំផុត នៅក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ ហើយវាមានតម្លៃ រហូតដល់ជាង៦ពាន់លានដុល្លារអាមេរិក។ ប្រទេសថៃ បាននាំមុខវៀតណាម ដែលជាទីផ្សារដ៏ធំជាងគេ នៅក្នុងតំបន់ កាលពីឆ្នាំ២០២៤ ជាមួយនឹងតម្រូវការមាស ចំនួន៤២,១តោន។
សរុបមកវិញ ទីផ្សារមាសធំៗ នៅតំបន់អាស៊ីអាគ្នេយ៍ ចំនួនប្រាំ ត្រូវបានគេឃើញនូវការទិញដុំ និងកាក់មាស កើនឡើងជាង១៥ភាគរយ កាលពីឆ្នាំ២០២៥ រហូតដល់ចំនួនសរុប១៣៩តោន ដែលជាតួលេខដ៏ខ្ពស់បំផុត នៅក្នុងរយៈពេល៩ឆ្នាំកន្លងមកនេះ។ ប្រទេសវៀតណាម បានជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹងការទិញដុំមាសចំនួន ៣៦,១ តោន។ ប៉ុន្តែវៀតណាម ក៏ជាប្រទេសតែមួយគត់ ដែលបានប្រកាសពីការថយចុះ នៃការលក់មាស រហូតដល់១៤ភាគរយ។
ការជួញដូរមាសរបស់ប្រទេសវៀតណាម បានចុះកិច្ចព្រមព្រៀងជាប់ៗគ្នា នៅក្នុងត្រីមាសចុងក្រោយ នៃឆ្នាំ២០២៥ ដោយបានធ្លាក់ចុះ ដល់កម្រិតទាបបំផុត នៅក្នុងរយៈពេលជិត៥ឆ្នាំកន្លងមកនេះ។ កង្វះការផ្គត់ផ្គង់ ត្រូវបានលើកឡើង ថា វាជាកត្តាដ៏សំខាន់ នៅពីក្រោយការថយចុះនៃការលក់មាសនេះ។
ការខ្វះខាតដុំមាស និង ការកើនឡើង នៃតម្រូវការចិញ្ចៀនមាស បានជំរុញឱ្យតម្លៃកើនឡើងយ៉ាងខ្លាំង ដោយពង្រីកគម្លាត ជាមួយនឹងអត្រាមាសរបស់ពិភពលោក។ នៅប្រទេសវៀតណាម តម្លៃមាស បានកើនឡើងចំនួន៨១ភាគរយ កាលពីឆ្នាំ២០២៥ និង កើនឡើង១៣,៥ភាគរយ រហូតមកដល់ឆ្នាំ២០២៦។
បើនិយាយជារួមមកវិញ ប្រទេសថៃ និង វៀតណាម នៅតែមានតម្រូវការមាសច្រើនជាងគេក្នុងតំបន់ ឬស្មើនឹង២ភាគ៣ នៃប្រទេសអាស៊ានទាំង១១។ ទន្ទឹមគ្នានេះដែរ ឥណ្ឌូណេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុត និង មានចំនួនពលរដ្ឋច្រើនជាងគេបំផុត នៅក្នុងប្លុកអាស៊ាន មានតម្រូវការមាសច្រើន លំដាប់លេខ៣ ជាមួយនឹងការលក់មាស ចំនួន៣១,៦តោន គឺកើនឡើងចំនួន២៩ភាគរយ។ នេះជាតួលេខដ៏ខ្ពស់បំផុត នៅក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ។
ស្របគ្នានេះដែរ ម៉ាឡេស៊ី បានឈរក្នុងលំដាប់លេខ៤ ដោយមានតម្រូវការមាស ចំនួន១០,៣តោន គឺកើនឡើង ចំនួន៣៧ភាគរយ ដែលជាការកើនឡើងខ្ពស់ នៅក្នុងរយៈពេល១២ឆ្នាំដូចគ្នានេះដែរ។ ប្រទេសសិង្ហបុរី បានឈរក្នុងលំដាប់លេខ៥ ជាមួយនឹងការកើនឡើងដ៏ធំបំផុតក្នុងតំបន់ចំនួន៤៨ភាគរយ ជាមួយនឹងការលក់មាស ចំនួន៩,៦តោន។
តម្រូវការមាសរបស់ពិភពលោក សម្រាប់មាសដុំ និង កាក់មាស សរុប ១ ៣៧៤តោន ឬស្មើនឹង១៥៤ពាន់លានដុល្លារ ដោយក្នុងនោះប្រទេសចិន និង ឥណ្ឌា នៅតែជាទីផ្សារធំបំផុតទាំង២។ តម្រូវការនៅក្នុងប្រទេសចិន សម្រាប់ដុំមាស និងកាក់មាស បានកើនឡើង២៨ភាគរយ ក្នុងឆ្នាំ២០២៥ បើធៀបនឹងឆ្នាំ២០២៤ ខណៈប្រទេសឥណ្ឌា ត្រូវបានកត់ត្រា ពីការកើនឡើង១៧ភាគរយ នៅក្នុងរយៈពេលដូចគ្នានេះ។ ជាមួយគ្នានេះ ប្រទេសទាំងពីរ មានចំនួនមាសច្រើនជាងពាក់កណ្តាល នៃតម្រូវការដុំមាស និងកាក់មាស សរុបរបស់ពិភពលោក៕ ប្រែសម្រួល ដោយលោក ណុប ស៊ីនួន